លោក ញឹក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ដែលមានកំណើតនៅឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺអតីតមេទ័ពកំពូលម្នាក់។ យោងតាមឯកសារ នៅឆ្នាំ១៩៧៦ លោកធ្លាប់ជាប់គុកនៅបន្ទាយទាហានអារញ្ញប្រថេតប្រទេសថៃ រយៈពេល៤ខែ។
នៅពេលមានព្រឹត្តិការណ៍ផ្ទុះអាវុធនៅភ្នំពេញ ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ លោក ញឹក ប៊ុនឆៃ បានធ្វើដំណើរដោយថ្មើរជើងរយៈពេលមួយខែទើបទៅដល់មូលដ្ឋានអូស្មាច់។
តាំងពីពេលនោះ រហូតដល់ពេលបោះឆ្នោតសកល ឆ្នាំ១៩៩៨ លោក ញឹក ប៊ុនឆៃ ជាមេចលនាតស៊ូនៅតំបន់ជាប់ព្រំដែនថៃ។ ប៉ុន្តែនៅដើមឆ្នាំ ១៩៩៩ លោក ញឹក ប៊ុនឆៃ បានត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ព្រមទាំងទទួលបានការតែងតាំងជាអនុប្រធានទី២នៃព្រឺទ្ធសភា។
ក្រោយការបោះឆ្នោតសកលឆ្នាំ២០០៣ នៅគ្រាដែលជាប់គាំងខាងនយោបាយ លោក ញឹក ប៊ុនឆៃ គឺជាអ្នកបានចូលរួមដោះស្រាយវិបត្តិនេះ រហូតបានសម្រេចរៀបចំរាជរដ្ឋាភិបាលចំរុះទ្វេភាគី គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច។
នៅថ្ងៃទី១៣ ខែកក្កដា ២០០៤ លោក ញឹក ប៊ុនឆៃ ក្នុងនាមជាប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដ៏ចម្រោងចម្រាស់ ខណៈដែលសម្តេចឪ នរោត្តម សីហនុ យាងចេញទៅចិន ហើយលោក ជា ស៊ីម ក្នុងនាមប្រមុខរដ្ឋស្តីទីក៏បានចេញទៅថៃទៀត ដែលអ្នកវិភាគយល់ថាដើម្បីគេចចេញពីការចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម។
ក្រោយពេលចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម លោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំង ជាឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រី ក្រសួងការពារជាតិ ហើយត្រូវបានតម្លើងឋានន្តរៈសក្តិ ជានាយឧត្តមសេនីយ៍ផ្កាយមាស៤។
លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០០៦ លោក ញឹក ប៊ុនឆៃ បានដឹកនាំ ធ្វើការកំណែទំរង់ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលសម្តេចក្រុមព្រះចាត់ទុកថាជាការធ្វើបក្សប្រហារទម្លាក់ទ្រង់ពីព្រះប្រធានបក្ស ហើយ លោក ញឹក ប៊ុនឆៃ បានកាន់កាប់តំណែងជាអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច។
តាំងពីពេលនោះមកគណបក្សរាជានិយមមួយនេះ បានចែកចានចែកឆ្នាំងគ្នាជាពីរបក្ស ដោយមួយក្រុមនៅបន្តគាំទ្រលោក ញឹក ប៊ុនឆៃ និងមួយក្រុមទៀតដង្ហែតាមសម្តេចក្រុមព្រះទៅបង្កើតគណបក្សមួយដាក់ឈ្មោះទ្រង់ផ្ទាល់គឺគណបក្ស នរោត្តម រណឬទ្ធិ។
លទ្ធផលនៃការបែកបាក់ជាពីរនេះ បានធ្វើឲ្យគណបក្សដែលត្រូវបានបង្កើតឡើងដោយសម្តេចព្រះនរោត្តម សីហនុ នោះនៅសល់តែម្នាក់ពីរកៅអីនៅក្នុងរដ្ឋសភា ក្រោយពេលបោះឆ្នោតឆ្នាំ២០០៨ ហើយមកនៅសល់សូន្យកៅអីនៅឆ្នាំ២០១៣។
មកដល់ពេលនេះ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់សម្តេចក្រុមព្រះវិញ ហើយលោក ញឹក ប៊ុនឆៃ ក៏ទៅបង្កើតគណបក្សថ្មីមួយទៀត ដាក់ឈ្មោះថា គណបក្សខ្មែររួបរួមជាតិ។
លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបានមេឃុំ១ ហើយមានអសនៈក្រុមប្រឹក្សាសរុប២៤។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ មិនទទួលបានមេឃុំឬចៅសង្កាត់ទេ តែបានអសនៈក្រុមប្រឹក្សាសរុប២៨។
នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៧ ពោលគឺមុនបោះឆ្នោតមួយថ្ងៃ លោក ញឹក ប៊ុនឆៃ បានទូរសព្ទទៅលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ។ នេះជាការអះអាងរបស់ លោក អេង ឆៃអ៊ាង។
នៅក្នុងកិច្ចសន្ទនាដែលត្រូវបានគេផ្សព្វផ្សាយគឺ «លោក ញឹក ប៊ុនឆៃ បានឲ្យអ្នកគាំទ្រលោកនៅខេត្តកំពង់ធំបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ»។ ក្រោយមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានទួលព្រះមហាក្សត្រឲ្យដកតំណែងលោក ញឹក ប៊ុនឆៃ ចេញពីទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី។ ប៉ុន្តែលោក ញឹក ប៊ុនឆៃ បានធ្វើសន្និសីទបកស្រាយថាលោកទូរសព្ទច្រឡំលេខទៅកាន់លោក អេង ឆៃអ៊ាង។
នៅថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្រោមបទចោទថា ពាក់ព័ន្ធនឹងគ្រឿងញៀនតាំងពីឆ្នាំ២០១២។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា លើកឡើងពីហេតុផលពីរយ៉ាងដែលឈានទៅដល់ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ។ លោកវិភាគថា «ទិដ្ឋភាពទី១ យើងក៏ធ្លាប់[ ឃើញ] មានការ លើកឡើងតាំងពីយូរណាស់ហើយករណីគ្រឿងញៀន កាលដែលលោកនៅជាគណបក្សហ្វ៊ុនស៊ិនប៉ិច។ វាអាចពាក់ព័ន្ធគ្រឿងញៀនមែន។ ប៉ុន្តែគ្រាន់តែពាក់ព័ន្ធក្នុងកំរិតណាមួយ ខ្ញុំមិនច្បាស់ទេ។ ចំណុចទី២ ខ្ញុំគិតថាវាពាក់ព័ន្ធរឿងនយោបាយជាពិសេសដំណាក់កាលចុងក្រោយដែលលោក ញឹក ប៊ុនឆៃ ទូរសព្ទទៅអនុប្រធានគណបក្សសង្រ្គោះជាតិ»។
លោក សូ ចន្ថា យល់ថា ចំណាត់ការទៅលើលោក ញឹក ប៊ុនឆៃ បានឆ្លុះបញ្ចាំងឲ្យឃើញថា ការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដាពីរ ដោយថា នៅពេលអតីតឧបនាយករដ្ឋមន្រ្តីរូបនេះស្មោះត្រង់នឹងរដ្ឋាភិបាល គឺមិនត្រូវបានស៊ើបអង្កេតរឿងគ្រឿងញៀនទេ ប៉ុន្តែនៅពេលដឹងថា អតីតមេទ័ពរូបនេះចង់ងាកចេញពីរដ្ឋាភិបាលគឺចាត់ការឲ្យបានមុនតែម្តង។
លោក ចន្ថា វិភាគថា ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ នៅមុនពេលបោះឆ្នោតមកដល់នេះគឺជាសញ្ញាព្រមានទៅអ្នកគាំទ្រគណបក្សកាន់អំណាច កុំឲ្យងាកទៅគាំទ្រគណបក្សប្រឆាំង។ លោកយល់ថា «ខ្ញុំមើលទៅ[គំរាមទាំងសមាជិក]គណបក្សកាន់អំណាចនិងបក្សដែលជាដៃគូររដ្ឋាភិបាលផង។ បើយោងទៅលើលទ្ធផលបោះឆ្នោតយើងឃើញថាសំឡេងអ្នកគាំទ្របក្សអំណាចហាក់ដូចជាធ្លាក់ចុះ។ មូលហេតុមានច្រើន ប៉ុន្តែមូលហេតុដែលសំខាន់ គឺសមាជិករបស់ខ្លួនហ្នឹងមិនបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួននោះទេ»។
លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយមួយរូបទៀតវិភាគថា ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ជារឿងនយោបាយដោយផ្អែកលើការផ្តាច់សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយប្រកាសទៅធ្វើសមាជនៅពេលខាងមុខ ដែលគេរំពឹងថាអាចនឹងទៅរួបរួមជាមួយគណបក្សប្រឆាំង។ ប៉ុន្តែលោកយល់ថា ចំណាត់ការនេះមិនអាចទប់ស្កាត់ចរន្តចាកចេញរបស់អ្នកគាំទ្រផ្សេងទៀតបានឡើយ។
លោកយល់ថា «ចរន្តនេះពិបាកទប់ស្កាត់មិនឲ្យងាកចេញណាស់។ ពលរដ្ឋឬអ្នកនយោបាយអាចមានសិទ្ធិងាករកបក្សផ្សេងបានហើយមានលទ្ធភាព បើសិនក្នុងយន្តការមួយវាខ្វះឱកាសចាប់យកលាភសក្តារៈនឹងធ្វើឲ្យអ្នកផ្សេងរត់ទៅរកបក្សផ្សេងដែលមានកម្លាំងជាងហើយស្របនឹងចរន្តពេលវាលាដែលគណបក្សប្រឆាំង អំពាវនាវចង់ឲ្យអ្នកផ្សេងៗចាកចេញពី គណបក្សកាន់អំណាច»៕