ពេទ្យថៃ​​​​ព្រមាន តារាចម្រៀង យូរី ​

តារាចម្រៀង យូរី ក្នុងការប្រគុំតន្ត្រីនាពេលកន្លងទៅ (រូបថតសហការី វីអូឌី)

ក្នុងឱកាសឡើងច្រៀងនៅប៉ុស្ដិ៍លេខ៥កាលពីយប់ថ្ងៃទី៣ ខែកញ្ញា គេកត់សម្គាល់ថាក្បាច់រាំ និងបទចម្រៀងនិពន្ធថ្មីរបស់កញ្ញា យូរី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ យ៉ាងណាមិញ នាងបានបង្ហើបថាមុនពេលឡើងច្រៀងនៅប៉ុស្ដិ៍លេខ៥នោះ គឺនាងបានទទួលនូវការព្រមានយ៉ាងចាស់ដៃពីក្រុមពេទ្យថៃ។

យូរី និយាយថា រយៈពេលប្រមាណជាង១ខែមកហើយ ដែលនាងកើតមានបញ្ហាសុខភាពរហូតដល់ថ្នាក់ត្រូវឡើងទៅព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ។ ជាក់ស្ដែងមុនការប្រគំតន្ត្រីនៅប៉ុស្ដិ៍លេខ៥នាយប់នោះមួយថ្ងៃ នាងទើបតែចុះមកពីថៃដើម្បីទៅព្យាបាលសុខភាពដែលរងផលប៉ះពាល់ប៉ុណ្ណោះ។ ហេតុផលដែលនាងមានបញ្ហាសុខភាព គឺដោយសារតែនាងបានប្រើថ្នាំសម្រកទម្រន់ និងបានបង្អត់អាហាររហូតដល់ថ្នាក់មានបញ្ហាដល់ក្រពោះ និងធ្វើឲ្យនាងមានបញ្ហាខ្សោយខ្លាំង។

នាងថា កាលពីមួយរយៈមុនគីឡូរបស់នាងឡើងដល់៤៨គីឡូក្រាម ទើបបង្ខំចិត្តអោយនាងត្រូវតមអាហារ និងប្រើថ្នាំទម្រង់ដើម្បីឲ្យត្រលប់មកគីឡូ៤៣ ចុងក្រោយនេះវិញ។ នាងថាខ្លួនចង់បានត្រឹមតែ៤០គីឡូប៉ុណ្ណោះ ទើបបង្ខំចិត្តបង្អត់បាយបន្ថែមពីលើការលេបថ្នាំ។

យូរី បន្តឲ្យដឹងទៀតថា មុនឡើងឆាកប៉ុស្ដិ៍លេខ៥ប៉ុន្មានថ្ងៃ នាងអត់មានកម្លាំងកំហែងក្នុងខ្លួននោះទេ ហើយបើកុំតែបានបញ្ជូនទៅកាន់ពេទ្យថៃ កុំអីនាងប្រហែលខកខានឡើងច្រៀងក្នុងកម្មវិធី «ខ្មែរញញឹម» របស់ប៉ុស្ដិ៍លេខ៥ ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី៣ កញ្ញា ជាមិនខាន។

នាងថ្លែងប្រាប់ថា៖ “ប៉ុន្មានថ្ងៃហ្នឹង ខ្ញុំឈឺច្រើនមែនទែន ខ្សោយរហូតដល់ប៉ះពាល់ដល់ចង្វាក់បេះដូង ដោយសារតែខ្ញុំចង់សម្រកទម្ងន់លឿនពេក

នាងថាគ្រូពេទ្យប្រទេសថៃដែលនាងឡើងចុះទៅព្យាបាលសុខភាព បានព្រមានចំពោះទង្វើរបស់នាង បន្ទាប់ពីនាងប្រើថ្នាំសម្រកទម្ងន់ផង ហើយថែមទាំងបានបង្អត់បានថែមទៀត។ យ៉ាងណាមិញ នាងថាមិនបានបោះបង់គំនិតសម្រកទម្ងន់ទេ គឺនាងនឹងនៅតែបន្ត ដោយគ្រាន់តែមិនផ្អាកញាំបាយដូចអ្វីដែលបានអនុវត្ត។

នាងនិយាយថា៖ “មួយរយៈមុនខ្ញុំសឹងតែអត់ញាំបាយសោះតែម្ដង គឺទាំង៣ញាំតែតែផ្លែឈើសុទ្ធ ហើយដល់ពេលធ្វើការច្រើន ទើបដល់ថ្នាក់រត់រកពេទ្យមិនឈប់

នាងថាពេទ្យថាបានព្រមានចំពោះនាងថាបើនាងនៅតែស្រឡាញ់រាងខ្លាំង ហើយបង្ខំចិត្តប្រើថ្នាំផង និងបង្អត់បានផងដូចកន្លងមក គឺនាងនឹងកើតជំងឺរ៉ាំរ៉ៃ។

ការបញ្ជាក់របស់នាងគឺជាលើកទី១ ដែលបានបង្ហាញថាបញ្ហាសុខភាពរបស់នាង ពិតជាមានកម្រិតធ្វើទុក្ខនាពេលកន្លងមកដូចគ្នានឹងការបង្ហើបប្រាប់ពីអ្នកសិល្បៈប្រាកដមែន។

តារាចម្រៀង យូរី ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយ វីអូឌី នាពេលកន្លងទៅ
តារាចម្រៀង យូរី ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយ វីអូឌី នាពេលកន្លងទៅ (រូបថតសហការី)

យូរី បានបញ្ជាក់ថា នាងនឹងឈប់ប្រើថ្នាំសម្រកទម្រន់ និងឈប់ញ៉ាំផ្លែឈើជំនួសឲ្យបាយគ្រប់ពេលនោះដែរ។ នាងថា នឹងញ៉ាំបាយតិចឡើងវិញ តាមការកំណត់របស់ក្រុមគ្រូពេទ្យថៃ។

នាងថាហេតុផលសុខភាពបានធ្វើឲ្យនាងមិនសូវមានឱកាសទទួលច្រៀងនោះទេ ជាពិសេសក្នុងពេលដែលសភាពជំងឺស្រាប់តែបណ្ដាលអោយនាងហត់ដង្ហក់ និងប៉ះពាល់ដល់ក្រពះ ពោះវៀន និងប្រព័ន្ធបេះដូងរបស់នាង។

យូរីបន្តថា នាងនឹងអាចក្លាយជាអ្នកមានជំងឺប្រចាំកាយ បើនៅតែអត់អាហារ និងប្រើថ្នាំសម្រកទម្ងន់ព្រមគ្នា។ យ៉ាងណាក៏ដោយគេនៅតែមើលឃើញថារូបនាងស្រស់ស្អាត និងរាំបានរស់រវើកលើឆាកប៉ុស្ដិ៍លេខ៥ ដែលសឹងនឹងមើលមិនដឹងថានាងមានជំងឺប្រចាំកាយព្រោះតែការបង្អត់អាហារ និងប្រើថ្នាំបញ្ចុះទម្ងន់នោះទេ។

មន្ត្រីប៉ុស្ដិ៍លេខ៥ បានអះអាងថា យូរីបានសុំទោសជាមុនមុនពេលទទួលយកការច្រៀងរាំកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ដោយសារតែនាងខ្លាចរាំមិនបានរស់រវើក។ ប៉ុន្តែនៅពេលជាក់ស្ដែងកញ្ញា ម៉ាឡែន ជាអ្នកចាត់ចែងមួយរូបសម្រាប់ការប្រគំតន្ត្រីនោះ បានអះអាងថានាងធ្វើបានល្អ។

នាងថា យូរី កន្ទ្រាក់បានការគំាំទ្រយ៉ាងច្រើនលើសលប់នៅលើវេទិកាដែលមានតារាចម្រៀងដល់ទៅ៣រូប បង្ហាញខ្លួនរាំច្រៀងលើឆាកតន្ត្រីនោះ។

កញ្ញា ម៉ាឡែន មានប្រសាសន៍ថា៖ “អីញ្ចឹងហើយ ទើបនាងថាយូរី បានធ្វើឲ្យការរៀបចំរបស់ខ្លួនជោគជ័យដូចការគ្រោងទុក ដោយសារតែវត្តមានតារាចម្រៀងយុវវ័យថៃក៏បង្ហាញខ្លួន ហើយលោកឆាយ វីរៈយុទ្ធ ក៏ធ្វើឲ្យកក្រើកក្នុងពេលចេញច្រៀងដូចគ្នា”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ