អ្នកមានជម្លោះដីធ្លីនៅបឹងកក់ស្នើឲ្យអាមេរិកអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 8:55 AM | សិទ្ធិមនុស្ស | 0 | 2200 កញ្ញា សុង ស្រី​លាភ កំពុងចាំដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំកម្ពុជា (ដោយ ញឹម សុខន)

ស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់មួយចំនួនរកអន្តរាគមន៍ពីសហរដ្ឋអាមេរិកឲ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងពួកគេគឺអ្នកស្រី ទេព វន្នី ដែលទទួលបានពានរង្វាន់ផ្នែកស្រ្តីឆ្នើមពីអាមេរិក បន្ទាប់ពីសកម្មជនដីធ្លីរូបនោះដឹកនាំការតវ៉ាប្រឆាំងការបណ្តេញចេញពីលំនៅឋាន។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនម្តងទៀតកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ក្រោយមក តុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទថាសកម្មជនដីធ្លីរូបនោះបានជេរប្រមាថរាជការសាធារណៈទាក់ទិននឹងសំនុំរឿងចាស់ដែលអ្នកស្រី ទេព វន្នី ដឹកនាំតវ៉ាប្រឆាំងនឹងការបណ្តេញចេញកាលពីឆ្នាំ២០១៣។

ការចាប់ឃុំខ្លួនអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារជាលើកទី៣នេះធ្វើឡើងចំពេលដែលស្ត្រីរូបនោះបន្តដឹកនាំអ្នកភូមិ ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប មួយរូប និងទាមទារឲ្យរដ្ឋាភិបាលវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

ស្រ្តីអ្នកតវ៉ាម្នាក់ដែលអាជ្ញាធរធ្លាប់ចាប់ដាក់ពន្ធនាគារចំនួនពីរលើកដែរនោះគឺកញ្ញា សុង ស្រីលាភ ប្រាប់អ្នកសារព័ត៌មានមុនដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៤ខែតុលានេះថា អ្នកស្រី ទេព វន្នី មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេរបស់អាជ្ញាធររាជធានីនោះទេ ហើយថាការដាក់ញត្តិនេះគឺសុំអន្តរាគមន៍ពីអាមេរិកឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី។

ស្រ្តីរូបនោះថា៖ «កាលពីខ្ញុំជាប់គុកកាលពីឆ្នាំ២០១២គឺបានកិច្ចអន្តរាគមន៍ពីលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលគាត់ជួយអន្តរាគមន៍ឲ្យមានការដោះលែងពួកខ្ញុំក្នុងឆ្នាំ២០១២។ ហើយនៅក្នុងនោះទៀតសោតអ្នកស្រី ទេព វន្នី គាត់ទទួលបានពានរង្វាន់ភាពជាស្ត្រីជាអ្នកដឹកនាំពីសហរដ្ឋអាមេរិក។ អញ្ចឹងបើអ្នកស្រី ទេព វន្នី ជាបុគ្គលមួយប្រើប្រាស់អំពើហិង្សាឬក៏ដឹកនាំឲ្យមានហិង្សា ប្រហែលជាប្រទេសបិតាប្រជាធិបតេយ្យមួយនេះ មិនប្រគល់ពានរង្វាន់ដល់គាត់ទេ»។

ការដែលអ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកកក់រកអន្តរាគមន៍នេះធ្វើឡើងចំពេលដែលតំណាងពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី សារ៉ា ហ្វក (Sarah Fox) កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ មន្ត្រីការបរទេសអាមេរិករូបនោះនឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ស្វែងយល់ពីសិទ្ធិមនុស្ស សេរីភាពនៃការប្រមូលផ្តុំ សិទ្ធិកម្មករ និងបញ្ហាមួយចំនួនទៀត។

បើតាមកញ្ញា សុង ស្រីលាភ សហរដ្ឋអាមេរិកនៅតែមានឥទ្ធិពលទៅលើរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឲ្យគោរពសិទ្ធិមនុស្ស ដោយថាប្រទេសមហាអំណាចមួយនេះជាម្ចាស់ជំនួយដ៏ធំមួយដល់កម្ពុជានិងជាទីផ្សារដ៏សំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរ។

តំណាងអ្នកតវ៉ាម្នាក់ទៀត គឺអ្នកស្រី បូវ សោភា អះអាងថាពួកគេហាក់អស់ជំនឿទៅលើស្ថាប័នរដ្ឋាភិបាល កម្ពុជាក្នុងការស្វែងរកយុត្តិធម៌ជូនសកម្មជនដីធ្លី។ ប៉ុន្តែអ្នកស្រីបង្ហាញជំនឿថា បើមានការជំរុញពីសហរដ្ឋអាមេរិក នោះរដ្ឋាភិបាលកម្ពុជា នឹងពិចារណាដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ។

ស្ត្រីរូបនោះថា៖ «ពួកខ្ញុំមានសង្ឃឹម ថាអ្វីដែលពួកខ្ញុំមកធ្វើនៅថ្ងៃនេះ នឹងមានការអន្តរាគមផ្តល់យុត្តិធម៌ដល់អ្នកស្រី ទេព វន្នី ដែលគាត់ជាសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ គាត់ជាស្ត្រីម្នាក់ដែលហ៊ានលះបង់សេចក្តីសុខក្នុងក្រុមគ្រួសារ ដើម្បីសេចក្តីសុខរបស់អ្នកភូមិទាំងមូល។ អញ្ចឹងពួកខ្ញុំអត់ខ្លាចនឹងលះបង់ដើម្បីគាត់វិញទេ»។

ក្រោយពីអ្នកតវ៉ាស្រែកអំពាវនាវរកអន្តរាគមន៍ តំណាងអ្នកតវ៉ាត្រូវបានអនុញ្ញាតិឲ្យចូលដាក់ញត្តិនៅស្ថានទូតអាមេរិក។ ចំណែកអ្នកទទួលញត្តិអះអាងថា នឹងយកលិខិតសុំអន្តរាគមន៍នោះជូនដល់ដៃមន្ត្រីដែលមានភារកិច្ច និយាយជាមួយរដ្ឋាភិបាលកម្ពុជា។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថាចំណាត់ការលើមន្ត្រីសង្គមស៊ីវិលនិងជនសង្ស័យមួយចំនួនទៀត លោកថាជាចំណាត់ការរបស់តុលាការ ហើយថារដ្ឋាភិបាលអាចពិចារណាដោះលែងបាន លុះណាតែសំណុំរឿងនោះផុតពីដៃតុលាការ ទើបរដ្ឋាភិបាលមានលទ្ធិភាពដាក់សំណើទៅព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងទោសបាន។

យ៉ាងនេះក្តីមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ធ្លាប់ប្រាប់អ្នកសារព័ត៌មាន ក្រោយពីតុលាការសម្រេចឲ្យឃុំខ្លួន អ្នកស្រី ទេព វន្នី ទាក់ទិននឹងសំនុំរឿងចាស់នោះថាការឃុំខ្លួននេះជាសញ្ញាណគំរាមកំហែងបំបាក់ស្មារតីដល់សកម្មជនដីធ្លីដទៃទៀត កុំឲ្យចេញតវ៉ានិងព្យាយាមទប់ស្កាត់សំឡេងអ្នករិះគន់រដ្ឋាភិបាល។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារចំនួន៣លើកហើយ ដោយលើកទីមួយនៅឆ្នាំ២០១២ ឃុំខ្លួនបាន១ខែ៣ថ្ងៃ។ លើកទី២នៅឆ្នាំ២០១៤ ឃុំខ្លួនបាន៥ខែ១ថ្ងៃ និងលើកទី៣ឃុំខ្លួនបានជិត២ខែ គិតត្រឹមថ្ងៃទី៤ខែតុលានេះ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required