ក្រសួងសុខាភិបាល​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​វីរុស​ហ្ស៊ី​កា​ចូលដល់​កម្ពុជា

មូសខ្លាដែលបង្កឲ្យមានការឆ្លងមេរោគZika (រូបភាពពីសារព័ត៌មាន Channel News Assia)

ក្រសួងសុខាភិបាលបានបដិសេធព័ត៌មានដែលថាវីរុសហ្ស៊ីកាកំពុងកើតមាននៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយចាត់ទុកព័ត៌មាននេះជាការយល់ឃើញរបស់អ្នកផ្សព្វផ្សាយដោយមិនបានពិគ្រោះជាមុន។

បើតាមគេហទំព័រមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងនិងការពារជម្ងឺ ដែលជាមជ្ឈមណ្ឌលរបស់រដ្ឋអាមេរិកបានឲ្យដឹងថា វីរុសហ្ស៊ីកាកំពុងកើតមាននៅតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលស្ថានភាពនៃវីរុសនេះទំនងជានៅមានកំរិតទាបជាងតំបន់ដែលរីរុសនេះបានចូលដល់នៅឡើយ។

ទាក់ទងទៅនឹងការប្រកាសនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ប្រាប់វីអូឌីនៅព្រឹកនេះថា រហូតមកដល់ថ្ងៃនេះមិនទាន់មានការផ្ទុះរោគសញ្ញានៃវីរុសនេះនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ លោកហ៊ានអះអាងបែបនេះក៏ព្រោះតែយន្តការតាមដាននិងការពិនិត្យមើលរោគសញ្ញានេះនៅតែបន្តហើយមិនទាន់មានការរកឃើញវីរុសនេះនៅឡើយទេ។ លោកបន្ថែមថាការផ្សាយរបស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងនិងការពារជម្ងឺរបស់អាមេរិកនេះជាការយល់ឃើញរបស់ស្ថាប័ននេះ ដោយមិនមានពិគ្រោះជាមួយកម្ពុជា។

លោកមានប្រសាសន៍ថា៖ “កន្លងមកនេះយើងរកឃើញពីរករណីដែរដែលសង្ស័យពីជំងឺហ្ស៊ីកា គាត់ធ្វើដំណើរមកពីប្រទេសជិតខាង ប៉ុន្តែពេលយើងយកវត្ថុវិភាគមើលទៅយើងឃើញថាអវិជ្ជមានទេ មិនទាន់មានទេ។  […] តាមគាត់សរសេរ គាត់និយាយក្នុងតំបន់ដែលមានដប់ប្រទេស វាជាការយល់ឃើញរបស់គាត់ ប៉ុន្តែចំពោះយើងវិញ យើងនៅតែបន្តការខិតខំរុករកដែរ ដើម្បីឲ្យប្រាដកថាកម្ពុជាពិតជាគ្មាន។ តែរហូតមកដល់ម៉ោងខ្ញុំនិយាយនេះពី២០១០ រហូតមកដល់ពេលនេះមិនទាន់ឃើញករណីនេះនៅឡើយទេ  ” ។

បើតាមលោក លី សូវ៉ាន់ ជំងឺហ្ស៊ីកានេះឆ្លងតាមរយៈមូសខ្លាខាំនិងមានរោគសញ្ញាដូចជាក្តៅខ្លួន ក្រហមភ្នែក មានកន្ទួលក្រហមលើស្បែក និងឈឺសន្លាក់រសាច់ដុំ ជំងឺនេះមានគ្រោះថ្នាក់បំផុតចំពោះទារកនៅក្នុងផ្ទៃដែលអាចបណ្តាលឲ្យទារកនោះពេលកើតមកមានក្បាលតូចនិងមានសតិបញ្ញាមិនប្រក្រតី។

ប្រសិនជាអ្នកជំងឺសង្ស័យថាមានឬមានរោគសញ្ញាដូចខាងលើ អាចទៅរកសេវាសុខភាពនៅគ្រប់មណ្ឌលសុខភាព ឬទំនាក់ទំនងទៅកាន់លេខ១១៥ ដើម្បីឲ្យក្រសួងចាត់មន្ត្រីជំនាញចុះទៅអង្កេតនិងធ្វើតេស្តពីវីរុសនេះ។

បើតាម លោក លី សូវ៉ាន់ ជំងឺហ្ស៊ីកានេះ ធ្លាប់កើតមាននៅកម្ពុជាចំនួន៧ករណីហើយចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១០ ហើយគ្រប់ករណីទាំងនេះសុទ្ធតែព្យាបាលជាសះស្បើយទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ