តុលាការចេញដីកាលើកទី២កោះហៅភរិយាលោក កែម ឡី

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាជាលើកទី២ កោះហៅភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា ឲ្យចូលទៅតុលាការនៅថ្ងៃទី១៧ ខែតុលា ខាងមុខ ពាក់ព័ន្ធករណីបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះរូបនេះ។

នៅក្នុងដីកាចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សេង លាងកោះហៅអ្នកស្រី ប៊ូ រចនា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ម៉ោង២:៣០ រសៀល ដោយថាដើម្បីសាកសួរពីដំណើររឿងឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។

អ្នកស្រី ប៊ូ រចនា ទើបតែសម្រាលបុត្ររួចនៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះ អ្នកស្រីកំពុងរៀបចំសុំសិទ្ធិជ្រកកោននៅប្រទេសទីបី។

លោក ប៊ូ ចាន់នី ដែលត្រូវជាបងរបស់អ្នកស្រី ប៊ូ រចនា មានការភ្ញាក់ផ្អើលនៅពេលដឹងថាតុលាការចេញដីកាកោះជាលើកទី២ឲ្យទៅបំភ្លឺករណីឃាតកម្មនោះ ខណៈគ្រួសារលោកមិនបានដាក់ពាក្យប្ដឹងនៅឡើយ។ លោកបន្តថា សម្រាប់ដីកាកោះចូលទៅតុលាការថ្ងៃទី១៧ ខែតុលា ខាងមុននេះខាងគ្រួសារជនរងគ្រោះមិនចូលទេ ខណៈដែលលោកថា ដីកាលើកទី១ក្រុមគ្រួសារលោកមិនទាន់បានទទួល។

លោកមានប្រសាសន៍ថា៖ “ថាអត់ទាន់ប្ដឹងទេ ទាន់ទៅដល់ប្រទេសទីបីរៀបរយបានស្រួល បានខាងនោះផ្ដល់ចម្លើយមកឲ្យដាក់ប្ដឹងបានដាក់ ហើយលូវគ្រាន់តែស្រាវជ្រាវរកឯកសារពាក់ព័ន្ធមួយចំនួន។ (ក្រុមគ្រួសារ) មិនទាន់បានដាក់ពាក្យប្ដឹងអីណា ម៉េចបានជាគេកោះហៅចឹង គេចង់កាត់ក្ដីឬក៏យ៉ាងម៉េច អត់យល់“។

បើតាមដីកាចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលចេញចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង ឲ្យដឹងថា ដីកាកោះឲ្យអ្នកស្រី ប៊ូ រចនា ចូលទៅកាន់សាលាដំបូងរាជធានីនេះជាដីកាលើកទី២។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ដែលកន្លងមកថាខាងលោកត្រៀមផ្ដល់មេធាវីឲ្យគ្រួសារអ្នកស្រី ប៊ូ រចនា យល់ថាការចេញដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ដូចជាចម្លែក ខណៈដែលកន្លងមកខាងក្រុមគ្រួសារជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនិងស្របពេលមានព័ត៌មានថាអ្នកស្រីកំពុងសម្រាកសម្រាលបុត្រនៅក្រៅប្រទេស។

លោកមានប្រសាសន៍ថា៖ “ខ្ញុំក៏វាចម្លែកក្នុងចិត្តដែរ ព្រោះក្រែងលោខ្ញុំដឹងមិនសព្វជ្រុងជ្រោយ កន្លងមកបើអ្វីដែលខ្ញុំដឹងគឺខាងក្រុមគ្រួសារមិនទាន់បានដាក់ពាក្យឬឈរជាដើមប្ដឹងរដ្ឋប្បវេណីនៅជាផ្លូវការអីទេទី១ ហើយទី ២ យើងក៏មិនដែលដឹងថាមានដីកាកោះលើកទី១ដែរ ប៉ុន្តែស្រាប់តែឃើញមានដីកាកោះលើកទី២ ហើយដីកាកោះលើកទី២នេះ ក៏វាចេញបន្ទាប់ពីមានព័ត៌មានដែលគេផ្សាយថាអ្នកស្រី ប៊ូ រចនា ទើបតែប្រសូត្របុត្រកាលពីប៉ុន្មានថ្ងៃមុននេះ“។

លោក កែម ឡី អាយុ៤៦ឆ្នាំជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

បុរសម្នាក់ឈ្មោះ អឿត អាង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយឃាតកម្មនេះដោយចោទថាជាជនដៃដល់ និងមានឈ្មោះហៅថា ជួប សម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ