សមាជិកបក្សប្រឆំាងជិត២០រូបចាកចេញពីកម្ពុជា​ ខណៈមានការព្រមានពីសុត្ថិភាព

អតីតតំណាង​រាស្ត្រគណ​បក្សប្រឆំាង​ កាលពីពេលកន្លងទៅ

យ៉ាងហោចណាស់ តំណាង​រាស្ត្រគណបក្សប្រឆំាងជិត២០នាក់ បានចាកចេញពីកម្ពុជា និងគ្រោងចាកចេញពីកម្ពុជាបន្តទៀត ខណៈមានការព្រមានពីការចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា។ នេះយោងតាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក។

ថ្លែងប្រាប់វិទ្យុអាស៊ី កាលពីថ្ងៃទី៣ខែតុលា ម្សិលមិញ អនុ​ប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី ​មូរ សុខហួរ អះអាងថា បន្ទាប់​ពី​លោក​​ស្រី​​ចាកចេញពីកម្ពុជាភ្លាមៗថា បើគិតត្រឹមថ្ងៃទី៣ខែតុលា សមាជិកសង្គ្រោះជាតិជិត​២០រូបហើយ បាន​​​​ចាក​ចេញ​ពីកម្ពុជា ខណៈ​​មន្ត្រីនិងសកម្មជនលេចធ្លោ​មួយចំនួនទៀត ក៏នឹងត្រៀមចាកចេញផងដែរ​​​ ដោយ​ថា ​ពួកគេ​បារម្ភ​ពី​​សុវត្ថិភាព និង​ការ​​​ចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿង​លោក កឹម សុខា។

លោកស្រី ​មូរ សុខហួរ ថ្លែងថា លោកស្រី និងតំណាងរាស្ត្រមួយចំនួន​ទៀត ដែល​ចាក​ចេញ​ពីទឹក​ដីកម្ពុជា​ទៅ​ប្រទេសផ្សេងគ្នានោះ គឺដើម្បីបំពេញបេសកកម្មការងារ នឹង​ស្វែងរកដំដោះស្រាយពីអន្តរជាតិ ឲ្យ​ជួយ​ប្រទេស​កម្ពុជា​​។

លោកស្រីថ្លែងប្រាប់អាស៊ីសេរីថា៖ «ខ្ញុំមួយនាក់មិនថ្វីទេ បើសិនជាមានតុលាការពិតប្រាកដ[ឯករាជ្យ] គ្មាននរណាគេខ្លាចទេ ព្រោះអត់មានអ្នកណាប្រព្រឹត្តអំពើខុសច្បាប់ ឬមួយក៏យើងជាជនក្បត់ជាតិ ក៏ប៉ុន្តែយើងឃើញថាអ្នកដែលចោទប្រកាន់យើង​​ អ្នកដែលដឹកនាំប្រទេសយើងសព្វថ្ងៃ ហួសនិស្ស័យ និងការគិតហើយគឺគិតតែពីឃើញសត្រូវពេញខ្លួនហើយ ជុំខ្លួនហើយ ដូច្នេះ នៅពេលដែលអ្នកនោះគិតតែពីឃើញថាខ្មែរជាសត្រូវហើយគ្រោះថ្នាក់ណាស់»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ​លោក មិនចាប់​អារម្មណ៍​និង​ការ​​លើកឡើងរបស់មន្ត្រីបក្សប្រឆំាង លោកស្រី ​មូរ សុខហួរ នោះទេ។ ប៉ុន្តែ លោកថា កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​​​សុខ​សន្តិ​ភាព សុវត្ថិភាព។ លោកថា មានតែអ្នកប្រព្រឹត្តខុសច្បាប់ទេ ដែល​ព្រួយ​បារម្ភពី​សុវត្ថិ​ភាព​ខ្លួន​ឯង​នោះ។

លោកមានប្រសាសន៍ថា៖ ​«សភាពការណ៍នយោបាយអត់មានក្តៅទេ ក្តៅតែសម្រាប់អ្នកប្រឆំាងទេ ចំពោះគេ ទូទៅអត់មានក្តៅអីជីវភាពសង្គមរបស់ប្រជាពលរដ្ឋ អត់មានរអាក់រអួលណា វានៅតែរលូនធម្មតា មានអ្នកណាគេចាប់អារម្មណ៍ និយាយពីបញ្ហាក្តៅក្រជាក់ដូចជាបក្សប្រឆំាងលើកឡើងនេះគាត់ភ័យខ្លាច​​សភាពការណ៍ នយោបាយក្តៅ វាពាក់ព័ន្ធតែរឿងគាត់ទេគាត់មិនជ្រះស្រលះ មិនស្អាតស្អំ មិនត្រឹមត្រូវ ដូចប្រជាពលរដ្ឋទូទៅ មកពីគាត់ប្រព្រឹត្តល្មើសច្បាប់ហើយ បានគាត់មានការភ័យព្រួយដោយខ្លួនឯង»

ចំពោះ សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា វិភាគថា ក្នុងស្ថានការណ៍បែបនេះ សមាជិកបក្សប្រឆាំងមិនត្រូវចាកចេញពីកម្ពុជានោះទេ ដោយ​ថា តំណាង​រាស្ត្រ​ និងសមាជិកទំាង​នោះ គួរ​រក​វិធីជជែកគ្នា ជាមួយបក្សកាន់អំណាច តាមរយៈវប្បធម៌សន្ទនា ទើប​ដោះស្រាយ វិបត្តិ​នយោបាយ​​នៅ​​កម្ពុជា ឲ្យ​ទទួលបានផលវិជ្ជមាន​។

លោក​យល់ថា៖ «ស្ថានភាពបច្ចុប្បន្នបក្សប្រឆំាង គួរប្រមូលផ្តុំគ្នា ជាពិសេសអ្នកតំណាងរាស្ត្រធ្វើការស្របទៅតាមអ្វីដែលជាតួនាទីភារកិច្ច ហើយជំរុញឲ្យមានការឈានទៅដល់ការជជែកគ្នា ដែលយើងហៅថាវប្បធម៌សន្ទនា ពីព្រោះថា ប្រសិនគ្មានវប្បធម៌ជជែកគ្នាទេ វប្បធម៌សន្ទនានោះទេ យើងហាក់ដូចជា មិនអាចស្វែងរកជំរើសណាមួយ ដែលធ្វើឲ្យខ្មែរ និងខ្មែរ អាចងាកមកតុជាមួយគ្នា ហើយជជែកគ្នាបាននោះទេ បើសិនជាខ្មែរយើងបន្ត បែកបាក់ផ្ទៃក្នុង នៅពេលនោះ យើងមិនអាចរកឃើញផ្លូវមួយឲ្យមានសន្តិភាពពិតប្រាកដនោះទេ​​»

​​រយៈពេលមួយ​ខែ នៃការ​ឃុំខ្លួន​មេ​បក្ស​​ប្រឆាំងរូបនោះ​ មានប្រតិកម្មជាបន្តបន្ទាប់ពីប្រទេសលោកសេរីជាច្រើន ដោយ ពួកគេសម្តែងការព្រួយបារម្ភ និងជំរុញឲ្យមានការដោះលែង លោក កឹម សុខា​ ជាបន្ទាន់ ដើម្បីធានា​ពីដំណើរការ​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។​ ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បដិសេធម្តង ហើយម្តងទៀតថា ការចាប់ និងឃុំខ្លួនមេបក្សប្រឆាំង ជាការអនុវត្ត​ច្បាប់ ​ដើម្បីរក្សាសន្តិសុខ និងសន្តិភាពនៅកម្ពុជា។ លើសពីនេះទៀត លោក ហ៊ុន សែន បានថ្លែងជាបន្តបន្ទាប់ ដោយ​គំរាម​ចាប់ខ្លួនអ្នកពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា ដែលលោកចោទថា ​ក្បត់ជាតិ នេះផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ