សមត្ថកិច្ចបញ្ជូនមនុស្ស៣នាក់ទៅតុលាការ ករណីកេងប្រវ័ញ្ចពលកម្មអ្នកសុំទាន

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 4:01 PM | សន្ដិសុខ | 0 | 1207 (អាវុធហត្ថរាជធានីភ្នំពេញ)

សមត្ថកិច្ចសម្រេចបញ្ជូនមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីសង្គមកិច្ច រាជធានីភ្នំពេញ ចំនួន៣នាក់ ទៅតុលាការ បន្ទាប់ពីសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធ ករណីកេងប្រវ័ញ្ចពលកម្មលើអ្នកសុំទាន។

ក្នុងការចុះផ្សាយលើទំព័រហ្វេសប៊ុក កាលថ្ងៃទី៣ខែតុលា សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹងថា មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារនិតិសម្បទា រាជធានីភ្នំពេញ ទាំង៣នាក់ ដែលឃាត់ខ្លួននោះមានឈ្មោះ ឃុត នឹម ហៅតាលឹម ឈ្មោះ ហឹង សារ៉ូម ហៅតារុំ និងឈ្មោះ សាន សិត ដោយចោទថា បានញុះញ៉ុងនិងរៀបចំឲ្យកុមារ និងមនុស្សចាស់ជរា ដើរសុំទានតាមស្តុបនានា ក្នុងរាជធានីភ្នំពេញ។

បើតាម សមត្ថកិច្ចអាវុធហត្ថរាជ ជនសង្ស័យទាំង៣នាក់នោះ តែងតែប្រមូលលុយពីអ្នកសុំទាន ចន្លោះពី១​ម៉ឺន ទៅ១​ម៉ឺន​២​ពាន់​រៀល​ ជារៀងរាល់ថ្ងៃ និងតែងគំរាមកំហែងលើអ្នកសុំទាន ប្រសិនបើ មិនព្រមបង់លុយតាមកាលកំណត់។

អ្នកនាំពាក្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ថា ជនសង្ស័យ ទាំង៣នាក់នោះ ពិតជា មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីសង្គមកិច្ច ពិតប្រាកដមែន ហើយថា ក្រសួង និងសហការជាមួយសមត្ថកិច្ច ដើម្បីស្រាវជ្រាវចាប់មនុស្សផ្សេងទៀត ប្រសិនបើសង្ស័យថា ជាប់ពាក់ព័ន្ធ។

លោកបន្ថែមថា៖ «គាត់ទាំងបីនាក់ហ្នឹង មិនមែនជាមន្រ្តីរបស់មន្ទីសង្គមកិច្ចទេ ពួកគាត់ជាបុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចហ្នឹង ជាបុគ្គលិកបណ្តែត អញ្ចឹងគ្រាន់តែរឿងនេះ យើងកំពុងតែពិនិត្យតាមដាន និងស្រាវជ្រាវ បន្ថែមទៀត»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា សកម្មភាពមន្ត្រីជាប់កិច្ចសន្យានៃមន្ទីសង្គមកិច្ច ដែលកេងប្រវ័ញ្ចពលកម្មលើអ្នកសុំទាននេះ គឺជាទង្វើខុសច្បាប់ ហើយថា រដ្ឋាភិបាល ត្រូវលុបបំបាត់មន្រ្តីទាំងនេះចេញ ដើម្បីកុំឲ្យប៉ះពាល់ដល់សង្គម និងក្រុមពលរដ្ឋងាយរងគ្រោះទាំងនោះទៀត។

លោកបន្ថែមថា៖ «ការពិត ក្រសួងសង្គមកិច្ច ជាក្រសួងមួយ ដែលផ្តល់សេវាគាំពារទៅដល់ជនអនាថា ជនអត់ទីពឹង។ អញ្ចឹង កាលដែលមានមន្រ្តីក្រសួងនេះ ទៅធ្វើប្រព្រឹត្តិបែបនេះ ខ្ញុំយល់ថា ធ្វើឲ្យគេមើលឃើញថារឿង មួយស៊ីតាមជំនាញ ហើយនេះ ជាអំពើស្មោកគ្រោកមួយដែរ។ បើនិយាយពីផ្លូវច្បាប់វិញ វាជាកំហុសធ្ងន់ធ្ងរមួយ ដែលគេហៅថា ជាបទល្មើសជាក់ស្តែងដែរ! អញ្ចឹងជាដាស់ទឿនដល់អ្នក ដែលបំពេញការងារហ្នឹង! ធ្វើម៉េចមិនត្រូវយកតួនាទីរបស់ខ្លួន ទៅប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចជាប្រយោជន៍ផ្ទាល់ពីជន ដែលងាយរងគ្រោះអញ្ចឹងទេ»

កន្លងមក គេតែងសង្កេត ឃើញមាន អ្នកសុំទាន ក្មេង ចាស់ ជាច្រើនដើរសុំទាន ដោយអ្នកខ្លះ មានបីកូនតូចៗ និងខ្លះទៀតជាជនពិការ ដើរសុំលុយភ្ញៀវ និងអ្នកធ្វើដំណើរ តាមស្តុបនានា និងកន្លែងកំសាន្តផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ គេមិន បានដឹងថា ការដើរសុំទាននោះ មានអ្នកនៅពីក្រោយឡើយ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required