សមាជិកព្រឹទ្ធសភាអាមេរិកស្នើដាក់បញ្ចូលមន្ដ្រីខ្មែរក្នុងបញ្ជីដែលគេលែងទាក់ទងជាមួយ

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មាការសេវាកងទ័ពនៃព្រឹទ្ធសភា លោក John McCain និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន

សមាជិកព្រឹទ្ធសភាអាមេរិក២រូប ស្នើឲ្យដាក់បញ្ចូលឈ្មោះមន្ដ្រីខ្មែរទៅក្នុងបញ្ជី ដែលគេហាមមិនឲ្យទាក់ទង ឬធ្វើជំនួញជាមួយ ខណៈពួកគេយល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន ពោរពេញដោយការគាបសង្កត់។ ប៉ុន្ដែ មន្ដ្រីបក្សកាន់អំណាច យល់ថា នេះជាការលើកឡើង ដែលពុំត្រឹមត្រូវ។

ក្នុងកិច្ចប្រជុំសភាលើកទី១១៥ កាលពីថ្ងៃអង្គារទី៣ខែតុលាឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភាអាមេរិក និងជាប្រធានគណៈកម្មការសេវាកងទ័ព លោក John McCain និងសមាជិកម្នាក់ទៀត គឺលោក Dick Durbin បានចេញសេចក្ដីសម្រេចមួយ (Resolution) ទាក់ទងនឹងបញ្ហានយោបាយ និងការគោរពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្ដីសម្រេចនោះ លោក John McCain រួមទាំងសមាជិកខ្លួន បានគូសបញ្ជាក់បញ្ហាចំនួន៨ចំណុច ស្ដីអំពីកម្ពុជា ដែលក្នុងចំណុចមួយ ពួកគេ បានស្នើទៅក្រសួងការបរទេសអាមេរិក ឲ្យដាក់បញ្ចូលឈ្មោះ មន្ដ្រីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ទៅក្នុងបញ្ជីឈ្មោះ ដែលគេហាមពលរដ្ឋអាមេរិកាំង មិនឲ្យទាក់ទង ឬធ្វើជំនួញជាមួយ (Specially Designated Nationals)។

ក្នុងចំណោមកង្វល់ទាំងនោះ សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ ស្នើឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនរបស់លោក បញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ និងទទូចឲ្យដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ជាបន្ទាន់។ បន្ថែមពីនេះ លោក John McCain ក៏បានស្នើទៅប្រធានអង្គប្រជុំ​ ឲ្យពន្យល់ទៅភាគីកម្ពុជា ថា ប្រសិនបើរដ្ឋាភិបាលមួយនេះ បន្ដសកម្មភាពគំរាមកំហែងតទៅទៀត លោកថា រដ្ឋាភិបាលអាមេរិកកាំង គ្មានជម្រើសអ្វី ក្រៅពីមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ នោះទេ។

សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain រិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន អស់រយៈពេលជាង ៣ទសវត្សមកនេះ គឺពោរពេញដោយការគាបសង្កត់ និងការគំរាមកំហែង និងថា លោក ហ៊ុន សែន បានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើបាបគណបក្សប្រឆាំង នៅមុនការបោះឆ្នោត។

ក្នុងសេចក្ដីសម្រេចនោះ លោកមានប្រសាសន៍ថា៖ «នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានដឹកនាំប្រទេសជាមួយនូវនិទណ្ឌភាព ជាង៣ទសវត្សមកហើយ។ ក្រោមការដឹកនាំរបស់គាត់ លោក ហ៊ុន​ សែន បានប្រើគ្រប់មធ្យោបាយ ដើម្បីគាបសង្កត់បក្សប្រឆាំងស្របច្បាប់ ធ្វើបាបសង្គមស៊ីវិល រារាំងបរិយាកាសសារព័ត៌មាន និងប្រឆាំងការចង់បានលទ្ធិប្រជាធិបតេយ្យ របស់ប្រជាពលរដ្ឋកម្ពុជា។ សេចក្ដីសម្រេចនេះ គឺសំខាន់ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន និងសេរីភាពរបស់ពលរដ្ឋកម្ពុជា»។

VOD មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទេ។

ចំណែក អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សួស យ៉ារ៉ា​ យល់ថា ការលើកឡើងនេះ គ្រាន់ជាការបញ្ចេញទស្សនៈ របស់បុគ្គលប៉ុណ្ណោះ។ លោក យ៉ារ៉ា រិះគន់ថា លោក John McCain មានវ័យចំណាស់ជ្រុលទៅហើយ និងថា មិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលនាំឲ្យបាត់បង់នូវសន្ដិភាពនោះទេ។

ទំនាក់ទំនងកម្ពុជា អាមេរិក ហាក់កាន់តែតានតឹងឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចោទសហរដ្ឋអាមេរិកថា កំពុងជួយគាំទ្របក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ ប៉ុន្ដែទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់នេះ។  រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ថែមទាំងបានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្ដ្រីក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ មិនឲ្យជាន់ដីអាមេរិកទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ