សពលោក ប៉ែន សុវណ្ណ​ ដូរទៅបូជានៅ​វត្តថ្មីមួយទៀត​ក្រោយពេលវត្តនិរោធមិនព្រម

សពលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីក្រោយការដួលរលំរបបខ្មែរក្រហម ត្រូវប្តូរទៅបូជានៅវត្តថ្មីទៀតស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ បន្ទាប់ពីស្នើបូជាមុខវត្តបុទុមវត្តី អាជ្ញាធរមិនព្រម ចំណែកវត្តនិរោធ ជាន់ថ្ងៃគ្នាជាមួយបុណ្យកឋិន។

ដំបូងឡើយគណបក្សសង្គ្រោះជាតិទាមទារបូជា លោក ប៉ែន សុវណ្ណ នៅមុខវត្តបុទុមវត្តី ដោយសំអាងថា លោក ជាអតីតនាយករដ្ឋមន្ត្រីមានគុណសម្បត្តិច្រើនដល់ជាតិនិង រហតុដល់ពេលទទួលមរណភាពលោកជាតំណាងរាស្ត្រ ប៉ុន្តែសាលារាជធានីមិនព្រមដោយអះអាងថា លោក ប៉ែន សុវណ្ណ មិនមែនជាឥស្សរជនរបស់ជាតិ។ ក្រោយមកមានការចរចារវាងអាជ្ញាធរនិងគណៈកម្មការបុណ្យជ្រើសយកវត្តនិរោធស្ថិតនៅក្នុងខណ្ឌច្បារអំពៅ។

ប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិនៅល្ងាចព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ថាសព លោក ប៉ែន សុវណ្ណ ត្រូវដូរទៅបូជានៅវត្តឫស្សីសាញ់ ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីប្តូរទីតាំងជាបន្តបន្ទាប់នេះ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសម្តែងការសោកស្តាយចំពោះអាជ្ញាធរមិនឲ្យទីតាំងសម្រាប់បូជាអតីតនាយករដ្ឋមន្ត្រីនេះ៖ «គួរអោយអនិចារណាស់ វត្តបុទុមតី អាជ្ញាធរក្រុងមិនឲ្យបូជា រីឯវត្តនិរោធ គណៈកម្មការវត្តមិនអោយ ដោយថាជាប់រវល់ទទួលអង្គកឋិនទាន។ ឥឡូវត្រូវប្តូរទៅវត្តមួយទៀត គឺវត្តឬស្សីសាញ់ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តើនេះជាវត្តចុងក្រោយ ឬ?»។

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ លោកទទួលមរណភាពកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ។ ក្រោយការទទួលមរណភាពបក្សប្រឆាំងនិងអ្នកគាំទ្រមួយចំនួនចាត់ទុកលោក ប៉ែន សុវណ្ណ ថាវីរបុរសរបស់ជាតិដែលហ៊ានប្រឆាំងវៀតណាមឈ្លានពានទោះប្រឈមគ្រោះថ្នាក់ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចាត់ទុក លោក ប៉ែន សុវណ្ណដែលប្រឆាំងគោលនយោបាយរបស់វៀតណាមថាមិនមែនជាអ្នកស្នេហាជាតិទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ