សកម្មជនបក្សប្រឆាំងបារម្ភរឿងសមត្ថកិច្ចយកប្រវត្ដិរូបផ្ទាល់ខ្លួន

សកម្មជនបក្សប្រឆាំងនៅខេត្ដសៀមរាបឲ្យដឹងថា សមត្ថកិច្ចប៉ូលិសស្រុកជីក្រែង បានដើរស្រង់ឈ្មោះសកម្មជនបក្សប្រឆាំងយកទៅរក្សាទុក ដោយអះអាងថាការយកប្រវត្ដិរូបសកម្មជននេះ ជាការគម្រាមកំហែងនយោបាយមុនពេលបោះឆ្នោតឃុំ។

សមាជិកក្រុមប្រឹក្សា ស្រុកជីក្រែង ខេត្ដសៀមរាប មកពីបក្សសង្រ្គោះជាតិលោក សោម សូរិយា ប្រាប់VODនៅថ្ងៃសុក្រនេះថា សមត្ថកិច្ចមូលដ្ឋានឲ្យសកម្មជនប្រឆាំងមួយចំនួននៅតាមភូមិ នៃឃុំពង្រលើផ្ដល់ប្រវត្ដិរូបសង្ខេប និងបិទរូបថត ដោយសមត្ថកិច្ចអះអាងថា ងាយស្រួលគ្រប់គ្រង។ លោកថា ការស្រង់ឈ្មោះនេះជាការគម្រាមកំហែងសកម្មជនបក្សប្រឆាំង ខណៈដែលការបោះឆ្នោតឃុំសង្កាត់នឹងជិតមកដល់។ លោកបន្ដថា៖ “មិនទាន់មានការបោះឆ្នោតផង គាត់ឲ្យសកម្មជនធ្វើចេះ គឺជាការគម្រាមកំហែង។ យើងមើលរដ្ឋធម្មនុញ្ញបានចែងហើយប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលគេពេញចិត្ដ ចឹងអ្នកមានអ្នកឯងមកគ្រប់គ្រងសមាជិកបក្សរបស់គេទេ គឺគេមានបក្សរបស់គេរួចទៅហើយ“។

សកម្មជនមួយរូបនៅឃុំពង្រលើ ស្រុកជីក្រែង លោក ថង ហូ ឲ្យដឹងថា សមត្ថកិច្ចបានឲ្យលោកសរសេរប្រវត្ដិរូបនៅក្នុងទម្រង់ឯកសារដែលចេញដោយប៉ូលិសមូលដ្ឋានយកទៅដាក់នៅសាលាឃុំ ដោយអះអាងថា ដើម្បីងាយស្រូលគ្រប់គ្រង។ លោកគ្រាន់តែឆ្ងល់ថា ហេតុអីសមត្ថកិច្ចស្រង់ប្រវត្ដិរូបតែសកម្មជនបក្សប្រឆាំង ខណៈដែលលោកមានបញ្ជីឈ្មោះសៀវភៅគ្រួសារនិងរស់នៅក្នុងភូមិនោះស្ទើរមួយជីវិតទៅហើយ។ លោកបន្ដថា៖ “គេឲ្យចុះឈ្មោះខាងឃុំ គេឲ្យយករូបថត អត្ដសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត ដោយកត់ដាក់ក្រដាសឲ្យគេទាំងអស់ ខ្ញុំសួរគេថា គេយកឈ្មោះទៅធ្វើអី គេថា គេឆ្លើយថា ដើម្បីឲ្យគេទទួលស្គាល់ទាំងអស់ ហើយថ្ងៃណាមួយគេហៅទៅជួបជុំគ្នាម្ដង“។

ករណីនេះអធិការនគរបាលស្រុកជីក្រែងលោក សុខ សុទ្ធារិទ្ធ មានប្រសាសន៍ថា ការស្រង់ប្រវត្ដិរូបប្រជាពលរដ្ឋនេះ ដើម្បីរកពលរដ្ឋដែលមិនទាន់បានធ្វើអត្ដសញ្ញាណប័ណ្ណនិងបញ្ជាក់ពីការធ្វើចំណាកស្រុក និងងាយស្រួលបញ្ចូលស្ថិតិក្នុងបញ្ជីបច្ចុប្បន្នភាព ខណៈដែលលោកទើបកាន់តំណែងជាអធិការ។ លោកបញ្ជាក់ថា ការស្រង់ឈ្មោះនេះ មិនមែនតែសកម្មជនបក្សប្រឆាំងនោះ គឺពលរដ្ឋចាប់ពីតូចរហូតដល់ធំក្នុងស្រុកជីក្រែង។លោកបន្ដថា៖ “និយាយរួម ទាំងអស់ ចាប់ពីទើបនឹងកើតទៅ ក៏ប៉ុន្ដែគេបែងចែកអាយុ១៥ឆ្នាំ ត្រូវធ្វើអត្ដសញ្ញាណប័ណ្ណ ហើយ១៨ឆ្នាំត្រូវចុះឈ្មោះបោះឆ្នោត ខ្ញុំចុះសំណេះសំណាលជាមួយពលរដ្ឋ ដើម្បីជំរឿនឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅប៉ុន្មាន តាមជាក់ស្ដែងតាមទិន្ន័យចាស់“។

បើតាមសមាជិកក្រុមប្រឹក្សាលោក សោម សូរិយា សកម្មជនដែលត្រូវបានសមត្ថកិច្ចឲ្យធ្វើប្រវត្ដិរូបសង្ខេបមានតែចំនួន១៨នាក់ ស្ថិតនៅឃុំពង្រលើ ស្រុកជីក្រែង ប៉ុន្ដែលោកថា លោកមិនឲ្យសកម្មជនបក្សសង្រ្គោះជាតិទាំងនោះប្រគល់ប្រវត្តិរូបឲ្យសមត្ថកិច្ចនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ