លី ម៉ារីណា ​​​​​​សុំ​ឲ្យ​​បញ្ចប់ការ​រើស​អើង​អ្នក​​​ផ្ទុក​មេរោគអេដស៍

អ្នកនាង លី ម៉ារីណា ក្នុងពិធីសិក្ខា​​សាលា​ស្ដី​ពី​​​វគ្គ​ផ្សព្វ​​ផ្សាយ​​​​​ជំងឺអេដស៍​​ដល់​តារា​សិល្បៈនិង​​​​​អ្នកសារព័ត៌មាន (វង្ស សុម៉ាលីន)

ក្នុងពិធីសិក្ខាសាលាស្ដីពីវគ្គផ្សព្វផ្សាយជំងឺអេដស៍ដល់តារាសិល្បៈនិងអ្នកសារព័ត៌មានកាលពីថ្ងៃទី៣ ខែវិច្ឆិកា អ្នកនាង លី ម៉ារីណា បានប្រកាសសុំឲ្យបញ្ចប់ទំាងស្រុងលើការរើសអើងអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ ដោយអ្នកនាងបានចាត់ទុកថា ក្រុមអ្នកមានជំងឺប្រភេទនេះ គឺជាជនរងគ្រោះ។ អ្នកនាងថាតារាសិល្បៈ និងអ្នកសារព័ត៌មាន មានការរួមចំណែកមួយយ៉ាងធំ ក្នុងការចែករំលែកចំណេះដឹងនិងផ្សព្វផ្សាយ ដើម្បីបញ្ចប់ និងលុបបំបាត់នូវការរើសអើងគ្រប់ទម្រង់។

អ្នកនាង លី ម៉ារីណា បានថ្លែងក្នុងបទសម្ភាសន៍ពាក់ព័ន្ធនឹងវគ្គបណ្ដុះបណ្ដាលនេះថា អ្នកនាងមិនគាំទ្រឲ្យមានការរើសអើងអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍នោះទេ ខណៈពេលដែលអ្នកជំងឺនេះ គឺនៅតែមានការខ្ពើមរអើមនៅឡើយ ពីមនុស្សមួយក្រុមតូច។ អ្នកនាងថា អ្នកនាងនៅតែឮពីការរើសអើងចំពោះអ្នកមានជំងឺអេដស៍ បើទោះជាអ្នកជំងឺនោះ ត្រូវគេអះអាងថាបានឆ្លងពីស្វាមីឬក្រោមហេតុផលឆ្លងតាមឈាមជាដើម ដែលមិនមែនដោយសារប្រព្រឹត្តិផ្ដេសផ្ដាស។

អ្នកនាងថា៖ «ឥលូវហ្នឹង អ្នកជំងឺអេដស៍មានការយកចិត្តទុកច្រើនជាងមុន ប៉ុន្តែខ្ញុំនៅតែឃើញមានការនិយាយអាក្រក់ពីពួកគាត់ដដែល ហើយតាមខ្ញុំកត់សម្គាល់ គឺអ្នកមានជំងឺចឹង គឺអ្នកខ្លះនៅតែខ្លាចៗ»។

អ្នកនាង លី ម៉ារីណា បន្តថា ខ្លួនមិនមានគំនិតស្អប់ខ្ពើមចំពោះអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដសន៍នោះទេ បើទោះជាអ្នកដែលឆ្លងជំងឺនោះ បានកើតដោយហេតុផលមិនល្អក៏ដោយ។ នាពេលកន្លងមក អ្នកនាងថាធ្លាប់បានចូលប្រឡូការងារស្ម័គ្រចិត្តជាមួយអង្គការដែលធ្វើការជួយដល់អ្នកជំងឺអេដស៍ច្រើនលើកមកហើយ ទើបអ្នកនាងយល់ច្បាស់ពីសុខទុក្ខរបស់អ្នកជំងឺនេះ ហើយមិនដែលមានគំនិតរើសអើងនោះទេ។ អ្នកនាងថា ខ្លួននឹងយកចំណេះដឹងដែលបានទទួលពីវគ្គសិក្ខាសាលាយកទៅផ្សព្វផ្សាយបន្ត ហើយអ្នកនាងនៅតែទទូចកុំអោយមានការរើសអើសចំពោះអ្នកជំងឺនេះអោយបានកាន់តែច្រើន។

ទោះជាយ៉ាងណា អ្នកនាង លី ម៉ារីណា ថាការអំពាវនាវរបស់ខ្លួន មិនមែនដើម្បីលើកតម្កើងឲ្យមានអ្នកចម្លងអេដស៍និងអ្នកកើតអេដស៍ច្រើនឡើងនោះទេ ដោយគ្រាន់តែស្នើសុំថាកុំឲ្យមានការម៉ាក់ងាយនិងប្រមាថដល់អ្នកដែលបានឆ្លងមេរោគអេដស៍ ក្រោយពេលជននោះក្លាយជាជនរងគ្រោះរួចហើយតែប៉ុណ្ណោះ។

អ្នកនាងថា៖ «សម្រាប់ខ្ញុំ គឺអត់ចង់មានពាក្យហៅអ្នកនេះថាកើតអេដស៍ ថាអ្នកនោះកើតអេដស៍អីទេ ព្រោះពាក្យសម្ដីខ្លះ ពេលយើងប្រើសំដៅទៅគាត់គឺធ្វើអោយគាត់បាក់ទឹកចិត្តមែនទែន ចឹងខ្ញុំថាមានតែការលើកទឹកចិត្តប៉ុណ្ណោះដែលអាចជួយអោយពួកគាត់បន្តការតស៊ូបាន!»។

អ្នកនាង លី ម៉ារីណា ក៏ធ្វើការរិះគន់ចំពោះអ្នកផ្ទុកមេរោគអេដស៍ដែលខ្វះភាពក្លាហានផងដែរ។ អ្នកនាងថាអ្នកខ្លះបានដឹងថាខ្លួនមានផ្ទុកមេរោគនេះ ប៉ុន្តែមិនត្រឹមតែលាក់មុខមិនទៅទទួលថ្នាំពន្យារប៉ុណ្ណោះទេ គឺថែមទាំងបានគិតខ្លីបង្កផលប៉ះពាល់ដល់ខ្លួនឯង ដល់សង្គម និងដល់គ្រួសារផ្ទាល់ខ្លួននោះផង។ អ្នកនាងថា នេះមិនខុសពីការសម្លាប់ខ្លួនឯងនោះទេ អ៊ីចឹងហើយទើបអ្នកនាងទទូចឲ្យអ្នកដែលបានជ្រុលខ្លួនផ្ទុកមេរោគអេដស៍ កុំកើតជំងឺបាក់ទឹកចិត្ត និងហ៊ានប្រឈមមុខទទួលស្គាល់ការពិតដើម្បីផលប្រយោជន៍របស់ខ្លួន។

អ្នកនាងថា៖ «ខ្ញុំអត់គាំទ្រទេ អ្នកដែលដឹងថា ខ្លួនគាត់មានជំងឺហ្នឹងហើយលាក់បាំងមិនទៅទទួលថ្នាំពន្យាររហូតបណ្ដាលអោយខុសភាពចុះខ្សោយ!»។

អ្នកនាង លី ម៉ារីណា ថាអ្នកផ្ទុកមេរោគអេដសន៍ និងអ្នកជំងឺអេដស៍ គឺមិនខុសពីអ្នកមានសុខភាពធម្មតានោះទេ បើអ្នកជំងឺនោះចេះថែសុខភាព ហើយទៅទទួលថ្នាំពន្យារអោយបានទៀងទាត់ ដោយមិនមានអារម្មណ៍ខ្មាស់អៀន។

លោក អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអះអាងថា ក្នុងមួយថ្ងៃប្រទេសកម្ពុជាមានអ្នកជំងឺថ្មីៗ ចំនួន២នាក់ជាប្រចាំ ដែលលោកយល់ថាគឺជាគ្រោះថ្នាក់មួយដែលមហាជនគ្រប់រូបគួរតែមានការយល់ដឹង។ លោករំពឹងតារាសិល្បៈនិងអ្នកសារព័ត៌មាននឹងបន្តពាំនាំចំណេះដឹងដែលបានទទួលពីសិក្ខាសិលានេះ យកទៅផ្សព្វផ្សាយបន្តតាមរយៈសំណេរនៅលើបណ្ដាញសារព័ត៌មាននិងតាមរយៈឱកាសឡើងឆាករបស់តារាសិល្បៈ។

លោកថា អ្នកជំងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដសន៍ នៅមិនទាន់អស់ពីការរើសអើងនៅឡើយទេ បើទោះជាមានការទទូចឲ្យយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ អ៊ីចឹងហើយទើបលោកសម្រេចបើកវគ្គបណ្ដុះបណ្ដាលជាមួយតារាសិល្បករ ផលិតករ និងអ្នកសារព័ត៌មានចែករំលែកចំណេះដឹងអេដស៍ជាលើកដំបូងក្នុងឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ