អ្នកបោសសំអាតអំពាវនាវឲ្យពលរដ្ឋ​ដើរកំសាន្តចេះទទួលខុសត្រូវលើបញ្ហាសំរាម

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:08 PM | បរិស្ថាន | 0 | 2995 រូបភាពពីក្រសួងសាធារណការ​ និង ដឹកជញ្ចូូន

អ្នក​បោស​សំរាម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក អំពាវនាវឲ្យពលរដ្ឋដែលដើរកំសាន្តចេះទទួលខុសត្រូវបញ្ហាសំរាមផ្ទាល់ខ្លួន ដើម្បីជាផ្នែកមួយនៃការជួយបង្កលក្ខណៈងាយស្រួលដល់អ្នកបោសសំអាត និង លើកស្ទួយកិត្តិយសរបស់ជាតិ​។

អ្នក​បោស​សំរាម​ចាប់ពីមុខសាល​មហោស្រប​ចតុមុខ ទៅ​មុ​ខណា​ហ្គាវើលថ្លែងថា​សំរាម​ជា​ច្រើន​រយ​គីឡូ​ត្រូវ​បាន​បោះ​ចោល​ពាសវាល​ពាស​កាលពិសេស​នៅ​សួន​មុខ​ណា​ហ្គាវើល បើ​ទោះ​បី​ជា​នៅ​ទី​នោះ​មាន​ដាក់​ធុង​សំរាម​ជា​ច្រើន​ក៏​ដោយ​។

អ្នក​បោស​សម្អាត​ម្នាក់​អ្នក​ស្រី​រស់ សុផល ថា​ក្រុម​របស់​អ្នក​ស្រី​ត្រូវ​ងើប​មក​បោស​សម្អាត​នៅ​ទី​តាំង​នេះ​ចាប់​ពី​ម៉ោង​៥​ព្រឹក​រហូត​ដល់​ម៉ោង​៧​ទៅ​៨​ព្រឹក​ទើប​បោស​សម្អាត​រួច។ អ្នក​ស្រី​ថាអ្នក​លក់​ដូរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សំរាម​របស់ខ្លួន​នោះ​ទេ ដោយ​មិន​បាន​រៀប​ចំ​សំរាម​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ​នោះ។

អ្នក​ស្រី​ថា៖ « បើដាក់ឡាំងឡើងពីរឡាំងឯណោះមិនដឹង​(សំរាម)ប៉ុន្មានគីឡូ​! ដាក់រទេះពីបីបួនហើយនៅមិនអស់ទៀតខ្ញុំស្មានមិនត្រូវ​​ទេ »

អ្នក​បោស​សំរាម​ម្នាក់​ទៀត​ឈ្មោះ​​យាយ​ថុន ថា​ក្រុម​ការងារ​របស់​លោក​យាយ​ត្រូវ​នៅ​បោស​សំអាត​នៅ​ទី​តាំង​នេះ​រហូត​ដល់​ម៉ោង​៤​រសៀល​ទើប​ត្រលប់​វិញ ដោយ​ជំនួស​មក​វិញ​ដោយ​ក្រុម​ការងារ​បោស​សំអាត​ថ្មី។

អ្នក​បោស​សំអាត​ក្នុង​ក្រុម​ជាមួយ​គ្នា​នោះ​​លោក ប៊ុន ថុន ​ស្នើ​ដល់ពលរដ្ឋ​ដែល​មក​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូ​កទាំង​អស់​​ទទួល​ខុស​ត្រូវ​ទៅ​លើ​សំរាម​របស់​ខ្លួន​ដោយ​រៀប​ចំដាក់​ក្នុង​ធុង​ ឬ​វេច​ខ្ចប់​ដាក់​ក្នុង​ថង់​មួយ​ជៀស​វាងចោល​ពាស​វាល​ពាស​កាលដែល​ធ្វើ​ឲ្យ​ខូ​ច​សោភ័ណ​ភាព​នៃ​ពិធី​។

លោក​ថា៖ « ភាគច្រើនអ្នកដែលទៅហូបចុកលើសូនហ្នឹងហ្មងគឺអត់មានសណ្តាប់ធ្នាប់ ដូចជាក្រដាសជូតមាត់ដូចជាចានជ័រហូបហើយអត់មានគិតថាខ្ចប់ថង់មួយចងទៅយកមកដាក់នៅធុងសំរាមអត់ទេ! ជូនកាលដាក់ទៅនៅពាសពេញនៅសួចច្បារហ្នឹង ក្រឡេកទៅឃើញក្រដាសជូតមាត់ក្រដាសអនាម័យអីហ្នឹងនៅពេញតែសូនទាំងអស់។ ហើយចឹងអ្នកដែលសំអាតហ្នឹងគឺសំអាតវេទនាដែរ តែបើសិនជាកន្លែងហ្នឹងលក់ដូរចឹងយើងដាក់ថង់មួយបើថាវាពេញហើយចងក្របួចទៅកុំឲ្យវាហៀទឹកពេញវាលកាលចឹងទៅក៏វាល្អម្យ៉ាងដែរ។ តែនេះពលរដ្ឋយើងមិនចេះជួយគ្នាផងដល់ពេលចឹងអ្នកបោសអ្នកសំអាតនេះគ្នាក៏យ៉ាប។ ហើយពេលខ្លះគេដៀលយើងថាពួកអាសំរាមចឹងយើងក៏អន់ចឹងដែរ »

មិនត្រឹមតែពិធីបុណ្យអុំទូកតែប៉ុណ្ណោះទេ ទំលាប់​នៃការចោល​សំរាម​របស់​ប្រជាជន​ខ្មែរ​នៅតែ​មិន​ទាន់​អាច​កែរប្រែបានទាំងស្រុងនៅឡើយ ពោលគឺរាល់មានពិធីធំៗ ឬប្រមូលផ្តុំមនុស្សម្តងៗ សំរាមគឺតែង​តែ​មាន​វត្ត​មានជានិច្ចរាល់ពេលបញ្ចប់នៅពិធីទាំងនេះ។

រូបភាពពីក្រសួងសាធារណការ​ និង ដឹកជញ្ចូូន

យោង​តាម​ហ្វេស​បុក​របស់​មន្ទីរ​សាធារណការ​រាជធានីភ្នំពេញ ចំពោះ​សំរាម​ក្នុង​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​អុំ​ទូក គឺ​មាន​ច្រើន​ជាង​ថ្ងៃ​ទី​មួយ​ទៅ​ទៀត​ ដែល​នៅ​រាយប៉ាយ​ពាស​វាល​ពាស​កាល​ពេញ​ទី​តាំង​ប្រារព្ធ​ពិធី​បុណ្យ បើ​ទោះ​បី​ធុងសំរាមចំនួន ២៤៤២ធុង ត្រូវបាន​ដាក​ពង្រាយ​ក៏​ដោយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required