ប្រមុខ​ការទូត​កម្ពុជា​គ្រោង​ហោះ​ហើរ​ទៅ​ហ្វីលីពីន​ថ្ងៃ​ស្អែក​នេះ

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 2:11 PM | នយោបាយ | 0 | 3838 រូបភាពពី​ហ្វេសប៊ុក លោក ប្រាក់ សុខុន

ក្រសួង​ការទេស​កម្ពុជា បាន​ប្រកាស​ថា ប្រមុខ​ការទូត​កម្ពុជា គ្រោង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ស្អែក​នេះ ដោយ​ថា ​​​​ដើម្បី​ពង្រឹង​​​បន្ថែមនូវ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ ទំាងក្នុង​កម្រិត​តំបន់​ ​និង​អន្តរ​ជាតិ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​នេះ ក្រសួងការបរទេស​កម្ពុជា​ បាន​និយាយ​ថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងទៅបំពេញទសន្សកិច្ចផ្លូវ​ការនៅហ្វីលីពីនចន្លោះ​ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ​នេះ។

ក្រសួង​អះ​អាង​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក ប្រាក់ សុខុន គឺ​ដើម្បីពង្រឹងបន្ថែមទៀតនូវ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេស​ទំាង​ពីរ ទំាងក្នុង​កម្រិត​តំបន់​ និងអន្តរ​ជាតិ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ប្រមុខ​កាទូត​កម្ពុជា​រូប​នេះ និង​ប្រមុខ​កាទូត​ហ្វីលីពីន គ្រោង​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ចម្រុះ​​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​​ទ្វេ​ភាគី​កម្ពុជា-ហ្វីលីពីន ដែល​ក្រសួង​ថា ជំនួប​នោះ​នឹង​ជជែក​លើ​វិស័យ​នានា ចាប់​ពី​វិស័យ​នយោបាយ​រហូត​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​វប្បធម៌។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ប្រមុខកាទូត​កម្ពុជា លោក ប្រាក់ សុខុន ក៏​នឹង​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រម​ព្រៀង​មួយ​សម្រាប់​ទប់​ស្កាត់​ការ​លួច និង​ការ​ជួយ​ដូរ​ខុស​ច្បាប់​សម្បត្តិ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ និង​អនុស្សារណៈ​យោគ​យល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​លើ​​វិស័យ​ការពារ​ជាតិ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required