លោក សម រង្ស៊ី៖ សង្គ្រោះជាតិនឹងមកចូលរួមការបោះឆ្នោតឆ្នាំ ២០១៨

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 11:27 AM | នយោបាយ | 0 | 7329 ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស បាន​អះ​អាង​ជា​ថ្មី​ថា អតីតគណបក្សសង្គ្រោះជាតិ នឹងអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតនាឆ្នាំក្រោយ​នេះ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់បក្សកាន់អំណាច វាយបកថា មិនអាចទៅរួច​ទេ។

អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែលទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ប្រហែល ៣​លាន​នាក់​ នៅ​ក្នុង​​​បោះ​ឆ្នោត​​​ឆ្នាំ​២០១៣​នោះ​ ត្រូវ​បាន​តុលាការ​កំពូល​​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំអតីតបក្សប្រឆាំងចំនួន ១១៨​រូប ​ត្រូវគេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​​រយៈ​ពេល ៥​ឆ្នាំ ខណៈ​លោក កឹម សុខា ក៏កំពុងជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ក្បត់​ជាតិ»។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាមួយ​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២ ខែធ្នូ អតីតប្រធានគណបក្សសង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហាញក្ដីសង្ឃឹមថា អតីតគណបក្សប្រឆាំង​មួយ​នេះ នឹងអាចវិលមកចូលរួមប្រកួតប្រជែង​ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។

លោក សម រង្ស៊ី បាន​អះអាងដូច្នេះ ដោយ​សម្អាង​ថា សំពាធពីអន្ដរជាតិ នឹងជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទម្លាក់ចោលចេតនា​កម្ចាត់អតីតបក្សប្រឆាំងដ៏ធំមួយនេះ ចេញពីឆាកនយោបាយ។ នេះដោយយោងតាមវីដេអូ ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ហាក់មិនបានបង្ហាញយន្ដការ និងគោលនយោបាយក្នុងស្រុក ដែលជំរុញឲ្យអតីតគណបក្សប្រឆាំងមួយនេះ អាចដំណើរការឡើងវិញនោះទេ។

ក្នុងកិច្ចប្រជុំ លោក សម រង្ស៊ី ថ្លែងថា៖ «ពេលដល់ឆ្នាំ២០១៨នេះ គឺវាមិនអាចលួចយើងបានដូចមុនទេ។ ពេលហ្នឹងសម្ពាធអន្តរជាតិនឹងជំរុញឲ្យ​ គ.ជ.ប. នឹងដំណើរការឡើងវិញ គួយ ប៊ុនរឿន អីហ្នឹង គឺត្រឡប់ទៅវិញ ធ្វើការខ្លាំងជាមុនទៅទៀត អញ្ចឹង​សុំឲ្យ​បងប្អូនទាំងអស់យល់ថា នេះគឺជាព្យុះ ព្យុះមួយរយៈពេលទេ យើងនឹងរកទីជម្រកទៅ»។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនអាចធ្វើទៅរួចនោះទេ និងថា សហគមន៍អន្ដរជាតិ ក៏មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។

លោកថា៖ «សុំជំរាប សម រង្ស៊ី ថា ខ្មោចងាប់ហើយ​ មិនអាចរស់ឡើងវិញទេ។ អាហ្នឹង ជាក្រិតក្រមធម្មជាតិ ការលើកឡើងរបស់គាត់ គ្រាន់តែ​ជាការស្រមើស្រម៉ៃ មិនអាចក្លាយទៅជាការពិតទេ។ ប្រវត្តិសាស្ដ្រកម្ពុជា​ វិលទៅមុខ មិនមែនវិលថយក្រោយទេ»។

អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា អតីតគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញទេ ប្រសិនបើសម្ពាធពីអន្ដរជាតិ​នៅមានកម្រិតតិចតួចដូចសព្វថ្ងៃនេះ។ មួយវិញទៀត លោកវិភាគថា​ វាក៏អាស្រ័យលើ​ប្រជាពលរដ្ឋខ្មែរភាគច្រើន ថាតើពួកគេពេញចិត្ត ឬមិនពេញចិត្ត ចំពោះរបត់នយោបាយបែបនេះ។

លោកថា៖ «ប្រសិនត្រឹមកម្រិតប៉ុណ្ណឹង ខ្ញុំមិនជឿថា មានប្រសិទ្ធិ​ភាពទេ ប្រហែលជាក្នុង​កាលះទេ​សៈនេះ ត្រូ​វឲ្យ​ខ្លាំងមែនទែន ដល់កម្រិតបិទផ្សារផលិតផលខ្មែរ [ផលិតផលសម្លៀកបំពាក់នាំទៅល​ក់នៅអា​មេរិក​ និងអឺរុប]។ ប៉ុន្តែ ខ្ញុំ​មិន​ជឿថា ​គេឈានដល់ហ្នឹងទេ។ តាមពិតខាងក្នុងហ្នឹង ខ្លាំងជាងខាងក្រៅ អាហ្នឹងហើយជាសម្ពាធទៅដល់ថ្នាក់ដឹកនាំ។ ឧទា​​រណ៍ជា​ក់​ស្តែង វាមានទៅហើយ ដូចជានៅប្រទេសថៃ រដ្ឋប្រហាយោធាមាននរណាធ្វើអី»។

ក្រោយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល សហគមន៍អន្ដរជាតិ​នាំ​មុខ​ដោយ​សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្ដរជាតិមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្ដបន្ទាប់ ដោយថា បានរំលោភ​សិទ្ធិពលរដ្ឋ និងឆ្ពោះទៅរកការដឹកនាំបែបផ្ដាច់ការ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required