ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​នៅ​អូស្ត្រាលី​ការពារ​រដ្ឋាភិបាល​កម្ពុជា ខណៈ​មួយ​ក្រុម​ទៀត​គ្រោង​តវ៉ា​ស្អែក​នេះ

ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​​នៅអូស្ត្រាលី បាន​ចេញ​មុខ​ការពារ​រដ្ឋាភិបាល​កម្ពុជា​​កាល​ពី​សប្ដាហ៍​មុន ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ទៀត គ្រោង​រៀបចំ​ការ​តវ៉ា​មួយ​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ប្រឆាំង​ទៅ​នឹង​ចំណាត់​ការ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គណបក្ស​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ខណៈ​ដែល​មេដឹកនាំ​បក្ស​នេះ លោក កឹម សុខា នៅ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។

ជាង​នេះ​ទៅ​ទៀត អាសនៈ​សភា​ទាំង ៥៥​របស់​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ធំ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ ក៏​ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ ដែល​មិន​បាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​នោះ​ឡើយ។

វិធានការ​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា​​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស ដោយ​ចាត់​ទុក​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

ប៉ុន្តែ សមាគម​វប្បធម៌​កម្ពុជា សមាគម​ខ្មែរ-អូស្ត្រាលី​នៃ​រដ្ឋ​ឃ្វីនស្លែនដ៏​សាជិវកម្ម សមាគម​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​រដ្ឋ​វីចតូរីយ៉ា   សមាគម​យុវជន​ខ្មែរ​ទីក្រុង​ស៊ីដនី និង​សមាគម​មិត្តភាព​កម្ពុជា និង​វប្បធម៌​ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង​សាជីវកម្ម បាន​ផ្ញើ​លិខិត​រួម​មួយ​ទៅ​កាន់​ប្រធាន​ព្រឹទ្ធ​សភា​អូស្ត្រាលី លោក Scott Ryan និង​ប្រធាន​រដ្ឋ​សភា​អូស្ត្រាលី លោក Tony Smith កាល​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ដោយ​បាន​លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ប្រឆាំង​នឹង​អតីត​បក្ស​ប្រឆាំង ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​កម្ពុជា។

ក្នុង​លិខិត​ដែល​ភ្ជាប់​មក​ជាមួយត្រា​ស្ថាប័ន ប៉ុន្តែ មិន​បាន​បញ្ចេញ​ឈ្មោះ​តំណាង​ស្ថាប័ន​ណា​ម្នាក់​នោះ ក្រុម​សមាគម​ទាំង ៥​នោះ អះ​អាង​ថា ការ​អនុវត្ត​ច្បាប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា គឺ​ដើម្បី​ធានា​រក្សា​នូវ​សន្តិភាព ស្ថេរភាព សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម។

សមាគម​​ខ្មែរ​ទាំង ៥​នោះ បាន​ផ្ញើ​លិខិត​នៅ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​អូស្ត្រាលី​បែប​នេះ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ទៀត គ្រោង​នឹង​រៀបចំ​ការ​តវ៉ា​មួយ​​នៅ​ទីក្រុង​កង់បេរ៉ា​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន និង​ឲ្យ​គោរព​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

តំណាងសហព័ន្ធខ្មែរអូស្រ្តាលី លោកស្រី  វ៉ា ម៉ាលីណា ប្រាប់វីអូឌី​នៅ​ថ្ងៃ​នេះ​ថា  ការធ្វើបាតុកម្មថ្ងៃស្អែកនេះ នឹង​មានពលរដ្ឋខ្មែររស់នៅ ៥​រដ្ឋក្នុងប្រទេសអូស្ត្រាលីចូលរួម។ លោកស្រីបន្តថា   បន្ទាប់ពីតវ៉ាចប់ ពួកគាត់នឹងនាំគ្នាយកញ្ញត្តិទៅ​ដាក់​ឲ្យ​រដ្ឋាភិបាល អូស្ត្រាលី ដើម្បីទាមទារឲ្យដោះលែង លោក កឹម សុខា និងទាមទារឲ្យ​ដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជាដែលកំពុងរំលោភសិទ្ធិមនុស្សផងដែរ។

អ្នកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែមិនខ្វល់ពីការទាមទាររបស់អន្តរជាតិនោះទេ កម្ពុជានឹងទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ខណៈ​ដែល​សហគមន៍​អន្តរជាតិបាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា។

លោកស្រីថា៖«ទាមទារឲ្យដោះលែងលោក កឹម សុខា។ ទី២ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើងទាមទារឲ្យរដ្ឋាភិបាលប្រទេស​អូស្រ្តាលីខ្លួនឯងដែលជាម្ចាស់​ហត្ថាលេខី ឲ្យគាត់កោះហៅម្ចាស់ហត្ថាលេខីទាំងអស់កោះប្រជុំសារឡើងវិញ ទាក់ទងនឹងរឿងប្រទេសកម្ពុជា ដែលគិតថា កំពុងជួបវិបត្តិនយោបាយធ្ងន់ធ្ងរ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ចាត់ទុកការធ្វើបាតុកម្មនោះថា ជាសិទ្ធិរបស់​ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ​មិនបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ហើយរដ្ឋាភិបាល​កម្ពុជាក៏មិន​ខ្វល់ចំពោះការដាក់ទណ្ឌកម្មនោះដែរ។

លោក​ប្រាប់​ថា៖«ឯកឧត្តម កឹម សុខា លាតត្រដាងការពិតអំពីអំពើសន្តិដ្ឋិភាពជាមួយបរទេស បង្កើតអំពើប្រទុស្តរាយមកលើប្រទេសជាតិខ្លួនឯងនេះ។ សួរថា តើដែលចាត់វិធានការ​​ចំពោះបទល្មើសនឹងជាការត្រឹមត្រូវឬអត់? អញ្ចឹងសូមបងប្អូនយល់អំពីបញ្ហា​ហ្នឹង។ ទោសដល់ថ្នាក់ក្បត់ជាតិមិនមានលក្ខណៈណាលេង ហើយការដែលចាប់ឯកឧត្តម កឹម សុខា ក៏មិនមែនបាតុកម្មឲ្យចាប់ដែរ គេចាប់តាមផ្លូវច្បាប់។ អញ្ចឹងការដោះលែងក៏​មិនមែនបាតុកម្ម ដើម្បីឲ្យដោះលែងដែរ»។

ចំពោះអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានលើកឡើង​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​ថា បាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសខាងមុខនេះ អាចជួយឲ្យមានការប្រែប្រួលស្ថានការណ៍ក្នុងប្រទេសកម្ពុជាដែរ តែមិនអាចវាស់ថា បានកម្រិតណាទេ បើទោះជាខាងក្នុងប្រទេស មិនមានការតវ៉ាជាសាធារណៈ។

លោកមានប្រសាសន៍ថា៖ «ការដែលមិនតវ៉ា​ដោយចំហ មិនមែនថា គេអត់តវ៉ាទេ គឺដោយសារគេមិនហ៊ាន ដោយសារមានការបង្ក្រាបពីកងប្រដាប់អាវុធ។ ប៉ុន្តែ ខាងក្រោមផ្ទៃរាបស្មើស្ងប់ស្ងាត់ហ្នឹង គឺក៏មានការពុះកញ្ជ្រោលពីខាងក្រោមដែរ ដែលមិនអាចមើលឃើញ […]»។

បាតុកម្ម​នេះ ត្រូវ​បាន​គ្រោង​រៀបចំ​ធ្វើ​ឡើង​តែ​ ៥​ថ្ងៃ​ប៉ុណ្ណោះ នៅ​មុន​គម្រោង​បាតុកម្ម​របស់​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង នៅ​មុខ​សេតវិមាន​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅ​ចំ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ