វិភាគ៖ តើរដ្ឋាភិបាលគួរធ្វើដូចម្តេចកុំឲ្យវិស័យកាត់ដេរបារម្ភពីការបិទទីផ្សារនៅអឺរុប

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 2:25 PM | បទវិភាគ | 0 | 6132 លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ក្រោយពីសហភាពអឺរុបគំរាមបង្ក​កកា​រអ​នុ​​គ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​កម្ពុជា ​ ក្រុមស​ហជីព និ​ង​ស​​មា​​​គម​​រោងចក្ររោងចក្រកាត់ដេរ បាន​បង្ហាញ​ការ​ព្រួយរបារម្ភចំពោះ​ការព្រមានបែប​នេះ។

របាយការណ៍របស់​ការិយាល័យ​ស្ថិតិ​អាមេរិក និង​សហភាព​អឺរ៉ុប បង្ហាញថា កម្ពុជា​បាន​នាំ​ផលិត​ផល​កាត់​ដេរ​មាន​តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​អាមេរិក និង​ជិត​ ៥​ពាន់​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​អឺរ៉ុប កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ប៉ុន្តែ សហរដ្ឋអាមេរិក និងអឺរុប បានគំរាមបែបនេះ ក្រោយពីតុលាការកំពូលរបស់កម្ពុជា បានប្រកាស​រំ​លា​​យ​​អតីតគណបក្សសង្គ្រោះជាតិ និងបន្តឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា។

ជាការកត់សម្ពាល់ មិនមែនមានតែអាមេរិក និងសភាពអឺរុបទេ ដែលគំរាមរដ្ឋាភិ​បាលក​ម្ពុជា​ពី​ការ​ដា​ក់​ទណ្ឌកម្មសេដ្ឋកិច្ច បើប្រទេសនេះមិនបើកលំហរប្រជាធិបតេយ្យ ដោយឲ្យគណ​បក្សសង្គ្រោះជាតិ បាន​ចូលរួ​មប្រកួតការបោះឆ្នោតនៅឆ្នាំ២០១៨ ឡើងវិញ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។

ប៉ុន្តែ ជា​រឿយៗ រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន​ សែន តែងតែអះអាងថា សម្ពាធណាមួយ​របស់ប្រទេស​លោ​​កសេ​​​​​រីពេលនេះ លោកថា មិនមែនជាការចង្អុលទិស​ឲ្យរដ្ឋាភិបាលសម្រេចចិត្តទេ។

ទំនងជាចរន្តបញ្ច្រាសទិសនៃការយល់ឃើញផ្សេងគ្នា​រវាងរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ អំពីរ​បត់​​​ន​​យោបា​យ​ថ្មីនៅកម្ពុជានេះហើយ ទើបជំរុញឲ្យក្រុមសហជីព និងសមាគម​រោងចក្រកាត់​ដេរ​នៅ​កម្ពុជា ប​​ង្ហាញ​ពី​ក្តីបាម្ភ​ខ្លាចអាមេរិក និងអឺរុបបិទទីផ្សារសម្រាប់​ផលិត​ផល​កាត់​ដេរ។

កាលពីសប្តាហ៍មុន សហជីពមួយក្រុម​បានអំពាវនាវទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក កុំដា​ក់ទ​ណ្ឌ​កម្ម​​​សេដ្ឋកិច្ចកម្ពុជា ដោយ​ថា បើមានការដាក់ទណ្ឌកម្មមែន ពលរដ្ឋស្លូតត្រង់ ជាអ្នករងគ្រោះ ក្លាយជាចំណា​ប់ខ្មាំ​ងន​យោ​បា​​យ​ ។

ក្រុមសហជីពអះអាងថា ពួកគេមានក្ដីបារម្ភយ៉ាងខ្លាំង ដោយថា ផលិតផលក្នុ​ងវិស័យកា​ត់ដេរ​ និងវិស័​យផ្សេ​ងទៀត ប្រមាណ៨០ភាគរយ ត្រូវបាននាំ​ចេញទៅកា​ន់ទីផ្សា​រអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយថា បើ​បិទច្រ​កទីផ្សារទាំង២នេះមែន នោះនឹងធ្វើប៉ះពា​ល់ជីវភាពកម្មករ ប្រ​មា​ណ​​៨០ម៉ឺននាក់ និងប៉ះពាល់​ប្រ​យោ​​​លដល់ពលរដ្ឋជិត២លាននាក់ផ្សេងទៀត។

បន្ទាប់មក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ក៏បានអំពាវនាវទៅ អ្នក បញ្ជាទិញ អន្តរជាតិទាំងអស់ ឲ្យ​បន្តគាំទ្រ​ដល់កម្ពុជា និងរោងចក្រជា​សមាជិក ។

GMACបាន​ស្នើ​ទៅ​អ្នក​បញ្ជា​ទិញ​អន្តរជាតិ កុំ​ឲ្យ​បក​ស្រាយ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ទៅ​ជា​សកម្ម​ភា​​​​ព​​​​ណា​​មួយ​ ដែលGMACថា ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​អវិជ្ជមាន ​ដល់​ផលិតកម្ម និង​សង្វាក់​ផ្គត់​ផ្គង់​នៃ​ឧស្សា​ហ​កម្ម​កាត់​ដេរ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា និយោជក កម្មករទាំងអស់ ព្រមទាំងសហជីព កំពុងធ្វើការងារដូចធម្មតា និង ដោយ​សន្តិភាព ដើម្បី​ផ្គត់​ផ្គង់​សេដ្ឋកិច្ច​ផ្ទាល់ខ្លួនរបស់ពួកគេ និងសេដ្ឋកិច្ចកម្ពុជា ហើយការអភិវឌ្ឍនៃ​ឧស្សាហ​កម្ម​របស់​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ បាន​យក​ប្រជា​ពលរដ្ឋ​រាប់​លាននាកចេញពីភាពក្រីក្រ។

តើរដ្ឋាភិបាលគួរធ្វើដូចម៉េ្ដចកុំឲ្យវិស័យកាត់ដេរបារម្ភពីការបិទទីផ្សារនៅអឺរុប?

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ទីផ្សារនៅ​អា​​​មេរិក ​និងអឺរុប លោ​កថា ពិតជាទីផ្សារដ៏សំខាន់មួយ ជួយដល់កំណើនសេដ្ឋកិច្ច និងជាទីផ្សាការងារ​រ​ប​ស់​កម្មករនៅកម្ពុជា។

ប៉ុន្តែ ​លោក មឿន តុលា ថា ប្រទេសលោកសេរី តែងតែជំរុញឲ្យមានតម្លាភាព ទាំងផ្នែកធ្វើនយោបាយ ផ្នែ​ក​សេ​​រីភាពបញ្ចេញមតិ របស់ពលរដ្ឋ និងសិទ្ធិទាមទារលក្ខខ​ណ្ឌការងារ​រវាងកម្មក​រ និ​ងថៅកែ​រោងចក្រ។

លោកថា៖«ព្រោះធម្មតាទេ កាលណាសេរីភាពជាមូលដ្ឋានរបស់មនុស្សត្រូវបានគេរឹតត្បិត ដូចជាសេរី​ពបញ្ចេ​ញមតិ សេរីភាពប្រមូលផ្តុំ សេរីភាពក្នុងការជួបជុំអី។ល។និង។ល។ហ្នឹង ។ សិទ្ធិសមាគ​មអីហ្នឹង ត្រូ​វបានរឹតត្បិត វាអត់បានឆ្លុះបញ្ចាំងថា កម្មករហ្នឹង មានអំណាចក្នុងការចរចារដោយភាពស្មោះ​​​​ត្រង់ ដោយស្មើមុ​ខគ្នាទេ។ អញ្ចឹង ចង់មិនចង់ វាត្រូវតែប៉ះពាល់ដល់សិទ្ធិរបស់កម្មករដែរ គ្រាន់​តែ​យូ និងឆាប់ទេ។ ​ហើយជាក់ស្តែ​ងយើ​ង​ឃើ​ញថា មួយរយៈនៃការតម្លើងប្រាក់ឈ្នួលហ្នឹង មិនមែនកើតឡើងដោយសារតែអំណាចនៃការចរចាររបស់​ភា​គី​សហ​ជីព ជាមួយនិយោជកទេ។ ប៉ុន្តែ ការដំឡើងហ្នឹងចេញពីចេតនានយោបាយច្រើន​ជាង»

លោក មឿ​ន តុលា វិភាគថា អ្វីដែលរដ្ឋាភិបាលអាចជួយវិស័យកាត់ដេរ កុំឲ្យភ័យក្លាច​ពីការបិទទី​ផ្សារ​នៅ​អា​មេ​រិក និងសហភាពអឺរុបនេះ លោកថា រដ្ឋាភិបាលត្រូវជំរុញយន្តការប្រជាធិបតេយ្យ ដ៏ពិតប្រាកដមួ​យ​ដែ​ល​​​មានផ្ត​ល់ជំនឿទុកចិត្តដល់សហគមន៍អន្តរជាតិ។

លោកថា៖ «អ្វីជាការព្រួយបារម្ភរបស់ជាតិ អន្តរជាតិ និងអ្នកបញ្ជាទិញនឹងគេចង់ឃើញ​កម្ពុជាងាកមកដើ​រលើ​គន្លង​ប្រជាធិបតេយ្យឡើងវិញ ជាពិសេសខ្ញុំគិតថា គួតែលុបចោលនូវសេចក្តីសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទី១៦ខែវិច្ឆិកា [រំលាយគណបក្សសង្គ្រោះជាតិ] ហើយនិងធ្វើវិសោ​ធនកម្មច្បា​ប់គណបក្ស​នយោបាយឡើ​ងវិញ ដើម្បីកុំឲ្យវាមានកា​ររំលាយគណបក្ស​នយោបាយហ្នឹងងាយពេក។

ព្រោះបើកាលណាយើងអត់ធ្វើអស់ហ្នឹងទេ យើងធ្វើឲ្យឫស្សគល់នៃប្រជាធិប​តេយ្យដែលគេ​ចំណាយ​លុយរា​ប់​លា​​នដុល្លារ រាប់ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩១មកគឺវា​ត្រូវសូន្យទៅវិ​ញ។អញ្ចឹង​ខ្ញុំគិត​ជាវាជា​ប្រយោ​ជន៍ជា​តិ​​​​យើ​ង​ទេ មិនមែនប្រយោជន៍បរទេសទាំអស់ហ្នឹងទេ»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ​ លោក បណ្ឌិត មាស នី វិភាគថា បញ្ហាសេដ្ឋកិច្ច ត្រូវផ្សាភ្ជាប់ទៅ​នឹ​ងប​ញ្ហា​​​​​​​ន​​​យោបាយ ដោយថាបើការសម្រេចចិត្តផ្នែកនយោបាយខុស អាចនឹងប៉ះ​ពាល់ពា​ល់ដ​ល់​​បញ្ហា​សេ​ដ្ឋកិ​ច្ច​។​​លោកថា ដោយសាបញ្ហាសម្ពាធពីបរទេសចេញពីរឿងនយោបាយ លោកថាដំណោះ​ស្រាយដែល​មាន​ប្រ​​​សិ​ទ្ធិភាព ត្រូវចេញពីឆន្ទះរបស់អ្នកនយោបាយ។

លោកថា៖ «អញ្ចឹងគេទាមទារឲ្យវិស័យទាំងនយោបាយទាំងសេដ្ឋកិច្ចត្រូវដើរឲ្យត្រូវជើងគ្នា ។ហើយនៅស្រុយើ​​ងនេះមានបញ្ហាដោយសារតែអ្នកនយោបាយ គាត់ចម្រេចចិត្តទៅ ដល់ឥឡូវអ្នកកាន់កាប់ខាងសេដ្ឋកិច្ចគាត់​​ទន្ទឹងថាវានឹងអាចប៉ះពាល់មកលើពួកគាត់។

ប៉ុន្តែ សម្រាប់ខ្ញុំការស្នើឲ្យគេកុំបញ្ឈប់ការទិញឬបង្កើនការបង់ពន្ធអីនេះ ជារឿងត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំចង់ឃើក្រុ​​អ្នកវិនិយោគទាំងអស់ហ្នឹងអាចធ្វើពាក្យមួយទៀតទៅរដ្ឋាភិបាលផងដែរទៅ ព្រោះ​គេខាងណោះ​[អាមេរិក និងអ៊ឺរុប]គេចោទថារដ្ឋាភិបា​លមានការរំលោភសិទ្ធិ​មនុស្សអីហើយបា​នគេដាក់ទណ្ឌក​ម្មនោះ​។

អញ្ចឹ​ងជម្រើសមួយទៀតអាចនាំគ្នាធ្វើជាញត្តិដើម្បីទៅសុំធ្វើការពិចារណាឡើងវិញពីអ្នកនយោបាយ ពិសេសរដ្ឋាភិបាលហ្នឹង ដើម្បីឲ្យពិនិត្យរឿងហ្នឹងឡើងវិញ អាហ្នឹងវាលឿនផង ព្រោះអីយើងសុំទាំងក្រៅផង សុំទាំងក្នុងផង»

បើតាមលោក មាស នី ដើម្បីជួយដល់វិស័យកាត់ដេរ កុំឲ្យពួកគេភ័យខ្លាច បាត់បង់ទីផ្សារ ក្នុងសង្វាក់​ផ​លិ​ត​​​កម្មក របស់ពួកគេ រដ្ឋាភិ​បាលត្រូវធ្វើជាអាជ្ញាកណ្តាល ​មិន​​ត្រូវធ្វើជាខ្នងបង្អែក គណបក្ស​ណាមួយ ​ ជំរុ​ញ​ឲ្យ​​កា​រសម្រេ​ចចិ​ត្តនោះ​ ភ្ជាប់ទៅនឹងការពង្រីកកំណើនសេដ្ឋកិច្ច ពង្រីកទីផ្សា​​រ​ការងារ​ នៅក្នុងស្រុ​ក មាន​​ប្រា​​​​ក់​ឈ្នួល​ស​ម​រម្យ ​​ ដូចប្រទេសជិតខាង ។

លោកថា៖«នៅក្នុងប្រទេសណាក៏ដោយរដ្ឋាភិបាលត្រូវឈរនៅកណ្តាល ហើយអ្វីដែលជាទំនាស់​កន្លងមក​ជាទំនាស់របស់​គណបក្សកាន់អំណាច និងគណបក្សប្រឆាំង អញ្ចឹងបានខ្ញុំបាននិយាយកន្លងមក ក្រោយពីជ​ម្លោះត្រូវបានបញ្ចប់ក្រោយពីរំលាយសង្គ្រោះជាតិមក អ្នកដែលត្រូវរ​ងសម្ពាធនិងដោះស្រា​យបញ្ហាធ្ងន់ៗប​​ន្តប​ន្ទា​ប់គឺ​​​រដ្ឋាភិបា​លជាអ្នករងទុក្ខក្នុងការដោះស្រាយរឿងហ្នឹងដដែល គណបក្សប្រជា​ជនគាត់ឈ្នះគា​ត់កំ​ពុ​ង​​សម្បា​យចិត្តហើយ»

សរុបជារួម អ្នកវិភាគថា ដើម្បីឲ្យវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើង ឈប់បារម្ភពីការ​បិទទីផ្សា​រនៅ ​ ប្រទេសលោកសេរី រដ្ឋាភិបា​ល​​​ត្រូ​​​​វ​​បន្តពង្រឹង​យ​ន្ត​​ការ​ប្រជាធិបតេយ្យ និងរៀបចំដំណើរកា​របោះឆ្នោ​​​​ត​​ឲ្យ​​​​​ប្រព្រឹត្តិទៅដោយ​សេរី ត្រឹមត្រូ​វ និងយុត្តិធម៌ មានការទទួលស្កាល់ពីសហគមន៍អន្តរជាតិ។

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required