តូបរបស់អាជីវករខ្មែរនៅផ្សាររុងគ្លឿ ប្រទេសថៃ រងការឆាបឆេះ

ភ្លើងឆេះតូបនៅផ្សាររុងគ្លឿ ប្រទេសថៃ

អាជីវករខ្មែរនៅផ្សាររុងគ្លឿប្រទេសថៃជាប់ច្រកទ្វាអន្ដរជាតិក្រុងប៉ោយប៉ែត ខេត្ដ​បន្ទា​យមានជ័យ ឲ្យដឹងថា តូបលក់ដូររបស់ខ្មែរចំនួនពីរតូបនៅផ្សារនេះ ត្រូវបានអគ្គីភ័យឆាបឆេះនៅព្រឹក​ថ្ងៃ​ទី៥​ខែមករានេះ។

អាជីវករខ្មែរលក់ដូរនៅផ្សាររុងគ្លឿ លោក ផាន់ ណា ប្រាប់វីអូឌីថា អគ្គីភ័យបាន​កើត​ឡើងនៅម៉ោង៩ព្រឹកថ្ងៃទី៥ខែមករានេះ ប៉ុន្ដែលោកថាមិនដឹងពីមូលហេតុនៃការឆាបឆេះនេះទេ។ លោ​កបន្ដថាអគ្គីភ័យនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សនិងរាលដាល​ដ​ល់តូបលក់​ផ្សេងទៀតនោះឡើយ ដោ​យ​សារសមត្ថកិច្ច​ថៃបានប្រើរថយន្ដពន្លត់ភ្លើងទាន់ពេលវេលា។ លោកបន្ដថា៖ «មិនមានអីរាលដាលទេ ព្រោះ​មានថៃ គេអន្ដរាគមន៍ទាន់ពេល ហើយឥឡូវរលត់ជាស្ថាពរអស់ហើយ»។

អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មានប្រសាសន៍ថា អាជ្ញាធរខ្មែរមិនទាន់ទទួលព័ត៌​មានពីការខូចខាតនិងបាត់បង់តូបលក់ដូររបស់ជន​ជាតិ​ខ្មែរ​នៅឡើយទេ ដោយរងចាំការពិនិត្យជាក់ស្ដែង។លោកបន្ដថា៖ «បាទ ឆេះនៅតូបផ្សារថៃ ប៉ុន្ដែ​មិនទា​ន់​ទទួល​ព័ត៌មានជាក់លាក់ មិនអាចធ្វើអត្ថាធិប្បាយបានទេព្រោះក្នុងនាមអាជ្ញាធរ ទាល់តែមានព័ត៌មានជាក់​លាក់ផ្លូវការ បានយើង​ហ៊ានធ្វើអត្ថាធិប្បាយជូន ប៉ុន្ដែរឿងឆេះដឹងតែឆេះហើយ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ តូបអាជីករនៅផ្សារររុងគ្លឿចំនួន​៥តូប ក៏ត្រូវបានអគ្គីភ័យឆាបឆេះដូចគ្នានេះដែរ ដែលមន្ដ្រីជំនាញសង្ស័យឆ្លងចរន្ដអគ្គិសនី។​ ការឆាបឆេះនេះ បន្ទាប់ពីអាជ្ញាធរថៃ ចុះត្រួតពិនិត្យទំនិញក្លែងក្លាយកម្មសិទ្ធិបញ្ញាឬបន្លំម៉ាកយីហោ​នៅ​ផ្សារ​នោះ កាលពីខែកុម្ភៈ ឆ្នាំ២០១៦​។ កាលណោះក្រុមអាជីវករខ្មែរបានប៉ះ​ទង្គិចជាមួយ​សមត្ថ​កិច្ចថៃ បណ្ដាលឲ្យរថ​យន្ដមួយគ្រឿង​ខូចខាត និងអាជីវករខ្មែរ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ចថៃចាប់​បញ្ជូន​ទៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ