ក្រសួងហៅពលរដ្ឋកោះកុងទៅបញ្ជាក់ពីការទាមទារសំណងខណៈជម្លោះអូសបន្លាយជិត១០ឆ្នាំ

ពល​រដ្ឋមាន​ជម្លោះ​ដី​ធ្លីជាង​១០​ឆ្នាំ​នៅ​កោះ​កុង

មន្រ្តីរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយវិវាទដីធ្លីបានកោះហៅពលរដ្ឋខេត្តកោះកុងដែលឡើងមកតវ៉ាដល់ភ្នំពេញនោះទៅបញ្ជាក់ពីការទាមទារសំណង ខណៈអ្នកភូមិនៅតែបន្តដើរដាក់ញត្តិស្ទើររាល់ថ្ងៃតាមស្ថាប័នពាក់ព័ន្ធ។

ក្នុងសប្តាហ៍នេះ ពលរដ្ឋប្រមាណ១០០នាក់មកពីខេត្តកោះកុង ដែលមានជម្លោះដីធ្លីជិត១០ឆាំ្ន បាននាំដើរដាក់ញត្តិជាបន្តបន្ទាប់នៅតាមស្ថាប័នរដ្ឋដូចជា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យលោកនាយករដ្ឋ​ ទីស្តីការគណៈរដ្ឋមន្រ្តី និងស្ថាប័នផ្សេងទៀត ដើម្បីរកកិច្ចអន្តរាគមន៍ពីស្ថាប័នទាំងនោះឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅថ្ងៃព្រហស្បតិ៍នេះ បានកោះហៅពលរដ្ឋទាំងនោះមកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា ក្នុងកិច្ចពិភាក្សានោះ ពលរដ្ឋសម្រេចទាមទារដី២ហិកតានិងថវិកា៥០០០ដុល្លារសម្រាប់១គ្រួសារ និងមួយទៀតគឺទាមទាឲ្យមានប្រព័ន្ធផ្លូវក្នុងសហគមន៍។

អ្នកស្រីបន្តថា ប្រសិនបើមិនតាមការទាមទាទេ ក្រុមពលរដ្ឋគឺមិនទទួលយកឡើយ ហើយពួកនៅតែបន្តតវ៉ារហូត។

អ្នកស្រីបន្ថែម៖ “មុននឹងមកទីនេះ គឺពួកយើងបានពិភាក្សាលំអិតយ៉ាងម៉ត់ចត់ថា ពួកយើងចុះអស់ហើយត្រឹម៥០០០ដុល្លានិង២ហិកតាហ្នឹង ដែលវាតិចបំផុតហើយ ចំពោះក្រុមហ៊ុនគេយកដីយើងទៅប្រើប្រាស់ចំណេញផលប្រយោជន៍ច្រើនមែនទែន តែសម្រាប់ពួកយើងធ្លាក់ខ្លួនក្រីក្រ ទទួលសំណងប៉ុណ្ណឹងយកសងគេសឹងមិនគ្រប់ផង ចុះហើយអ្វីលុយប៉ុណ្ណឹងសងយើងមិនបាន បើសងមិនបានគឺយើងមិនទទួលយកទេ”។

ពលរដ្ឋម្នាក់ លោក សោម តឹង អាយុ៧០ឆ្នាំ និយាយថា ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ រំលោភយកដីគាត់អស់៥ហិតា ដែលលោកថាបច្ចុប្បន្នលោកនៅសល់ដីមិនដល់១ហិកតាទេសម្រាប់បង្កបង្កើនផល។

លោកបន្តថា គ្រួសារគាត់បានជួបផលលំបាកខ្វះខាតជីវភាព កូនៗចំណាកស្រុកដោយសារខ្វះដីធ្វើស្រែចំការ។

លោកបន្ថែម៖ “ខ្ញុំចំណាស់នេះខំមក គឺយើងចង់បានតែដីយើងវិញទេ យើងមិនឲ្យគេសងសំណងអីទេចង់បានតែដីយើងត្រឡប់មកវិញ ដើម្បីបានដីបង្កបង្កើនផល ធ្វើម៉េចសុំឲ្យអស់ លោកមេតាជួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អីជួយឲ្យបានដីរបស់ប្រជាជនត្រឡប់មកវិញ ដើម្បីបង្កបង្កើតផល”។

វីអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីប្រធានគណៈកម្មការដោះស្រាយដីធ្លីនៃក្រសួងរៀបចំដែនដី លោក ទេព ធន បានទេនៅរសៀលនេះ ដោយទូរសព្ទមិនចូល។

បើតាមតំណាងរបស់ពលរដ្ឋឲ្យដឹងថា ការដែលពួកគេទាមទារសំណងដី២ហិកតានិងលុយ៥០០០ដុល្លារក្នុង១គ្រួសារនោះ លោក ទេព ធន និយាយថា ក្រសួងនឹងយកសំណើនេះទៅពិភាក្សាដើម្បីដោះស្រាយ ប៉ុន្តែលោកមិនធានាថាបានដូចពលរដ្ឋទាមទារទាំងអស់នោះទេ។

ក្រុមពលរដ្ឋអះអាងថា ពួកគេជិត២០០គ្រួសារនៅស្រុកស្រែអំបិលនិងស្រុកបុទមសាគរខេត្តកោះកុងបាន​បាត់បង់​ដីទំ​​ហំ​៨៤​១​​ហិកតាតាំងពីឆ្នាំ២០០៦និងខ្លះ២០០៩ ដែលអ្នកតវ៉ាចោទថាដីទាំងនោះ​​ត្រូវ​​បា​​ន​ក្រុមហ៊ុ​​នចំនួន​​ពីរ​នៅខេ​ត្តនោះរំលោភយក គឺមានក្រុមហ៊ុនរបស់ លោក ហេង ហ៊ុយ និងក្រុមហ៊ុន ស្កស របស់សមា​ជិ​កព្រឹទ្ធ​​សភាមកពីគណបក្សប្រជាជនកម្ពុជាគឺលោក លី យ៉ុងផាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ