ប្រជាសហគមន៍បុរីកីឡាក្នុង១គ្រួសារ​ទារសំណងជាង២ម៉ឺនដុល្លារ ​

ពលរដ្ឋសហគមន៍បុរីកីឡា១១គ្រួសារទាមទារសំណងពីសាលារាជធានីភ្នំពេញ​ចំនួន ២ម៉ឺន៥ពាន់ដុល្លារជាថ្នូរទៅនឹងការចាកចេញពីតាំងដែលកំពុងមានជម្លោះនេះ ប្រគល់ទៅឲ្យក្រុមហ៊ុន ផាន អ៊ីមិន​ អភិវឌ្ឍ។

ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយអភិបាលរងសាលារាជធានីភ្នំពេញ​ លោក មាន ចាន់យ៉ាដា នៅថ្ងៃសុក្រនេះ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន លើកឡើងថា សាលារាជធានីព្រម​ផ្ដល់សំណងឲ្យពួកគាត់ គឺក្នុងមួយគ្រួសារទទួលបាន ១ម៉ឺន២ពាន់ដុល្លារ ប៉ុន្តែអ្នកស្រីមិនទទួលយក ដោយសារសំណងនេះតិចតួចពេក​ ។

អ្នកស្រីថា «ពីមុនគេ ៤០០០ដុល្លារនិង​ផ្ទះនៅភូមិអណ្តូងដដែល ប៉ុន្តែឥឡូវគេឲ្យ ១២០០០ដុល្លារ ទិញខ្លួនឯងទៅ។ អញ្ចឹងពួកមីងអត់ទទួល ដោយសារ យើងតវ៉ា៥ឆ្នាំ​ ជំពាក់គេ ហើយរបស់របបដែលឈូសផ្ទះយើងទៅវាបាត់បង់អស់ អញ្ចឹងទារ២៥០០០ដុល្លារ ដើម្បីសងបំណុលគេ ដើម្បីទិញផ្ទះ​ បង្កើតមុខរបបរកស៊ីឡើងវិញ ខ្ញុំឈប់ដើរតវ៉ាទៀតឲ្យតែបានផ្ទះពួក​ខ្ញុំឈប់ដើរតវ៉ាអីទៀតហើយ ព្រោះអីតវ៉ាដើម្បីផ្ទះ ហើយបើបានផ្ទះហើយពួកខ្ញុំនឹងប្របកមុខរបប យកធ្វើដើររកស៊ី ដូចថាគាត់ចង់ប្រកបមុខអីពីមុនមក គាត់ប្រកបមុនហ្នឹងវិញទៅ»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញមិនអាចផ្ដល់សំណងឲ្យប្រជាពលរដ្ឋខុសពីគោលនយោបាយដែលបានកំណត់នោះទេ។

លោកថា៖ «យើងនៅតែបើកស្មារតីក្នុងការចរចាឬក៏ទុកលទ្ធភាពឲ្យបងប្អូនរបស់យើងមកពិភាក្សាមកទទួលក៏ប៉ុន្តែមិនមានគោលនយោបាយសើលពីនេះទេ»។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា។ ក្រុមហ៊ុននេះ​សន្យាសង់អគារចំនួន១០ជូនប្រជាពលរដ្ឋ១៧៧៦គ្រូសារវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្ស័យធន ហើយពលរដ្ឋ៣៨០ដែលនៅសេសសល់ ត្រូវកំណត់ឲ្យទទួលសំណងតាមការកំណត់របស់ក្រុមហ៊ុន​និងអាជ្ញាធរ ប៉ុន្តែពលរដ្ឋមិនព្រម។​

ខណៈដែលពួកគេនៅមិនព្រមទទួលយកសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរនោះ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ​ក្រុមហ៊ុនផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ និងអាជ្ញាធរបានប្រើប្រាស់គ្រឿងចក្រឈួសឆាយផ្ទះពលរដ្ឋរាប់រយគ្រួសារនៅសហគមន៍បុរីកីឡាទាំងបង្ខំ ។

បន្ទាប់ពីមានការឈូសឆាយនោះ ពលរដ្ឋដែលនៅសល់៣៨០គ្រួសារ មានអ្នកខ្លះសុខចិត្ត ទទួលសំណង ប៉ុន្តែអ្នកខ្លះទៀត មិនព្រមទទួលសំណងនោះទេ ហើយបន្តតវ៉ារហូតដល់បច្ចុប្បន្ននេះ។

អ្នកស្រី ស ស៊ន អះអាងថា បច្ចុប្បន្ននេះ ពលរដ្ឋដែលមិនទាន់ទទួលបានសំណងពីសាលារាជធានីភ្នំពេញមានជាង១០០គ្រួសារទៀត ក្នុងនោះ១១គ្រួសារដែលអាជ្ញាធរពិនិត្យឯកសារហើយ ទារសំណង២ម៉ឺន៥ពាន់ដុល្លារ ចំណែក​អ្នកផ្សេងទៀតអាជ្ញាធរកំពុងតែពិនិត្យឯកសារ និងចរចាក្នុងការផ្តល់សំណង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ