ឧត្ដមសេនីយ៍​គប់​ចាន​លើ​នារី​រត់​តុ​ត្រូវ​បាន​ដក​ហូត​តំណែង ប៉ុន្តែ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់

លោក​ នេត សំអាត អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ នៃ​ក្រសួង​ការពារ​ជាតិ (ប្រភព៖ Fresh News)

ឧត្ដម​សេនីយ៍​យោធា​ម្នាក់​​ដែលបានប្រើអំពើហិង្សាលើក្មេងស្រីរត់តុនៅខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងការពារជាតិដកតួនាទី និងពិចារណាដាក់ពិន័យតាមច្បាប់កងទ័ព ប៉ុន្តែ សង្គមស៊ីវិលចង់ឲ្យចាត់ការតាមច្បាប់ព្រហ្មទណ្ឌ ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព។

ថ្លែងប្រាប់VOD​តាម​ទូរសព្ទ​នៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា នេះជារឿងបុគ្គល ហើយក្រសួងការពារជាតិមិនគាំទ្រនូវអំពើរហិង្សាលើប្រជាជននោះទេ។

លោកមានប្រសាសន៍៖ «ខាងអធិការកិច្ចក្រសួងការពារជាតិ កំពុងធ្វើការ ប៉ុន្តែ នៅ​ចំពោះមុខ យើងដកតួនាទីគាត់សិន។ អាហ្នឹងប្រើច្បាប់កងទ័ព ហើយបើទាក់ទងជាមួយអំពើហិង្សា មានច្បាប់គេតើ»។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារសិទ្ធិមនុស្សអាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា ឲ្យដឹងថា ក្រុមការងារលោកបានចុះតាមដានករណីនេះជាប់កន្លងមក និងថា រឿងនេះមិនមែនជាកំហុសរដ្ឋបាលដែលត្រូវពិន័យ ឬដកបញ្ឈរជើងទេ ដោយថា នេះជាករណីព្រហ្មទណ្ឌ ត្រូវអនុវត្តតាមច្បាប់។

លោកមានប្រសាសន៍៖ «បើសិនជាយើងមិនអនុវត្តទេ បែរជាដកបញ្ឈរជើង ព្រមានណែនាំអញ្ចឹង យើងឃើញថា ហាក់ដូចជាច្បាប់ហ្នឹង​អត់មានសុពលភាពទៅលើអ្នកមានអំណាច មានលុយទៅវិញ»។

លោក​ នេត សំអាត អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ នៃ​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ថា បាន​គប់​ចាន​ទៅ​លើ​នារី​រត់​តុ​ម្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត បណ្ដាល​ឲ្យ​នារី​រូប​នោះ​រង​របួស​បែក​ក្បាល។

មន្ត្រី​យោធា​រូប​នេះ បាន​ព្យាយាម​បញ្ចប់​ជម្លោះ​នេះ ជាមួយ​ការ​បង់​សំណង​នៃ​ការ​ខូច​ខាត ១​លាន ៤​សែន​រៀល ទៅ​ឲ្យ​នារី​រង​គ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ