សិស្សវិទ្យាល័យមួយនៅបាត់ដំបងផ្ទុះការតវ៉ាករណីដកគ្រូបង្រៀនពួកគេ

សិស្សានុសិស្សនៅវិទ្យាល័យបរវេលតវ៉ាករណីដកគ្រូបង្រៀនពួកគេ (ប្រភព៖ ហ្វេសប៊ុក)

សិស្សានុសិស្សរាប់សិបនាក់នៅវិទ្យាល័យមួយក្នុងស្រុកបរវេល ខេត្តបាត់ដំបង បាន​ប្រមូលផ្តុំគ្នាតវ៉ានៅ​មុខការិយាល័យ​អប់រំយុវជន និងកីឡាស្រុក ប្រឆាំង​ទៅ​នឹង​ការ​ដក​គ្រូ​បង្រៀន​ ២​រូប បន្ទាប់​ពី​ផ្ទុះ​វិវាទផ្ទៃក្នុងសាសា។

វិវាទ​រវាង​នាយក​វិទ្យាល័យ​បរវេល លោក ហូ វុទ្ធី និង​គ្រូ​បង្រៀន​គណិតវិទ្យា លោក រ៉ាត់ សារ៉េត និង​គ្រូ​បង្រៀន​ម្នាក់​ទៀត បាន​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​គណៈ​គ្រប់​គ្រង​សាលា​រូប​នេះ បាន​ចោទ​គ្រូ​បង្រៀន​ទាំង ២​រូប​នោះ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​សាលា និង​ជេរ​ប្រមាថ​រូប​លោក ប៉ុន្តែ ត្រូវ​បាន​គ្រូបង្រៀនទាំងពីរនាក់នោះ ចោទនាយកសាលារូបនេះវិញថា តែងតែជេរប្រមាថមកលើលោកគ្រូអ្នកគ្រូ និងគាបសង្កត់លើសិស្សលើជាដើម។

សិស្សម្នាក់ដែលអះអាងថា រៀនថ្នាក់ទី​១២ នៃវិទ្យាល័យបវេល លោក លន់ លីហូវ ប្រាប់វីអូឌីថា សិស្សានុសិស្សប្រមាណជិត១០០នាក់នៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាតវ៉ាមុខមន្ទីអប់រំស្រុក ដើម្បីទាមទារឲ្យគ្រូពីរនាក់ចូលបង្រៀនឡើង​វិញ។

លោក លន់ លីហូវ ឲ្យដឹងថា គ្រូបង្រៀនផ្នែកគណិតវិទ្យា លោក រ៉ាត់ សារ៉េត និងគ្រូបង្រៀនផ្នែកសីលធម៌ លោក នាង ចំណាប់ ត្រូវបានគេឈប់ឲ្យបង្រៀននៅវិទ្យាល័យបវេល ដោយសារតែមានជម្លោះជាមួយនាយកសាលានៅទីនោះ។

លោកបន្ថែមថា៖ «ពួកខ្ញុំតវ៉ាសុំឲ្យគ្រូខ្ញុំនៅបង្រៀនបន្តទៀត ព្រោះគេបញ្ឈប់គាត់ តែពួកសិស្សគេអត់សុខចិត្ត ព្រោះគ្រូខ្ញុំបង្រៀនល្អ ហើយផ្នែកគណិតវិទ្យាទៀត ព្រោះដើមហេតុនៃរឿង គឺរឿងផ្ទាល់ខ្លួនគាត់នាយក ដល់ពេលអញ្ចឹង វារាល់ដាលដល់សិស្សដែរ»។

យុវតី ថាវ លាភ ដែល​ប្រាប់​ថា​ជា​សិស្ស​ផង​ដែរ​នោះ បាន​ស្នើ​ឲ្យ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​នាយក​សាលា និង​គ្រូ​បង្រៀន ជុំ​វិញ​វិវាទ​មួយ​នេះ។

កញ្ញាបន្ថែមថា៖ «ពួកខ្ញុំតវ៉ា ព្រោះ គ្រូខ្ញុំគាត់បង្រៀនល្អ គាត់ណែនាំឲ្យពួកខ្ញុំធ្វើតែអំពើល្អ មិនដែលណែនាំពួកខ្ញុំធ្វើអាក្រក់ផង ហើយគាត់ចូលចិត្តនិយាយតែរឿងការពិត តាមតែគាត់មើលឃើញ។ និយាយទៅ បើសិនគេអត់ដោះស្រាយ ពួកខ្ញុំបាតុកម្មអត់ចូលរៀនទេ»។

សិស្សម្នាក់​ទៀត​ដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា​ លោក ហូ វុទ្ធី បានគំរាមថា ប្រសិនសិស្សទាំងនោះនៅតែបន្តតវ៉ាទៀត នាយកសាលារូបនោះ នឹងកាត់បេក្ខភាពមិនឲ្យពួកគេប្រឡងឡើយ។

កញ្ញាបន្ថែមថា៖ «ហើយនិយាយថា ពួកខ្ញុំអត់មានសិទ្ធិទុកគ្រូ ឬក៏ដកគ្រូចេញទេ មានបានត្រឹមតែអង្គុយរៀនប៉ុណ្ណោះ ហើយគាត់គំរាមពួកខ្ញុំថា ប្រសិនបើពួកខ្ញុំនៅតែបន្តធ្វើរឿងហ្នឹងទៀត គាត់លុបឈ្មោះលែងឲ្យប្រឡងហើយ»។

វិអូឌីមិនសុំការឆ្លើយបំភ្លឺពី​លោក ហូ វុទ្ធី បានទេជុំវិញការលើកឡើងនេះ ដោយទូរស័ព្ទលោកមិនអាច​ទាក់ទងបាន។

អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកបវេល លោក សួង វេង បាន​ប្រាប់​ថា ក្រោយមានវិវាទនៅវិទ្យាល័យ​បវេល គណៈកម្មការអប់រំស្រុក និងខេត្ត បានសម្រេចប្តូរឲ្យ​លោក រ៉ាត់ សារ៉េត គ្រូបង្រៀនផ្នែកគណិតវិទ្យា និងគ្រូបង្រៀន ​លោក នាង ចំណាប់ មកធ្វើការនៅការិយាល័យ​អប់រំ​ស្រុក​វិញ ប៉ុន្តែ លោក​ថា ប្រសិន​បើ​ក្រុម​សិស្សជំទាស់ លោកថា ក្រុម​សិស្សទាំងនោះអាចដាក់ពាក្យបណ្តឹងទៅក្រសួងអប់រំឲ្យបានមុន ១៥ថ្ងៃ ដើម្បីតវ៉ាក្រសួងជាអ្នក​ដោះស្រាយវិញ។

លោកបន្ថែមថា «ព្រោះគណៈថ្នាក់ខេត្តលោកអ្នកសម្រេចហើយ ប្រសិនបើគាត់ព្រម ឬ​មិនព្រម គាត់អាចដាក់ពាក្យបណ្តឹងទៅក្រសួង​អប់រំទៅក្នុងរយៈពេលខាង​មុខ ១៥ថ្ងៃ ដើម្បីឲ្យក្រសួងលោកអ្នកចាត់វិធានការវិញ ព្រោះគណៈកម្មការស្រុកយើងជួយគាត់បានតែប៉ុណ្ណឹងទេ»។

លោកគ្រូ រ៉ាត់ សារ៉េត បាន​ប្រាប់​ថា ករណីជម្លោះរវាងលោក និងនាយកសាលានោះ ជារឿងតូចតាចមួយមិនគួរមន្ទីរអប់រំ ស្រុកនិងខេត្តធ្វើការផ្លាស់ប្អូរដូច្នេះទេ ហើយថា លោកមិនតតាំងក្តីដល់ក្រសួងឡើយ ដោយថា ទុកសិស្សជាសម្រេចក្នុងរឿងនេះ។

លោកបន្ថែមថា៖ «បើសិនខាងការិយាល័យ​អប់រំស្រុក និងខេត្តហ្នឹង គេដាច់ខាតកំណត់ឲ្យពួកខ្ញុំប្តូរមកហើយ ពួកខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ មានតែតាមហ្នឹងទៅ ប៉ុន្តែ កូនសិស្សដែលរៀនជាមួយខ្ញុំ ពួកគេមិនសប្បាយចិត្តទេ ពួកគេនឹងតវ៉ាទៀតហ្នឹង»។

សិស្សវិទ្យាល័យបវេលឲ្យដឹងថា នៅម៉ោង១១ព្រឹកនេះពួកគេបានផ្អាកការតវ៉ា និងត្រឡប់មកតវ៉ាពេលថ្ងៃទៀត។ សិស្សមួយចំនួន ព្រមានថា ប្រសិនជាអត់មានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាអត់ចូលរៀន។

ជុំ​វិញ​វិវាទ​រវាងនាយកសាលា និងគ្រូបង្រៀននៅវិទ្យាល័យបវេលនេះ កាលពីចុងឆ្នាំ២០១៧ អាណាព្យាបាល និងសិស្ស បានស្នើ​សុំ​ឲ្យ​មាន​ការ​សម្រប​សម្រួល​គ្នា ដោយ​មិន​ចង់​ឲ្យ​វិវាទ​នេះប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​ទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ