យុគ យក្សផ្លែ ​បានឡើងវគ្គ​១៦នាក់ ក្រោយ​ផ្អាក​​ដាំ​បន្លែ​២ខែ

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 7:52 AM | កំសាន្ដកីឡា | 0 | 1204

នៅទី​បំផុត​ ​ការប្រកួតដែល​​​ដ៏ស្វិត​​ស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥​ ក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ​ជើងឯក​វគ្គថ្មី ​​កាលពីថ្ងៃទី៣កុម្ភៈ ត្រូវបានបញ្ចប់ហើយ ដោយការប្រកួតជម្រុះ​គូរទី​​១​​​ នៅក្នុងថ្ងៃនោះ គឺ​ជើងខ្លាំង​ប៉ះ ជើង​ខ្លាំងតែម្ដង​រវាងកីឡាករ​ល្បីឈ្មោះ ​​​​យុគ យក្ស​ផ្លែ និង​​​កំពែងខ្មៅ ដែលសុទ្ធតែជាកីឡាករ​ល្បីឈ្មោះ និង​មាន​បទពិសោធន៍​​យូរឆ្នាំ។ ​​ការប្រកួតដែលត្រូវគេកត់សម្គាល់​​ថា ជាការជម្រុះ​​រវាង​​​កីឡាករល្អ និង​​កីឡាករ​ល្អនេះ ​​នៅទីបំផុតកីឡាករ​​​​​​​​​មកពីខេត្ត​បាត់ដំបង ​​យុគ យក្ស​ផ្លែ ​​​​គឺជាអ្នកឈ្នះ បន្ទាប់ពីលោក​បានប្រកាស​ដោយបើក​ចំហរ​​​សុខចិត្ត​​​​ទម្លាក់ចោលការងារ​ដាំបន្លែ​​​ប្រចាំគ្រួសារ​អស់​​រយៈពេល​​​​២ខែ មុនឡើងរេញ។

ជំនួប​ប៉ះគ្នារវាងកីឡាករ ​​​​យុគ យក្សផ្លែ និងកីឡាករ​​កំពែងខ្មៅ ត្រូវបានគេ​​ចាត់ទុកថា​​​ជា​​​​​ប្រកួត​ជម្រុះ​​​រវាង​​ជើងខ្លាំង​​​​​នឹងជើងខ្លាំង និងរវាង​​​កីឡាករ​​ឡើងកូដជួរមុខ​​​នឹងជួរមុខ ដែល​​​អ្នកទាំងពីរ​​សុទ្ធតែមាន​​កម្លាំង​គាំទ្រប្រហាក់ប្រហែលគ្នា។ រវាង​អ្នកទាំងពីរ​​ទោះអ្នកណាបានឡើង​ក៏​មិនខុសគ្នានោះដែរ ​​​​​ដោយសារតែកីឡាករម្ខាងៗសុទ្ធតែមានសមត្ថភាព ​​ហើយបើនិយាយពីបច្ចេកទេស​​​សម្រាប់ការប្រកួតក៏មិនធម្មតា​​​ដូចគ្នា អ៊ីចឹងហើយ​ទើប​​​ការ​ប៉ះគ្នារវាង​ពួកគេ​ត្រូវបាន​​​​អ្នកទស្សនា​សោកស្ដាយ ដោយសារតែ​ត្រូវមាន​ម្នាក់​​ហាល​អាវ ​លែងមាន​ឱកាសឡើងវគ្គបន្ត។ លោក សេង កដិកា បានហៅ​ជំនួប​​របស់អ្នកទាំងពីរ​ថា​ជា​រឿង​ចៃដន្យ​ដោយសារតែពេលចាប់ឆ្នោត​​បែរជាត្រូវ​​ប៉ះគ្នា​​​។ ​​​

លោកថា ​​​​​​​ក្នុងចំណោម​​កីឡាករ​ដែលបានជម្រើសថ្មី​​​ទាំង​​៣២​រូប ​​មានការ​បញ្ចូលដោយ​កីឡាករជើង​​ចាស់ និងជើងថ្មី​​​​​​​​ ​ទើប​សូម្បី​​តែលោក​សម្ដែង​ការ​ចាប់អារម្មណ៍ នៅពេល​​​ចាប់ផ្ដើម​ហើយ​​​​​​បែរជាអ្នកទាំងពីរ​​​ប៉ះគ្នាក្នុងជុំទី​១។ ​​លោកថា​​​​ បើកុំ​តែ​​​ចាប់​ឆ្នោត​ត្រូវ​​​ប៉ះគ្នា នោះ​​​​​​​អ្នកទាំងពីរ​នឹង​បាន​ឡើងវគ្គ​បន្តដូច​គ្នាដោយ​ស្វ័យ​ប្រវត្តិ ជាពិសេសបើ​ប៉ះជាមួយកីឡាករ​​​​ជើងថ្មី​ក្នុងចំណោម​​​៣២​រូប។

លោកនិយាយថា ​«​​បើការ​ជម្រុះ​​វគ្គ​ដំបូង ​២​នាក់ហ្នឹង​អត់​​​​​ចាប់ឆ្នោត​​ជួបគ្នា ​ពួកគេ​ពិតជា​​ប៉ះគ្នាក្នុងវគ្គល្អមើលជាងហ្នឹង!»។

ការប្រកួតរបស់គូទាំង​២ ល្អមើល ជាពិសេសនៅពេលភាគីម្ខាងប្រឹង​ៗ​​រៀងខ្លួន តែ​កីឡាករ​​​យុគ យក្ស​ផ្លែ នៅតែមានឱកាស​វាយ​អោយបង្គោលក្រហម គឺកំពែងខ្មៅ ដែលជាកីឡាករល្អម្នាក់​​​បោះបង់ការប្រកួតក្នុងទឹកទី​​២​។ មួយគូនេះ​ប្រកួតគ្នា​​​បាន​ត្រឹមតែ​​ទឹកទី​​​​២​​ប៉ុណ្ណោះក៏បានបញ្ចប់ ដោយសារតែកីឡាករ​ដែលឈ្នះការប្រកួត ​​និងជាអ្នកដណ្ដើមបាន​កៅអី១៦នាក់​ ​​​ប្រថុយ​ចូលសម្រុក​​​ក្រោយពីក្ដៅ​ស្លឹកត្រចៀក ហើយ​លទ្ធផលចុងក្រោយគឺ​​គេអាចធ្វើអោយ​កីឡាករ​​ កំពែង ខ្មៅ ​​ត្រូវ​​ចំ​​​ចំណុចសំខាន់ ហើយ​​​​មិនអាចបន្តការ​ប្រកួត​បាន​ដោយជោគជ័យ។ ​

យុគ យក្ស​ផ្លែ បានអះអាងថា ​មុនពេល​​​​សម្រេចចិត្ត​ឡើងរេញ លោកបានចំណាយ​ពេលរហូតដល់​​៣ខែ ដើម្បី​​​​ហ្វឹកហាត់ទាំងកម្លាំង​ស៊ុហ្វ និង​បច្ចេកទេស ទើប​ការប្រកួត​​​​​ដែលបានធ្វើឡើង​​ធ្វើអោយលោក​មានទំនុកចិត្តថា​ឈ្នះ​​តាំងពី​ពេល​​ប៉ះគ្នា បើទោះជា​​​បើកឆាកទឹកទី​១លោក​​​ត្រូវកីឡាករគូប្រកួត​​វាយអោយ​ចង់​​​​​​​​ទ័លទី​ច្រើនអន្លើ។ លោកថា​​​​​​​នៅខេត្តបាត់ដំបង លោកគឺជាអ្នក​​ដាំបន្លែរួម​មានស្ពៃ និង​បន្លែបង្កា​ផ្សេងទៀតដើម្បី​លក់ដូរ និង​យក​លុយ​ដោះស្រាយ​ជីវភាព បន្ទាប់ពីការងារ​​​​ផ្សេងទៀត​​​មិនអាចអោយលោក​ទទួលបានកម្រៃ​​ទៀងទាត់​​នៅពេលការប្រដាល់​​មិន​មានការផ្គូរ​ផ្គង។ ​

ប៉ុន្តែ លោកនៅតែសម្រេចចិត្ត​​​​ដកឃ្លា​​ពីការ​​​មើលថែ​​បន្លែ និងដាំបន្លែ ​​​​​​​​​​​ដោយទុកអោយ​តែភរិយា​​មើល​ខុសត្រូវ​​ដំណាំ​បន្លែ​ម្នាក់​ឯង ហើយលោក​​​​​​​​​​បង្ហាញខ្លួន​តែ​នៅកន្លែងក្លិប​ហ្វឹកហាត់ ព្រោះតែមិន​​ចង់​​បរាជ័យ​។ ​លោកថា​​​ការប្រកួត​កន្លងមកគឺ​ទាល់តែមានការ​ផ្គូរ​ផ្គង​​ទើប​បានឡើងរេញ ប៉ុន្តែបើ​លោក​​​​ប្រកួតឈ្នះសម្រាប់ការប្រកួត​​​​​​​​នៅប៉ុស្ដិ៍លេខ​​៥ គឺលោកនឹងមានការ​ប្រកួត​ជាប្រចាំ​បើ​​លោក​​​​​បន្តឈ្នះ​​នៅពេល​ឡើងជម្រុះ ទើបលោក​សុខចិត្ត​​​​​​​បោះបង់​​ដំណាំ​បន្លែ​ដល់ទៅ​​២ខែ​​​​ដើម្បី​ហ្វឹកហាត់ ​​​ហើយជាលទ្ធផល​គឺលោកបានឈ្នះ។

លោកនិយាយថា ​​​«​ដាំបន្លែ​​ពីរបីខែទើប​​បានលក់ម្ដង ហើយក៏បានតែ​​​៣០ម៉ឺន​(រៀល)អីទេ ប៉ុន្តែ​​បើ​បានឡើងរេញ​ញឹក​​គឺ​​​​បានច្រើនជាង ទើបខ្ញុំអត់​អាចអោយ​ចាញ់​បានទេ ដើម្បី​បាន​​ឡើងប្រកួត​​​រហូត​​​​​​ស្រួល​​រក​លុយ»

លោកសប្បាយចិត្តដែល​ការបោះបង់​ការ​​ដាំបន្លែរបស់លោកដល់ទៅ​​២​​ខែ ទទួលបាន​លទ្ធផល​​ល្អ ក្នុងពេលដែលលោកក៏រាងបុកពោះ​ច្រើនដែរ ​សម្រាប់ការ​ប៉ះគ្នាជាមួយ​​​​ជើងខ្លាំង កំពែងខ្មៅ។ លោកត្រូវបានបន្តទៅវគ្គ​១៦នាក់ ​​​និងត្រៀមខ្លួន​បន្តការជម្រុះ​​​​ដណ្ដើម​កៅអី​​៨នាក់បន្តទៀត ​ក្រោយពី​ឈ្នះការប្រកួត​ក្នុងជុំដំបូងនេះ៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required