លិខិតមិត្តអ្នកអាន៖ ស្វែងយល់ពីប្រតិកម្មរបស់រាស្រ្តលើការអនុវត្តច្បាប់ចរាចណ៍ថ្មី​​​​​

រាស្រ្តបានប្រតិកម្មស្ទើរគ្រប់ទីកន្លែងចំពោះការអនុវត្តច្បាប់ចរចរណ៍ថ្មីនៅកម្ពុជា។ តើប្រតិកម្មនេះបញ្ជាក់ថា​រាស្រ្ត​​​មិន​ចង់បានច្បាប់ចរាចរណ៍មួយដែលជួយឲ្យ​សង្គមដែលពួកគាត់កំពុងរស់នៅ​មានសណ្តា​ប់​ធ្នាប់​ល្អ​និង​សុ​វត្ថិ​​ភាពទេឬ?​ បើចង់បាន ហេតុអ្វីត្រូវប្រតិកម្មអវិជ្ជមាន? ជាចំណោទ​មួយដែល​មនុស្សគ្រប់​គ្នាសុទ្ធតែអាច​សួរ​បាន រួមទាំងរដ្ឋាភិបាលខ្លួនឯងផង។ ឥឡូវ​ដល់ពេលរកចម្លើយ​ចំពោះចំណោម​មួយនេះ ដោយចាប់ផ្តើម​ពី​ឬ​​ស​គល់​នៃ​ប្រតិកម្មជាដំបូងសិន។

តើរាស្រ្តប្រតិកម្មទៅលើអី្វ?

ប្រតិកម្មទៅលើខ្លឹមសារចែងក្នុងច្បាប់ចរាចរណ៍ថ្មីឬរាស្រ្ត​ប្រតិកម្មទៅលើនី​តិវិធីអនុ​វត្ត​​​​ច្បាប់ និងការផាកពិន័យឬរាស្រ្តប្រតិកម្មទៅ​លើមន្រ្តីអនុវត្តច្បាប់នៅហ្នឹង​កន្លែងឬរាស្រ្តប្រតិកម្ម​ដោយ​សារមិ​ន​បាន​ទទួលការផ្សព្វផ្សាយអប់រំពីច្បាប់ថ្មីគ្រប់គ្រាន់។ តើរាស្ត្រនិយាយនៅទីនេះជាអ្នកណា? តើពួកគាត់មា​ន​ការ​យ​ល់​ដឹង​ ការអប់រំ និងចេះអក្សរ ដូចគ្នាទេ? មានកម្រិត​​ប្រាក់ចំណូ​លនិងជីវភាពដូចគ្នាទេ? តើពួកគា​ត់អា​ច​ស្វែងរ​កព័ត៌​មានងាយស្រួលទេនិងដូចគ្នាទេ? ការយល់ពីប្រតិកម្មទាំង៤ប្រភេទខាងលើនិង​ការយល់ពីគ្នា​ឲ្យ​បា​នច្រើ​​នរ​វាងរាស្រ្តរបស់រដ្ឋនិងរដ្ឋរបស់រាស្រ្ត នោះយើងអា​ចមានដំណោះស្រាយ​ប្រកបដោ​យការគោរព​និង​យោ​​គយល់គ្នា។

ប្រតិកម្មលើខ្លឹមសារចែងក្នុងច្បាប់ចរាចរណ៍ថ្មី៖

រាស្រ្តមួយចំនួនលើកឡើងពីថ្លៃផាកពិន័យខ្ពស់។ តើពិតជាខ្ពស់មែនឬ? ឧទាហរណ៍៖ ម៉ូតូនិងកង់​បីផាក​ពិន័យ​​​ចន្លោះពី ១៥,០០០រៀលទៅ៣០,០០០រៀល។ ការបើកបរយានយន្តគ្មានប័ណ្ណបើក​បរត្រូវពិ​ន័យច​ន្លោះ ១០០​,០០០រៀលដល់៨០០,០០០ រៀល ។ ចុះប្រាក់ចំណូល​រាស្រ្ត? ចំនួនប្រជាជនកម្ពុជារកចំណូល​បាន​៩​២០០រៀលឬក្រោមនេះក្នុង១ថ្ងៃ  មានប្រហែល១១លាននាក់ គិតជាភាគរយជាង៧០% (របាយការណ៍ធនា​គារពិភពលោកឆ្នាំ២០១៤)។ ការបាត់ចំណូល​លប្រហែល១,២០០រៀលក្នុងមួយថ្ងៃ អាចបន្ថែមរាស្រ្ត ៣​លាន​នាក់ទៀតទៅក្នុងភាពក្រីក្រវិញ (មនុស្សម្នាក់រកចំណូលក្រោម ៣,៥០០ រៀលក្នុងមួយថ្ងៃចាត់ទុក​ស្ថិតក្នុង​ភាពក្រី​ក្រ​)។ តួ​លេខនេះបង្ហាញថាថ្លៃផាកពិន័យមួយដងអាចស្មើនឹងចំណូលរាស្រ្តមួយថ្ងៃទៅមួយខែពេញឬ អាចលើ​ស​ពីនេះ​​ផង។ ដូច្នេះទឹកប្រាក់ផាកពិន័យនេះគឺខ្ពស់កប់ពពកសម្រាប់រាស្រ្តប្រមាណ៧០%និង ខ្ពស់​មធ្យម​​សម្រា​ប់​រាស្រ្តប្រមាណ២០%ផ្សេងទៀត។

តើរដ្ឋាភិបាលដឹងរឿងនេះទេ? ខ្ញុំគិតថាប្រាកដជាដឹង។ ការផាកពិន័យខ្ពស់នេះ ក៏អាចជាអ្វីដែល​រដ្ឋាភិបាលរំ​ពឹងថា​​រាស្រ្ត​នឹងខ្លាចរអាហើយផ្លាស់ប្តូរឥរិយាបថបើកបរនិងប្រើយានជំនិះរបស់ខ្លួន ដើម្បីឈានដល់កា​រលុ​ប​បំបាត់​​​ឬកាត់បន្ថយបានច្រើននូវគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ បើ​រដ្ឋា​ភិបាលមានបំណងល្អអញ្ចឹង​ ហេតុអីរាស្រ្ត​ត្រូវខឹង? យើងទៅមើលចំណុច​ទីពីរខាងក្រោមបន្ត។

ប្រតិកម្មលើនីតិវិធីអនុវត្តច្បាប់និងការផាកពិន័យ?

តើគួរចាប់ផ្តើមផាកពិន័យពេលណានិង ផាកពិន័យ​ចំណុច​ណាខ្លះមុន ជាកត្តាចម្បង​ មួយក្នុងការអនុវត្តច្បាប់​ដោយ​​ប្រសិ​ទ្ធ​ភាព​និងទទួ​លយ​ក​បាន​ពី​រាស្រ្ត​។  យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថាកា​រកែទម្លាប់រាស្រ្តមួយ​ប្រទេ​សជា​រឿងដ៏លំបាកបំផុត​ដែលទា​ម​ទា​រ​ពេល​វេលានិងកិច្ច​សហការច្រើនស្ថាប័ន​រួមគ្នា ជាជាងយកជម្រើ​សនៃ​ការ​​ផាកពិន័យធ្ងន់ធ្ងរមួយមុខនោះ។

ខាងក្រោ​មជាជម្រើសមួយគួរយកមកពិចារណា !

ការអនុវត្តត្រូវធ្វើជាដំណាក់កាល (phased enforcement) ៖

១. រដ្ឋាភិបាលអាចចាប់យកចំណុច​សំខាន់​មួយ​ចំនួន​មករឹតបន្តឹងសិន(មានការលើកមតិមួយចំនួនរួច​ហើយ​នៅហ្វេសប៊ុក​) ក្នុងនោះចេញពី​ឡានទំនិញ​និងឡា​នធំក្នុងក្រុងភ្នំពេញដែលធ្វើចរាចរណ៍​និងចតគ្មា​នសណ្តា​ប់ធ្នាប់ បើកបរមានជាតិស្រវឹង (ទៅតាមអាទិភាពជាក់ស្តែង) ។ល។

២. ទន្ទឹមគ្នានោះ រដ្ឋាភិបាលអាចធ្វើការឃាត់យាន្តជំនិះទាំងឡាយ​ដើម្បីពិនិត្យឯកសារនានាហើយណែនាំឲ្យ​ទៅបំពេញឯកសារខ្វះខាតនៅស្ថាប័នទទួលខុសត្រូវដោយទុកពេលវេលាជាក់លាក់(៣ខែឬ៦ខែ) មុនចាប់ផ្តើ​មផា​កពិ​ន័យ។

៣. ត្រង់នេះរដ្ឋាភិបាលក៏ត្រូវតែជួយសម្រួលដល់រាស្រ្តចំពោះកន្លែងបំពេញ បែបបទឯកសារខ្វះខាតនានា ដោយធានាថារាស្រ្តអាចស្វែងរកសេវាបាននៅក្នុងខណ្ឌរបស់ខ្លួនឬតាមខេត្តរបស់ខ្លួនជាជាងទៅរកកន្លែងមានតែមួយឬពីរក្នុងទីក្រុងភ្នំពេញ(ករណីឆៀករថយន្តនិងកន្លែងប្រឡងយកប័ណ្ណបរ) ព្រោះថាពេលធ្វើកា​ររឹត​បន្តឹង រាស្រ្តនឹងសម្រុកទៅធ្វើ ជាហេតុធ្វើឲ្យ​កកស្ទះនិងអាចទៅច្រើនដងនាំឲ្យខាតពេលវេលា (រដ្ឋាភិបាលអា​ចដឹង​រួចហើ​យថាមានរាស្រ្តប៉ុន្មាននាក់ដែលខ្វះឯកសារគ្រប់គ្រាន់ទៅតាមការកំណ​ត់របស់ច្បាប់ថ្មី)។ នេះជា​ឱកា​ស​ដែលរដ្ឋាភិបាលត្រូវធ្វើការកែលម្អសេវាសាធារណៈ​របស់ខ្លួននៅតាមស្ថាប័ន​រដ្ឋនានា ដើម្បីឲ្យ​​ដូចនឹ​​ងកា​រចង់បានការកែទម្លាប់រាស្រ្តក្នុងការបើកបរ។

រាស្រ្តប្រតិកម្មទៅលើមន្រ្តីអនុវត្តច្បាប់នៅហ្នឹងកន្លែង

ទី១៖ សមត្ថភាពមន្រ្តីអនុវត្តច្បាប់នៅមានកម្រិត។ នេះជាការពិតដែលយើងត្រូវហ៊ានទទួលស្គាល់។ រដ្ឋា​ភិ​បា​ល​​គួរគិតគូរផ្តល់ការបណ្តុះបណ្តាលឲ្យ​បានច្រើនបន្ថែមទៀតដល់មន្រ្តីអនុវត្តច្បាប់ឲ្យ​យល់​ពីវិជ្ជាជីវៈ​និង​ការ​ប្រា​ស្រ័​យទំនាក់ទំនងល្អជាមួយរាស្ត្រដោយការគោរពនិងថ្លៃថ្នូរ។ ត្រង់នេះមន្រ្តីអនុវត្តច្បាប់បន្ថែមលើការ​អនុ​វត្ត​ច្បា​ប់​ ក៏គួរស្វែងយល់ពីស្មារតីច្បាប់ផងដែរ។ ការធ្វើបានដូច្នេះក៏អាចបង្កើនការសហការនិងទំនុ​កចិត្ត​ពី​រាស្រ្ត​ក្នុ​ង​កា​រពង្រឹ​ងច្បាប់ថ្មី។

ទី២៖ ត្រូវមានយន្តការក្នុងការត្រួតពិនិត្យនិងដាក់ពិន័យដល់មន្រ្តីអនុវត្តច្បាប់នៅនឹងកន្លែងទាំងឡាយណា (រួមទាំងមេកើយរបស់ខ្លួន) ដែលបានធ្វើខុសវិជ្ជាជីវៈឬឆ្លៀតឱកាសបំពានជាលក្ខណៈបុគ្គលទៅលើរាស្រ្ត។ ត្បិតមានចែងពីទោសទណ្ឌដល់មន្រី្តអនុវត្តច្បាប់ តែយន្តការត្រួតពិនិត្យនិងពិន័យហា​ក់មិនទាន់មាននៅ​ឡើយ​ទេ​ បើយើងអង្កេតតាមរយៈ​ប្រតិកម្មមួយចំនួននៅលើហ្វេសប៊ុក​កន្លងមក។

ក្នុងចំណុចនេះ​ ខ្ញុំសង្ឃឹមថាការធ្វើកំណែទម្រង់​ដ៏លំបាកតាមរយៈ​ការអនុវត្តច្បាប់ចរាចរណ៍​ថ្មីនេះ នឹងមិន​ក្លាយ​ជាឱកា​សដែលធ្វើអោយរាស្រ្តស្អប់រដ្ឋឬក៏រដ្ឋប្រកាន់រាស្រ្តធ្ងន់ធ្ងរឡើយ។ ពេលវេលានេះ ជាពេលដែល មន្រ្តីអនុវត្ត​ច្បាប់ដែលជាភ្នែក ជាត្រចៀករបស់រដ្ឋ អាចធ្វើអោយរាស្រ្តស្ងប់ឬស្អប់។

រាស្រ្តប្រតិកម្មដោយសារមិនបានទទួលការផ្សព្វផ្សាយអប់រំពីច្បាប់ថ្មីគ្រប់គ្រាន់និងច្បាស់លាស់

ទី​១៖ ​ការផ្សព្វផ្សាយច្បាប់ចរាចរណ៍​ថ្មីឲ្យ​បានទូលំទូលាយនិងខ្លឹមសារច្បាស់លាស់គឺ​សំខាន់ណាស់ ដូចគ្នា​នឹង​ការផ្សព្វផ្សាយស្រាបៀរកន្លងមក ដែលទទួលបានប្រសិទ្ធភាពខ្ពស់និងទៅដល់គ្រប់ទីកន្លែង ដោយសា​រ​កា​​រ​ធ្វើ​​​ឡើ​ងជាកញ្ចប់តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ាណូធំៗតាមដងផ្លូវក្នុងក្រុងនិងផ្លូវជាតិនានា តាមប​ង់​អង្គុយ​លេង ឬ ប្រគំ​តន្រ្តីជាមួយតារាល្បីៗ ។ល។

ទី២៖ អាជ្ញាធរមូលដ្ឋានតាមភូមិឬសង្កាត់មានភារកិច្ចជួយផ្សព្វផ្សាយតាមមូលដ្ឋានរបស់ខ្លួន ជាផ្នែកមួ​យ​បញ្ជា​​ក់​​ឲ្យ​​ឃើញពីការប្រាស្រ័យទំនាក់ទំនងល្អរវាងមន្រ្តីមូលដ្ឋាននិងរាស្រ្តមូលដ្ឋាន(ទំនាក់ទំនងបែ​បនេះ​មិន​គួរ​កើ​ត​ឡើងតែពេលធ្វើការពិន័យទេ)។

ទី៣៖ ក្រសួងអប់រំតាមរយៈ​សកលវិទ្យាល័យនិងវិទ្យាល័យទាំងរដ្ឋ​និងឯកជនទូទាំងប្រទេសអាចជួយ​ជំរុញកា​រផ្សព្វផ្សា​​យបន្តទៅ​​ដល់សិស្ស-និស្សិតឲ្យ​យល់ដឹង ហើយសិស្ស-និស្សិតទាំងនោះអាចពាំ​នាំព័ត៌​មានទាំង​នេះទៅ​​ឲ្យ​សមាជិកគ្រួសារពួកគេ។

ការមិនបានផ្សព្វផ្សាយអោយបានទូលំទូលាយអាចធ្វើអោយអ្នករិះគន់មួយចំនួននិយាយលើសឬបំភាន់​ដល់​សាធារណជនបន្ថែម ដែលអាចធ្វើឲ្យ​រាស្រ្តក្តៅក្រហា​យនិងបាត់ទំនុក​ចិត្តលើការអ​​នុវត្តច្បាប់ចរាចរណ៍​​ថ្មីនេះ​។

ទាំងរាស្រ្តនិងរដ្ឋសុទ្ធតែចង់បានសង្គមកម្ពុជាមួយដែលគ្មានគ្រោះថ្នាក់ចរាចរណ៍និងបើកបរដោយការគោរព អធ្យាស្រ័យគ្នាដែលនាំមកនូវសុវត្តិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេស។​ដូច្នេះរដ្ឋរបស់រាស្រ្ត​គួរ​បើកចិត្ត​ស្តាប់ការរិះ​គន់ស្ថាបនានិងកែលលម្អ​សេវាសាធារណ​បន្ថែមទៀតឲ្យ​ទាន់សភាពការណ៍​ជាក់ស្តែង ហើយរាស្រ្តរបស់រដ្ឋគួរបើកចិត្តស្វែងយល់លើកំណែទម្រង់ចរាចរណ៍ផ្លូវគោកនេះឲ្យ​ច្រើននិងធ្វើការផ្លាស់​ប្តូរទម្លា​​ប់ក្នុងកា​រប្រើយាន្តជំនិះឲ្យ​សមស្របតាមគោលការណ៍​ច្បាប់ចរាចរណ៍​ថ្មី៕

ដោយ​ប្រជា​ពលរដ្ឋ​រស់នៅរាជធានីភ្នំពេញ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ