លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី រែក ពេលណា ហ៊ុន សែន ចាញ់ពេលហ្នឹង!​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ក្នុងន័យនយោបាយជាសត្យានុម័ត គ្រប់គណបក្សនយោបាយ គោលដៅចុងក្រោយរបស់ខ្លួនគឺ“ឈ្នះ” ដើម្បីទៅចាប់យកអំណាច​រដ្ឋ។ វាសំខាន់ នៅពេលឈ្នះនិងចាប់យកអំណាចរដ្ឋបានហើយ គឺយកអំណាចនោះ មកបម្រើរាស្ត្រ ទៅតាមកិច្ចសន្យានយោបាយរបស់ខ្លួនដែលបានសន្យាទៅកាន់អ្នកបោះឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលជាម្ចាស់អំណាច នៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវមានតួនាទីពិនិត្យមើលកិច្ចសន្យានិងលទ្ធភាពនៃការអនុវត្តរបស់​គណបក្សទំាងឡាយនិងសម្រេចចិត្តផ្តល់ជូនអំណាចទៅគណបក្សណាមួយតាម​រយៈការបោះឆ្នោត។

គណបក្សនយោបាយដែលជាគូប្រកួតដើម្បីបានអំណាចរដ្ឋ ដោយសារការជឿទុកចិត្តពីពលរដ្ឋចាំបាច់ត្រូវប្រកួត​គ្នា​នូវ​កិច្ច​សន្យា​នយោបាយឬកម្មវិធីនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ ដោយផ្តោតលើ ផលប្រយោជន៍ប្រជា​ពល​រដ្ឋ​ជា​ធំ​។ មិនមែនដើម្បីបាន​អំណាចពីពលរដ្ឋត្រូវចង់អាឃាតគ្នាកាប់សម្លាប់គ្នា ឬធ្វើឲ្យគូប្រកួតម្ខាង​ទៀតឈឺ​ចាប់​ដោយ​សារ​ខ្លួន​នោះឡើយ។

យើងងាកមកមើលស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជាដែលបង្កឡើងដោយអ្នកនយោបាយ ហាក់​បីដូច​ជា​ឃ្លាតឆ្ងាយពីទ្រឹស្តីខាងលើ ដែលមិនត្រឹមតែចង់អាឃាតគ្នានិងធ្វើឲ្យគូប្រកួតម្ខាងទៀតឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការភ័យខ្លាចនិងភាពរងគ្រោះជាប្រយោលទៅដល់ប្រជាពលរដ្ឋដោយសារ​ការដណ្តើមអំណាច​គ្នា​របស់អ្នកនយោបាយទៀតផង។ ពិសេសភាពគ្រោះថ្នាក់បំផុតសម្រាប់ជាតិគឺការបំផុសឲ្យមហាជនគាំទ្រខ្លួន “ប្រឆាំង​គ្នា” ដើម្បីអំណាចខ្លួនដែលនៅលើពិភព​លោកនេះ គេតែងតែបញ្ចៀសមិនឲ្យកើតមានឡើយ។

គណបក្សធំៗទាំងពីរ CPPអាងកម្លាំងប្រដាប់អាវុធនិងអំណាចតុលាការ ចំណែកCNRPអាងកម្លាំងមហាជននិងឥទ្ធិពល​ការ​ទូតបរទេស។ មួយរយៈចុងក្រោយនេះ គណបក្សទាំងពីរនេះបានសម្តែង​ឫទ្ធិដាក់គ្នាសម្បើមណាស់ ហើ​យមានចរន្តដើរផ្ទុយគ្នានិងមានប្រៀបលើគ្នាម្យ៉ាងម្នាក់។ បើយើងពិនិត្យដោយយកចិត្តទុកដាក់ យើងឃើញថា៖

ទី១-CNRP កម្មវិធីនយោបាយនិងសកម្មភាពនយោបាយគឺមានប្រៀបជាងCPP។ មានប្រៀបជាងនោះ នៅ​ត្រង់​ថា​ខ្លួន​ជា​បក្សប្រឆាំងអាចរិះគន់ចំណុចខ្វះខាត ចំណុចខ្សោយ ចំណុចអវិជ្ជមានរបស់CPPដូចជាបញ្ហាអំពើពុករលួយ អំពើ​អយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស បំផ្លាញធនធាន ធម្មជាតិ ភាពគ្មានការងារធ្វើ ចំណាកស្រុក ប្រាក់​ខែ​កម្ម​ករ-មន្ត្រីរាជការ ពិសេស​ថ្មីៗនេះ គឺបូរណភាពទឹកដីនិងខ្នាតផែនទីជាដើម។ តាមរយៈយន្តការរដ្ឋសភា មាន​គណៈ​កម្មកា​រចំនួន៥ និងតំណាងរាស្រ្ត​៥៥រូប គួបផ្សំនឹងចរន្តគាំទ្រនិងចង់មានការផ្លាស់ប្តូរពីមហាជនភាគច្រើន ដូចនេះ បានធ្វើឲ្យការផ្សព្វផ្សាយកម្មវិធីនយោបាយនិងការធ្វើសកម្មភាពនយោបាយមានប្រៀបជាង។ ឥទ្ធិពលនៃការផ្លាស់ប្តូរនៅប្រទេសភូមាក៏អាចជួយបានមួយផ្នែក​​ដែរ។

ទី២-CPP យុទ្ធសាស្ត្រនយោបាយនិងអំណាចស្ថាប័នរដ្ឋគឺមានប្រៀបជាងCNRP។ មានប្រៀបជាងនោះ នៅត្រង់​ថា​ខ្លួន​ជាបក្ស​កាន់អំណាចមានឱកាសកែលំអចំណុចទាំងឡាយ ដែលបក្សប្រឆាំងរិះគន់ និងប្រើប្រាស់នូវយន្ត​ការមួយ​ចំនួន ដើម្បីឆ្លើយតបដោយប្រើអំណាចស្ថាប័នរដ្ឋ ដូចជាកម្លាំង ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធតុលា​ការ​។ ជាពិសេសនេះ CPPមានមធ្យោបាយច្រើនក្នុងការអនុវត្តយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដើម្បី​បន្សា​បកម្មវិធីនយោបាយនិងបន្ថយសកម្មភាពនយោបាយរបស់CNRPដែលអាចបង្កហានិភ័យ ដល់ការកាន់​អំណាច​របស់ខ្លួន បើសិនខ្លួនបណ្តោយឬមិនទប់ស្កាត់សោះនោះ ដូចជាលប់ព្រៃសម្បទាន ដំឡើងប្រាក់ខែកម្មករ-មន្ត្រី​រាជការ បង្ហាញឯកសារព្រំដែននិងផែនទី។ល។ ម្យ៉ាងទៀត កន្លងមកនេះ CPPច្រើនតែរៀបចំ អន្ទាក់​នយោ​បាយ ហើយពេលCNRPមិនប្រយ័ត្ន ក៏ចូលអន្ទាក់ ហើយចំណាយពេលគិតនិងរកមធ្យោបាយដោះអន្ទាក់នោះ ច្រើនជាងប្រើពេលវេលាក្នុងការពង្រឹងគណបក្សខ្លួននិងត្រៀមខ្លួនឈ្នះ ព្រមទាំងត្រៀមខ្លួនដឹកនាំនៅពេលឈ្នះ។

ឥឡូវនេះការប្រឈមដាក់គ្នារវាងគណបក្សទាំងពីរបានមកដល់ចំណុចមួយដែលខ្ញុំចង់ប្រៀបធៀប​ទៅនឹងល្បែង​ប្រជា​ប្រិយ​ខ្មែរមួយ គឺ “រែកចាញ់ឬមិនរែកចាញ់”។ មុននឹងឈានដល់វិភាគ នយោបាយជាក់ស្តែងនិងល្បែករែកចាញ់នេះ សូម​អនុញ្ញាតឲ្យខ្ញុំលើកយកទ្រឹស្តីខ្លះស្តីពី“រែកចាញ់ឬមិនរែកចាញ់” ដើម្បីងាយ​យល់នូវចំណុ​ចដែលត្រូវលើ​កបន្ត​បន្ទាប់​នេះ។

ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរដែលបន្សល់ទុកពីដូនតាជំនាន់មុន មានល្បែងមួយប្រភេទគឺរែក។ “រែក” ជាឈ្មោះ​ល្បែង​មួយ​ប្រភេទ ស្រដៀង​នឹង​ចត្រង្គ(អុក) ប៉ុន្តែខុស​គ្នា​តែ​ឈ្មោះ​កូននិង​ការ​ឈ្នះ​ចាញ់ និងមាន​បែប​ឲ្យ​ស៊ី​រែក​ទាំង​ពីរ​ខាងឬ​បើ​អ្នក​ម្ខាង​ទាល់​ច្រក ត្រូវ​អ្នក​ម្ខាង​កៀរ​ក្រសោប​ស៊ី​បាន​ទាំងអស់។ ល្បែង “រែក” មានពីរប្រភេទគឺ “រែកព័ទ្ធ” និង “រែកចាញ់ ឬមិនរែកចាញ់” ។ ក្នុងចំណោម“រែក”ទាំងពីរនេះ ប្រជាពលរដ្ឋខែ្មរជាពិសេសអ្នកនៅជនបទចូលចិត្តលេង “រែកចាញ់ឬមិនរែកចាញ់” ច្រើនជាង ព្រោះវាងាយនិងសាមញ្ញជាង“រែកព័ទ្ធ”។

ស្អីទៅហៅថា“រែកចាញ់ឬមិនរែកចាញ់”? នៅពេលណាគូរប្រកួត​ម្ខាងភ្លាត់ស្នៀតតែបន្តិច ច្បាស់ជាត្រូវ​ចាញ់មួយ​ពព្រិច​ភ្នែក ដោយគូរប្រគួតម្ខាងទៀតបើកឲ្យរែក បើមិនរែកគឺត្រូវចាញ់ ដូចនេះត្រូវបង្ខំចិត្ត រែករហូតដល់​គេឈប់បើក​ឲ្យ​រែក​ ហើយទីបញ្ចប់ក៏ត្រូវបានគេរែកកូនសេ្តច(អង្គ)របស់ខ្លួន។ ការដែលគេហៅថា“រែកចាញ់ឬមិនរែកចាញ់” គឺសំ​ដៅ​​លើអ្នកចាញ់ ដោយសារខ្លួនត្រូវរែកកូនគេ ព្រោះភាគច្រើនអ្នកត្រូវគេបើកឲ្យរែកនេះ ច្រើនតែចាញ់ ហើយបើដឹង​ថា​ចាញ់ មិនព្រមរែក ក៏ចាញ់ដដែល។ គូប្រកួត​មានកូនចំនួនប្រាំបីស្មើគ្នា ដែលក្នុងចំណោមកូនទាំងប្រាំបីនោះ មាន​កូន​មួយ គេហៅថា“ស្តេច(អង្គ)” ហើយបើកូនស្តេច(អង្គ) ត្រូវគូប្រកួ​តម្ខាងទៀត​រែកកូនស្តេច(អង្គ) ហ្នឹង ជាមួយកូ​នរែកធម្មតា​មួយទៀតនោះ គឺសន្មត់​ថាចាញ់។

ក្រៅពីនេះ ក្នុងល្បែង“រែកចាញ់”មិនមានលក្ខខណ្ឌច្រើននោះទេ តាមរយៈឈ្មោះរបស់ខ្លួន“មិនរែកចាញ់” នេះហើយជា​លក្ខខ​ណ្ឌ មានន័យបើមានគេបើកឲ្យរែក ខ្លួនត្រូវតែរែក បើមិនរែក ត្រូវតែចាញ់ដោយស្វ័យប្រវត្តិ។ ប៉ុន្តែពេលខ្លះ មាន​ករណីលើកលែ​ងដែរ ព្រោះពេលយើងរែកទៅ មិនប្រាកដថាចាញ់១០០%នោះទេ វាអាចមកពីទី១-អ្នកបើក​ឲ្យរែក​នោះ​“ចង់បំបែកក្រឡាគូ​ប្រកួត”និងទី២-អ្នកបើកឲ្យរែកនោះ“ភ្លាត់ស្នៀត” ដោយមើលមិនគ្រប់ជ្រុងជ្រោយ មុនពេលបើ​កឲ្យ​គេ​រែក។ ប៉ុន្តែជាធម្មតា អ្នកដែលត្រូវគេបើកឲ្យរែក តែងតែមានអារម្មណ៍ភ័យរួចទៅហើយ នៅពេលដែលឮ គេ​ស្រែក​ថា“រែកមួយ!” អឺអញ្ចឹង“រែកមួយទៀត!”…។ល។ ជួនកាលបើយើងតាំងអារម្មណ៍ ហើយសុខចិត្តរែ​កតាមសំណូ​មពរ ​របស់គូប្រកួត​ម្ខាងទៀត បណ្តើររកមធ្យោបាយដើម្បីទប់ទល់បណ្តើរ នោះយើងអាចឈ្នះវិញក៏មានដែរ។

ស្ថានភាពនយោបាយ នៅកម្ពុជាថ្មីៗនេះមិនខុសអីនឹងក្រឡារែក“មិនរែកចាញ់”ខាងលើនេះទេ គឺថាលោក ហ៊ុន សែន បានដើរដល់ក្រឡាចុងក្រោយនិងគ្រោះថ្នាក់បំផុត ដែលហ៊ានលេងក្រឡានេះ ដោយបើកឲ្យលោក សម រង្ស៊ី “រែក” បើទោះបីដឹងថាមិនអាចឈ្នះឡើយ ហើយធ្វើឡើងគ្រាន់តែចង់សាកល្បងឲ្យមហាជន​”វាស់ភាពក្លាហាន” របស់​លោក សម រង្ស៊ី តែប៉ុណ្ណោះ។ ន័យនេះ ចង់បញ្ជាក់ថាលោក ហ៊ុន សែន គាស់កកាយ​សំណុំរឿ​ងចោទប្រ​កាន់បរិហា​កេរ្តិ៍និងអនុវត្តសាលដីកាស្ថាពរដែលមិនគួរកើតឡើងសោះ ដោយសារអ្វីៗបានដើរហួសទៅឆ្ងាយ ហើយការធ្វើ​ឡើង​នេះ ដើម្បីបន្សាបឬទប់ឥទ្ធិពលចំហាយពីការបោះឆ្នោតផ្លាស់ប្តូរនៅប្រទេសភូមាប៉ុណ្ណោះ។ ដោយចង់បង្ហាញ​មហា​ជនខ្មែរ តើលោក សម រង្ស៊ី មានភាពក្លាហានដូចអ្នកស្រី អ៊ុងសាន់ សូជី ដែរឬអត់ ព្រោះលោក ហ៊ុន សែន គិតថា៖ ទី១-គាត់ឈ្នះចិត្តរាស្ត្រ បើលោក សម រង្ស៊ី មិនហ៊ានចូលស្រុក ព្រោះកំសាក និងទី២-គាត់ឈ្នះចិត្តលោក សម​ រង្ស៊ី បើលោក សម​ រង្ស៊ី ចូលមកឲ្យចាប់ គឺចាប់មែន។

ផ្ទុយទៅវិញ លោក ហ៊ុន សែន ធ្វើនេះគឺគ្រោះថ្នាក់និងមានហានីភ័យខ្ពស់បំផុតចំពោះជីវិត​នយោបាយ និង​ធ្លាក់ប្រជាប្រិយភាពពីប្រជាពលរដ្ឋខ្មែរទៅវិញទេ។ គ្រោះថ្នាក់និងហានិ​ភ័យនេះគឺថាទី១-បើលោក សម រង្ស៊ី “មិនចូល ក៏រាស្ត្រ​នៅតែគាំទ្រ” ព្រោះមានហេតុផលច្រើនណាស់ ដើម្បីបកស្រាយក្នុងការមិនចូល។ ម្យ៉ាងទៀត លោក ហ៊ុន សែនជាតួអង្គតំណាងឲ្យសភាវៈអាក្រក់ទៅហើយ ហើយរាល់ទង្វើដែលលោក ហ៊ុន សែន ធ្វើគឺរាស្ត្រមិនដែ​លគិត​ថាត្រឹម​ត្រូវឬល្អឡើយ។ ទី២បើលោក សម រង្ស៊ី ចូលឲ្យចាប់ខ្លួន គឺថា ក១)-លោក ហ៊ុន សែន ចាប់ខ្លួន វារឹត​តែធ្វើឲ្យ​ប្រជាពល​រដ្ឋ​​អាណិតអាសូរលោក សម រង្ស៊ី ខ្លាំងឡើងៗ។ លើសពីនេះ លោក ហ៊ុន សែន នឹងប្រឈម នឹង​ការថ្កោ​លទោសនិងដាក់សម្ពាធពីសហគមន៍អន្តរជាតិ។ ក២)-លោក ហ៊ុន សែន មិនចាប់ខ្លួន គឺលោក ហ៊ុន សែន ខ្លួនឯង​នឹង​រងភាពអាមាសថាកំសាក បានតែម៉ាត់ មិនហ៊ានប៉ះពាល់លោក សម រង្ស៊ី ព្រោះខ្លាចអន្តរជាតិថ្កោលទោស ឬដាក់​សម្ពាធ ហើយវារឹតធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅថែមទៀតផង។

ចំណុចនេះហើយ ដែល“លោក សម រង្ស៊ី រែកពេលណា ហ៊ុន សែន ចាញ់ពេលហ្នឹង!” សូមទាញការបញ្ជាក់ថា នៅពេលលោក សម រង្ស៊ី ចូលស្រុក ហើយលោក ហ៊ុន សែន ចាប់ពេលណា គឺលោក ហ៊ុន សែន ទៅវិញទេ ដែលជាអ្នកខាតបង់។ យើងមានទឡ្ហីករមួយចំនួន ដូចខាងក្រោម៖

ទី១គេមានក្តីបារម្ភ​ទៅវិញទេ នៅពេលCPPធ្វើល្អ ហើយចាប់អារម្មណ៍តិចតួចប៉ុណ្ណោះចំពោះអ្វីដែលCNRP បាននឹ​ងកំពុង​ធ្វើ។ មានន័យថា៖ក).អ្វីដែលCNRPធ្វើគឺមិនទាន់ដល់កម្រិត ខ).ធ្វើឲ្យប្រជាពលរដ្ឋមិន​សូវចាប់អារ​ម្មណ៍​ទៅ​លើ​CNRP ច្រើនពេក គ).ប្រឹងឃោសនាវិជ្ជមានអ្វីដែលខ្លួនមាន អ្វីជាចំណុចខ្លាំងរបស់ខ្លួន។ ផ្ទុយទៅវិញ បើមាន​កា​រចាប់​ខ្លួនថ្នាក់ដឹកនាំឬធ្វើទុក្ខបុកម្នេញទៅលើCNRP គឺមានតែបង្កើនក្តីអាណិតអាសូរពីពលរដ្ឋ និងមានប្រជាប្រិយ​ភាពកាន់​តែខ្លាំងចំពោះ​CNRP។ ប្រជាជនភូមាអាណិតអាសូរ លោកស្រី អ៊ុងសាន់ ក៏ស៊ូជី ដោយសារអញ្ចឹង​ផងដែរ។ ចង់បញ្ជាក់ថាបើCPPឈប់ធ្វើអាក្រក់ ពលរដ្ឋនឹងវាយតម្លៃថាCPPកំពុងកែខ្លួន អញ្ចឹង​គេអាចផ្តល់ឱកាស វិញ​១០%ឬ២០% នៃសំឡេង​ដែលខ្លួនបាត់បង់កាល់ពីឆ្នាំ២០១៣ គឺអាចឈ្នះដោយងាយស្រួលនៅឆ្នាំ២០១៧ និង២០១៨។

ទី២-បើបន្តធ្វើ​អាក្រក់តទៅទៀត វាក៏បន្តខាតបង់ទាំងប្រជាប្រិយភាពនិងប្រឈមហានិភ័យខ្ពស់កាន់តែខ្លាំងដែរ។ វា​មិនសំ​ខាន់ទេដែលប្រឈមជាមួយCNRP អ្វីដែលសំខាន់គឺCPPខ្លួនឯងប្រឈមនឹងការស្អប់ខ្ពើមពីពលរដ្ឋ ជាពិសេសការថ្កោលទោសពីសហគមន៍អន្តរជាតិដែលត្រូវបានគេវាយតម្លៃក្នុងលក្ខណៈមិនល្អចំពោះលោក ហ៊ុន សែន​ឬគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលតែម្តង។ ចង់បញ្ជាក់ថាឥឡូវនេះ វាលែងទៅជារឿងរវាង សម រង្ស៊ី និង ហ៊ុន សែនឬរវាងគណបក្សសង្គ្រោះ

ជាតិនិងគណបក្សប្រជាជនកម្ពុជាទៀតហើយ រួម​ទាំងវាយតំណាងរាស្ត្រ ដក​លោក​ កឹម សុខា ដកលោក សម រង្ស៊ី និងការចាប់ខ្លួនលោក សម រង្ស៊ី នាពេលខាងមុខ វាក្លាយទៅជារឿង លោក ហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល ត្រូវប្រឈមជាមួយសហគមន៍អន្តរជាតិដែលជាឱកាស ហុច​ដ​ងឲ្យសហគមអន្តរជាតិអាចលូកដៃក្នុងការរៀបចំបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា។ បើមានបោះឆ្នោ​តដោ​យ​សេ​រី និងយុត្តិធម៌ ពិតមែននោះCPPនឹងចាញ់ដូចនៅប្រទេសភូមាចឹងដែរ។

ទី៣-ក្រៅពីប្រឈមជាមួយពលរដ្ឋខ្លួនឯងនិងការថ្កោលទោសពីអន្តរជាតិហើយនោះ CPPកំពុងជួយឃោសនាឲ្យ CNRP​មុនរដូវទៅវិញទេ។ ជួយផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុកនិងក្រៅស្រុក ដែលធ្វើឲ្យCNRP មានប្រជា​ប្រិយភាពក្នុងស្រទាប់មហាជនជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសគឺកេរ្តិ៍ឈ្មោះ​លោក សម រង្ស៊ី និងលោក កឹម សុខា ដែលពុំសូវមានគេស្គាល់។ ជាក់ស្តែងមុនបោះឆ្នោតឆ្នាំ២០១៣ មានលោក ជុំ ម៉ី បាតុកម្ម​ប្រឆាំ​ងលោ​ក កឹម សុខា គ្រប់ច្រកល្ហក ទីបំផុតដូចជួយឃោសនាឲ្យCNRP ដោយទាញ​ការចាប់​អារម្ម​ណ៍​ពីពលរដ្ឋ​កាន់​តែ​ខ្លាំង​។ និយាយឲ្យខ្លី គឺថាCNRP មិនបាច់ចំណាយលុយឬពេលវេលា សម្រាប់ផ្សព្វផ្សាយពីខ្លួនសូម្បីតែបន្តិច៕

សរសេរមកកាន់លោក វិសាល ឧត្តម តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ