លោក ហោ ណាំហុង សុំការអធ្យាស្រ័យពីមន្រ្តីក្រោមឱវាទ រឿងប្រើពាក្យសម្តីមិនសមគួរ

អតីតរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង ថ្លែង​ក្នុងពិធី​ផ្លាស់ប្តូរតំណែង នៅរសៀលថ្ងៃ​អង្គារនេះ​

អតីតរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង នៅរសៀលថ្ងៃអង្គារនេះ បានថ្លែងសុំទោសមន្រ្តីក្រោមឱវាទដែលលោកថាពេលខ្លះលោកបានប្រើពាក្យសម្តី”មិនគួរសម” នៅពេលលោកធ្វើជារដ្ឋមន្រ្តីអស់រយៈពេលជិត១៨ឆ្នាំមកហើយរហូតមកដល់ពេលនេះ។

ក្នុងពិធីផ្លាស់ប្តូរតំណែងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហោ ណាំហុង បានថ្លែងថា៖ “ខ្ញុំក៏សូមលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា មេត្តាអធ្យាស្រ័យឲ្យខ្ញុំ ដែលនៅពេលខ្លះបានប្រើពាក្យសម្តីមិនគួរសមខ្លះចំពោះលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា កន្លងមក។ នេះគឺពុំមែនជាចេតនាខ្ញុំទេ តែខ្ញុំសង្ឃឹមថាលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា យល់ថានេះគឺបណ្តាលមកពីសំពាធការងារ ដូចលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា បានឃើញជាសក្ខីកម្មស្រាប់”

លោក ហោ ណាំហុង បានថ្លែងអរគុណនាយករដ្ឋមន្រ្តីដែលលោកថាបានយោគយល់និងអនុគ្រោះដល់រូបលោកនិងបានណែនាំលោកដោយផ្ទាល់អស់រយៈពេលប្រមាណ៣៧ឆ្នាំ។ លោកបន្តថាក្នុងរយៈពេលជាង៣ទស្សវត្សរ៍មកនេះ “ខ្ញុំក៏បានខិតខំអស់ពីកម្លាំងកាយនិងស្មារតីបម្រើជាតិនិងបក្ស បំពេញភារកិច្ចដែលសម្តេចតេជោប្រគល់ឲ្យ ដោយពុំបានធ្វើអ្វីប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងបក្សឡើយ”

លោក ហោ ណាំហុង បន្តថាលោកសង្ឃឹមថារដ្ឋមន្រ្តីថ្មី លោក ប្រាក់ សុខុន នឹងសម្រេច”លទ្ធផលដ៏សំខាន់ៗ”ថែមទៀត។ លោកបានកោតសរសើរលោក ប្រាក់ សុខុន ជាមនុស្សមាន”សមត្ថភាពការងារនិងទស្សនៈនយោបាយខ្ពស់”

កាលពីថ្ងៃចន្ទ នៅ​ក្នុង​កិច្ចប្រជុំសភាដើម្បីបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ការ​រុះរើគណៈ​រដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោក ហោ ណាំហុង បានស្នើសុំបញ្ចប់មុខតំណែងរបស់ខ្លួនទាំងអស់ តែលោកថាលោកបានស្នើរក្សាមុខងារជាឧបនាយករដ្ឋមន្រ្តីសម្រាប់ការពិភាក្សាការងារមួយចំនួន។ លោកមានប្រសាសន៍ថា៖ “ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើលែងទាំងអស់ចេញពីរដ្ឋាភិបាល ក៏ប៉ុន្តែសំណូមពររបស់ខ្ញុំ ស្នើរក្សាទុកជាឧបនាយករដ្ឋមន្រ្តី ដើម្បីពិគ្រោះយោបល់ទៅលើកិច្ចការមួយចំនួន”។

គួរបញ្ជាក់ថា លោក ហោ ណាំហុង មានឋានៈជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសចាប់ពីឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០៣និងចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៦ លោកមានឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស។ ចាប់តាំងពី​ឆ្នាំ​១៩៨០ដល់ឆ្នាំ១៩៨២ លោក​ធ្វើជា​អនុរដ្ឋមន្រ្តីការបរទេសហើយ​បន្តបន្ទាប់លោក​បម្រើការជា​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំនៅប្រទេសមួយចំនួន៕ ដោយ ហ៊ុន សិរីវឌ្ឍន៍​និង​ស៊ុន ណារិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ