នាយករដ្ឋមន្រ្តីប្រកាស​លុប​ចោល​គម្រោង​ធ្វើ​ផ្លូវអាកាសល្បឿនលឿនទៅព្រលានយន្តហោះ​

ប្រជា​សហគមន៍​តាមផ្លូវដែក​ តវ៉ាកាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះ ​ប្រកាស​លុប​ចោល​ផ្លូវ​អាកាស​ល្បឿនលឿនដែល​មាន​តម្លៃ​​ប្រមាណ​៣៦០លានដុល្លារ​ ដោយ​លោក​បញ្ជា​ឲ្យ​យក​​ផ្លូវ​ដែក​ដែលមានស្រាប់​ មកធ្វើ​ជាផ្លូវ​ធំ​ជំនួសវិញ​។​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​ដើម្បីកុំឲ្យ​មាន​ប្រជា​ពលរដ្ឋ​តវ៉ាត​ទៅទៀត លោក​សម្រេច​មិន​ឲ្យ​មានការធ្វើ​ផ្លូវល្បឿនលឿនដើម្បីធ្វើដំណើ​រ​ទៅ​ព្រលានយន្តហោះ។ លោក​មានប្រសាសន៍ថា​៖ “ហើយ​ខ្ញុំសូមប្រកាសថ្ងៃនេះ សូម​បងប្អូន​តាម​ផ្លូវរថភ្លើងពីភ្នំពេញទៅ​ពោធិ៍ចិនតុង​ ឈប់​ធ្វើបាតុកម្ម ឈប់ទាមទារ​ធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Way អ៊ិចប្រេសហ្នឹងទេ នាំពិបាក”

លោក​នាយករដ្ឋមន្រ្តី​បាន​ស្នើ​ឲ្យ​​យកផ្លូវដែក​ដែលបច្ចុប្បន្នលោក​ថា​មិនប្រើប្រាស់ចាប់ពីគីឡូម៉ែត្រ​លេខ​៦ មក​​ធ្វើជា​ផ្លូវធំ​សម្រាប់ធ្វើដំណើរវិញ។​

ក្រោពី​បាន​ដឹង​គម្រោង​ធ្វើផ្លូវល្បឿនលឿន ប្រជា​ពលរដ្ឋនៅតាមផ្លូវ​ដែក​​បានចេញមុខ​​តវ៉ាជាបន្តបន្ទាប់ ទាមទារ​ឲ្យក្រសួងសាធារណការ​បញ្ចេញព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿ​នលឿននេះ។ ក្រសួងសាធា​រណការនិងដឹកជញ្ជូនបាន​អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយ​ផ្លូវដែកក្នុង​តំបន់គម្រោងសាងសង់ផ្លូវល្បឿនលឿនឲ្យរក្សាភាពស្ងាត់ស្ងៀម ដោយក្រសួងអះអាងថាក្រសួងនឹងរៀប​ចំវេទិកាសាធារណៈ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ មុននឹងអនុញ្ញាតឲ្យគម្រោងដំណើរការសាងសង់។ ក្រសួង​បន្ត​ថា​គម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយក្រសួងអំពាវនាវអំពាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបអាជីវកម្មជាធម្មតា ទុកឱកាសឲ្យរដ្ឋាភិបាលពិចារណារកដំណោះស្រាយណាមួយដែលអាចទទួលបានទាំងអស់គ្នា។

តំណាងសហគមន៍ភូមិ១៧ លោក ហង្ស ប្រុស គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​នាយករដ្ឋមន្រ្តី មិន​ឲ្យ​មានផ្លូវអាកាសល្បឿនលឿន។ លោក​មានប្រសាសន៍ថា៖ “ជាការល្អដែរព្រោះវាមិនប៉ះពាល់ដល់ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវដែក។ កន្លងមកប្រសិនបើមានការអភិវឌ្ឍកន្លែងណាមួយ ការដោះស្រាយជូនប្រជាពលរដ្ឋរឿងសំណងមិនដែលសមរម្យទេ ហើយទទួលរងនៅផលខាតបង់ចឹងទៅ តែបើក្រុមហ៊ុនចេញមុខដោះស្រាយដោយខ្លួនគេ ប្រជាជននឹងសប្បាយចិត្ត”។ លោក​ឲ្យ​ដឹង​ទៀត​ថា​កន្លងទៅ​អភិបាលរាជធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ធ្លាប់​លើកឡើង​ថា​ប្រជាជនប្រមាណ​៤០០គ្រួសារនឹង​រងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿននេះ​។​

គួរបញ្ជាក់​ថាសាលារាជធានីភ្នំពេញធ្លាប់បង្ហោះលើវេបសាយរបស់ខ្លួនថាផ្លូវអាកាសល្បឿនលឿននេះនឹងចាប់​ផ្តើ​មសាងសង់ពីឆ្នាំ២០១៦ហើយបញ្ចប់នៅឆ្នាំ២០២១ ដោយគ្រោងនឹងចំណាយថវិកាអស់៣៦០លាន​ដុល្លារ៕ រាយការណ៍បន្ថែម​ដោយ​កញ្ញា រ័ត្ន សុភក្តិ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ