ក្រសួងមហាផ្ទៃផ្លាស់ប្តូរអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ

លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋានពន្ធនាគារ(រូបថតពីហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋានពន្ធនាគារ)

រដ្ឋាភិបាល​បាន​សម្រេច​ផ្លាស់ប្តូរ​ លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយ​ដាក់ជំនួស​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ដោយ​មន្រ្តីក្រសួង​មហាផ្ទៃបញ្ជាក់ថា​ដោយ​សារ​កត្តាសុខភាព។​

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៣១ខែមីនា ឆ្នាំ​២០១៦ ព្រះមហាក្សត្របាន​​តែ​ង​តាំងលោក ចាន់ គីមសេង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ទៅ​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារនៃ​ក្រសួង​​មហាផ្ទៃ។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ​ ប្រាប់វីអូឌី(VOD)ថាមូលហេតុដែលនាំឲ្យមានការផ្លាស់ប្តូរតំណែងនេះគឺមកពីប្រធានពន្ធនាគារបច្ចុប្បន្ន គឺលោក គុយ ប៊ុនសន មានបញ្ហាសុខភាព។ លោកបន្ថែមថា៖ “ឯក​ឧត្តម គុយ ប៊ុនសន គាត់ដូចជាមានជំងឺប្រចាំកាយ ហើយលោកញឹកញាប់​លោកតែងចេញទៅព្យាបាល សំខាន់គឺបញ្ហាសុខភាពគាត់ទេ បានអានេះអត់អីទេ”។ លោក​បន្ត​ថា​ក្រសួងមិនទាន់កំណត់ពេលរៀបចំពិធីតែង​តាំងតំណែ​ងប្រធានអគ្គនាយកពន្ធនាគារថ្មីនេះនៅឡើយទេ។ លោក​បញ្ជាក់​ថា​ចំពោះប្រធានពន្ធធនាគារបច្ចុប្បន្ន ក្រសួងមិនទាន់បានចាត់ចែងឲ្យទៅកាន់តំណែងណាមួយផ្សេងនៅឡើយទេ​។

វីអូឌី​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក គុយ ប៊ុន​សន បាននៅឡើយទេ។​ លោក ចាន់ គីមសេង មានប្រសាសន៍ថា​លោក​បាន​ដឹង​ពីការសម្រេច​តែងលោក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ តែ​លោកថា​លោក​មិន​ដឹង​ថាតើ​ពិធី​ផ្លាស់ប្តូរតំណែង​នឹង​ត្រូវ​ធ្វើនៅពេលណានោះទេ​។ លោក​បញ្ជាក់ថា​លោក​បាន​បំពេញការងារ​ជា​អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ជិត​២ឆ្នាំមក​ហើ​យ។​

កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងប្រធានពន្ធនាគារត្រូវធ្វើការឲ្យបានម៉ត់ចត់ទៅលើទណ្ឌិតដែលជាប់ទោសដោយសារប្លន់និងគ្រឿងញៀ​ន មុនពេលដាក់ឲ្យលោកចុះហត្ថលេខាដាក់ថ្វាយព្រះមហាក្សត្រលើកលែងទោស។ លោកបានលើកឡើងថានៅពេលដាក់ឈ្មោះទណ្ឌិតណាដែលត្រូវលើកលែងទោស លោកស្នើឲ្យប្រាប់រូបលោកថាតើទណ្ឌិតណា​ជាប្រភេទចោរនិងគ្រឿងញៀន។ លោកបន្តថាលោកនឹងចំណាយពេលដើម្បីពិនិត្យមើលឯកសារទាំងនោះ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំទុកចិត្តលើរដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តីយុត្តិធម៌ទុកចិត្តលើនាយកពន្ធនាគារ ចេះតែទុកចិត្តបន្តគ្នាអញ្ចឹងទៅ ដល់ទីចុងបំផុត អាពួកក្រុមចោរទាំងហ្នឹង ចេញមកប្លន់ដដែលៗ អញ្ចឹងធ្វើម៉េចវាអស់ចោល”។ លោកបន្ថែមថា៖ “អាមុខចោរដដែលៗ រឿងវាងើបឡើងលើកទីបីហើយ មុខចោរដដែលៗ គឺអាចោរចូលគុក មិនដែលជាប់គុកបានយូរទេ…។ អាអ្នកប្លន់ហ្នឹងគឺថាចេញតែពីគុក អញ្ចឹងសូមមើលឡើងវិញ ខ្ញុំនិយាយសាជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្តាប់ដៃដែករបស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ។ ឥឡូវឲ្យតែប្រភេទចោរនិងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង។ ហើយអាហ្នឹងចេញមកបង្ករឿង។ ពីមុនវាត្រឹមប្លន់ អត់ទាន់ហ៊ានសម្លាប់មនុស្ស តែវាចេញលើកក្រោយវាហ៊ានសម្លាប់មនុស្ស”

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ដែលធ្វើនៅថ្ងៃទី០១ខែកុម្ភៈ ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន មានប្រសាសន៍ថាការចរាចរណ៍និងជួញដូរគ្រឿងញៀននៅតែមានការកើនឡើងខ្ពស់ជាក់ស្ដែងដូចជាមានការចែកចាយគ្រឿងញៀននៅក្នុងមណ្ឌលឃុំឃាំងនិងមណ្ឌលកែប្រែផងដែរ។ លោកបន្ថែមថា៖ បានន័យថាទីផ្សារគ្រឿងញៀនវានៅតែស្ថិតក្នុងទីផ្សារដដែលចំនួននេះនៅដដែលហើយមិនដឹងថាតួលេខក្នុងពន្ធនាគារជាង៥០០០នោះ តើមានអ្នកញៀនប៉ុន្មាននាក់នៅក្នុងហ្នឹង។ បើតាមខ្ញុំដឹងកន្លែងខ្លះក៏មានលក់គ្រឿងញៀនដែរនៅពន្ធនាគារ ប៉ុន្តែនៅក្នុងមណ្ឌលអប់រំកែប្រែក៏មានលក់គ្រឿងញៀនដែរជាក់ស្ដែងនៅរាជធានីភ្នំពេញទៅមណ្ឌលឱកាសខ្ញុំ គាត់ទៅសួរសុខទុក្ខ យកគ្រឿងញៀនហ្នឹងទៅដាក់ក្នុងអាហារឲ្យអ្នកក្នុងមណ្ឌល៕​ រាយការណ៍បន្ថែម​ដោយ ស៊ុន ណារិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ