សមត្ថ​កិច្ច​បញ្ជូន​អ្នក​បើ​ក​រថយន្ត​ធ្លាក់ទឹកបណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់​​ ​ទៅ​តុលាការ

អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង នៅព្រឹកថ្ងៃ​អង្គារនេះ បាន​​សម្រច​បញ្ជូន​អ្នក​បើក​រថយន្តទៅ​តុលាការ ករណី​​បើក​រថយន្ត​ធ្លាក់​ទឹក ​បណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់។​

កាលពីយប់ថ្ងៃអាទិត្យ​ នៅកំពង់ចម្លងព្រែក​អុងប៉ាង ស្រុកស្អាង ខេត្តកណ្តាល មាន​ហេតុការ​ណ៍បើក​រថ​យន្ត​​ធ្លាក់​ទឹក​ ក្នុងនោះមាន​ក្មេង​​៥នាក់ស្លាប់ដោយ​សារ​លង់ទឹក​នៅ​ក្នុង​រថយន្ត។ ក្រោយ​ហេតុ​ការណ៍​កើតឡើង សមត្ថកិច្ច​បាន​ឃាត់​ខ្លួនអ្នក​បើក​ឡានដែល​នៅរស់​និង​អ្នក​បើក​ទូ​ក​នៅ​កំពង់​ចម្លង​ព្រែក​អុង​ប៉ាង ដើម្បី​ធ្វើកា​រ​​សាក​សួរជុំ​វិញ​ករណី​នេះ។

មន្រ្តី​នគរ​បាល​ស្រុក​ស្អា​ង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះឲ្យ​ដឹងថាក្រោយ​ពី​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើក​​បរ​​ តាម​​បញ្ជារបស់​ព្រះ​រាជ​អាជ្ញា​ខេត្ត​កណ្តាល ​ដើម្បី​សួរ​ចម្លើយ​ជុំ​វិញ​ករណីជ្រុល​រថយន្ត​ធ្លាក់​​​ចូល​ទឹក ​សមត្ថ​កិច្ច​បាន​សម្រេ​ច​បញ្ជូន​អ្នក​បើក​ឡាន ឈ្មោះ សាក់ សារ៉ាក់ អាយុ៣៣ឆ្នាំ​ ​ទៅ​កាន់​តុលាការ​នៅ​វេលា​​ម៉ោង​៩និង​៣០​នាទី​ព្រឹក​នេះ ​ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ត​នីតិ​វិធី​។​ មន្រ្តីរូបនោះមានប្រសាសន៍ថា៖“ តាម​ច្បាប់​ចរា​ចរណ៍​បើក​បរធ្វេស​ប្រហែស បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ ប៉ុន្តែ​អ្នក​ដទៃ សុទ្ធតែ​មា​គាត់ ក្មួយ​គាត់​​បង​ប្អូន​គាត់ …។ ច្បាប់​គេអត់​លើក​លែង​ទេ​ តែ​ឥឡូវ​ភាគី​ខាង​បើក​ឡាន​ហ្នឹង​មាន​បង​ប្អូន​គេ​សុំ​មក​​ធានា​​យក​ទៅ​វិញ​ដែរ​ តែ​អា​ហ្នឹង​យើង​មិន​ហ៊ាន​អនុ​ម័ត​ទេ អា​ហ្នឹង​នៅ​លើ​ព្រះ​រាជ​អាជ្ញា“។

លោក​ឲ្យ​ដឹង​ទៀត​ថា​នៅ​ក្រោយ​ពេល​កើ​ត​ហេតុ​ហើយ​ភ្លាមៗ ព្រះ​រាជ​អាជ្ញាក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ចឃាត់​ខ្លួន​​​អ្នក​បើក​ទូក ​ដើម្បី​ធ្វើ​ការ​សាក​សួរផង​ដែរ តែ​លោក​ថា​អ្នក​បើ​ក​ទូ​ក​រូប​នេះ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​បញ្ជា​ឲ្យ​ដោះ​​លែ​ង​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះផង​ដែរ។

លោក​បញ្ជាក់ថា​ក្រោ​យ​ពី​ធ្វើ​ការ​សួរ​ចម្លើយ​ពី​អ្នក​បើក​បរ នគរ​បាលបាន​សន្និដ្ឋាន​ថា​ករណី​បណ្តាល​ឲ្យ​ជ្រុល​​​ឡានធ្លាក់​ទឹក​នេះ​ជា​​ការ​ធ្វេ​ស​ប្រហែស​របស់​អ្នក​បើក​បរដែល​ត្រូវ​ជា​​ក្មួយ​របស់ម្ចាស់រថយន្ត។​

វីអូឌីមិនទាន់អាច​សុំការ​បញ្ជាក់ពី​ព្រះរាជអាជ្ញា​ដែល​កាន់សំណុំរឿងនេះបាននៅឡើយទេ។​

ស្នង​ការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន ប្រាប់វីអូឌី(VOD)កាលពីថ្ងៃចន្ទថាហេតុការណ៍នេះ​បាន​​​កើ​តឡើងកាលពីវេលាម៉ោងប្រមាណ៧និង​១៥នាទី ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ក្រោយពីជន​រ​ង​គ្រោះ​​បាន​ត្រ​ឡ​​ប់​​មក​ពីសែនសង្ក​ត់ថ្នូរថ្ងៃ​​ឆេងម៉េង។​ លោកបន្តថាក្នុងរថយន្តនោះ​ មាន​មនុស្ស​សរុប​ទាំង​អស់​​​ចំនួន១១នាក់ តែ​៣​នាក់បានចុះពីរថយន្តនៅពេលដែលចុះកំពង់ចម្លង។ លោក​មានប្រសាសន៍ថា​អ្នក​បើ​ក​បរ​ដែល​ត្រូវ​ក្មួយ​ម្ចាស់​រថយន្ត​ហើយ​នៅរស់ បានពិសារគ្រឿងស្រវឹង​ មុន​ពេល​ហេតុការណ៍កើតឡើង។​

លោក​បន្ត​​ថា៖ “​អ្នក​ទាំង១​១នា​ក់​បានធ្វើដំណើរចេញពីសង្កត់ផ្នូរ​នៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ដោយអ្នកបើ​កបរបានផឹ​ក​គ្រឿង​​ស្រវឹងអស់ពីរកំប៉ុង ពេលបើកចុះទូកដរអុងប៉ាង ភូមិបារ៉ែនលើ ឃុំស្វាយ​ប្រទា​ល អ្នកដែលនៅរស់៣នាក់បានចុះពីរថយន្ត បន្ទាប់មកអ្នកបើក​បររថយន្តបាន​បើករថយន្តចុះទូក ដោយ​ជាន់ហ្គែរខ្លាំងលើសល្បឿនរថយន្តក៏​ឡើងលើកំណល់ធ្លាក់ទឹកតែម្ដង ហើយអ្នកបើក​ក៏ចេញតា​មទ្វា​រដោ​​យកញ្ចក់បើកស្រាប់ក្រៅពីនោះឈ្លក់ទឹកស្លាប់ទាំងអស់៧នាក់”។​

លោកស្នងការរូបនេះសន្និដ្ឋានថានេះជាការធ្វេសប្រហែសរបស់អ្នកបើកបរ រួមផ្សំជាមួយការពិសារគ្រឿង​ស្រវឹង​ពេល​បើក​បរ។​

បើ​តាម​សមត្ថកិច្ច អ្នក​បើក​រថយន្ត ឈ្មោះ សាក់ សារ៉ាក់ អាយុ៣៣ឆ្នាំ បានបើកបររថយន្តលិច​ស៊ីស RX3​00​ពណ៌​សធ្វើ ដំណើរពីសង្កត់ផ្នូរ​នៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ត្រឡប់ទៅផ្ទះវិញ មក​ឆ្លង​ដរព្រែ​កអុងប៉ា​ង។ បើ​តាម​របាយការណ៍​របស់សមត្ថកិច្ច បុរសម្នាក់​អាយុ៣៥ឆ្នាំនិង​ស្រ្តី​ អាយុ​៣៥ឆ្នាំ បាន​ស្លាប់​។ ចំ​ណែក​ក្មេងអាយុ៤ឆ្នាំ​ ៧ឆ្នាំ ៨ឆ្នាំ ១២ឆ្នាំនិង​១៣ឆ្នាំ បានស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ