លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថាលោកមិនបានក្តោបអំណាយក្នុងដៃតែម្នាក់ឯងហើយថាលោកក៏មិនដែលបានបំពានការងាររបស់រដ្ឋមន្រ្តីនៅក្រោមឱវាទនោះទេ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាមានការរិះគន់ថាការរុះរើគណៈរដ្ឋមន្រ្តីគឺដដែលដោយអំណាចមកប្រមូលផ្តុំលើតែរូបលោកតែម្នាក់ឯង។ លោកបានច្រានចោលការលើកឡើងការរិះគន់នេះ ដោយលោកថាលោកមិនដែលបំពានការងាររដ្ឋមន្រ្តីនោះទេ ប៉ុន្តែលោកថាលោកសូមឲ្យតែរដ្ឋមន្រ្តីធ្វើទៅតាមច្បាប់ដែលបានកំណត់។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនដែលទៅបំពានជាមួយនឹងកិច្ចការរដ្ឋមន្រ្តីណាមួយទេ សុំតែរដ្ឋមន្រ្តីហ្នឹងធ្វើឲ្យត្រូវទៅតាមច្បាប់ដែលបានកំណត់តែប៉ុណ្ណឹង”។ លោកបន្តថារដ្ឋមន្រ្តីខ្លះបានបំពានសិទ្ធិរូបលោក ក្នុងការស្នើតែងតាំងប្រធាននាយកដ្ឋាននានា ដោយលោកថាលោកមិនដែលបានបដិសេធនោះទេ។
លោកនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ស្របពេលដែលលោកបានស្នើឲ្យមានការរុះរើគណៈរដ្ឋមន្រ្តី ហើយរដ្ឋសភាបានអនុម័តកាលពីថ្ងៃចន្ទ។
បើតាមសំណើរុះរើគណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន បានសម្រេចតែងតាំងលោក ប្រាក់ សុខុន ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជារដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែកលោកត្រាំ អ៊ីវតឹក បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូន ត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ចំណែកលោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៊ីវតឹក ហើយលោក ប៉ាន សូរស័ក្តិ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមន្រ្តីក្រសួងពាណិជ្ជកម្ម។ រដ្ឋាភិបាលតែងតាំងលោក ជា សុផារ៉ា ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។ លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន ដែលត្រូវផ្លាស់ប្តូរជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រាប់វីអូឌី(VOD)កាលពីថ្ងៃចន្ទថាគណបក្សមិនជឿនិងមិនមានសង្ឃឹមថាការផ្លាស់ប្តូរនោះនឹងធានាប្រសិទ្ធភាពការងារ។ លោកបញ្ជាក់ថា៖ “យើងមិនឃើញមានមនុស្សថ្មី ហើយទំហំគណៈរដ្ឋមន្រ្តីនៅតែធំដដែល វាមិនដែលគណៈរដ្ឋមន្រ្តីមានទៅដល់ជិត៤០០នាក់ ខណៈប្រទេសតូចមួយមានប្រជាជនជាង១៥លាននាក់ប៉ុណ្ណោះ”៕