លោក ហ៊ុន សែន រិះគន់ការជីកផ្លូវញឹកញាប់ដើម្បីដាក់លូ និងខ្សែកាប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គារនេះបានថ្លែងរិះគន់ដល់មន្ត្រីក្រោមឱវាទរបស់លោកពាក់ព័ន្ធនឹងការជីកផ្លូវនានានៅក្នុងរាជធានីភ្នំពេញញឹកញាប់ក្នុងការដាក់លូថ្មី ឬតបណ្ដាញខ្សែកាប ដែលលោកថាបានបង្កការរំខានអ្នកធ្វើដំណើរនៅតាមដងផ្លូវ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា លោកទទួលបានការរិះគន់ពីប្រជាពលរដ្ឋតាមរយៈប្រព័ន្ធហ្វេសប៊ុកពាក់ព័ន្ធនឹងការជីកផ្លូវនៅក្នុងរាជធានីភ្នំពេញដើម្បីដាក់ប្រព័ន្ធលូ និងបណ្ដាញខ្សែកាបនៅ​ក្រោម​ដី ដែលថា ការជីកផ្លូវនោះមិនមានគម្រោងផែនការច្បាស់លាស់ នាំឲ្យមានការជីកគាស់ច្រើនដងនៅកន្លែងដដែល។ លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ “ធ្វើកន្លែងមួយ ធ្វើម្ដង បន្តិចៗមកជីកហើយ ជីកដាក់លូនេះ ជីកដាក់ខ្សែកាប ហើយចុះម៉េច មុននឹងធ្វើម៉េចមិនសិក្សាឲ្យហើយ? ចាំជីកច្រើនដង? អាហ្នឹងគាត់និយាយត្រូវ”

លោក ហ៊ុន សែន បន្ថែមថា៖ “គាត់លើកសំណូមពរមកត្រូវ។ ខ្ញុំសូមអរគុណអ្នកលើកសំណួរតាមហ្វេសប៊ុករបស់ខ្ញុំ សួរថាសម្ដេច គួរតែសិក្សាឲ្យហើយទៅ ដាក់លូប៉ុណ្ណា? ជួនកាលលូហ្នឹងយកទៅដាក់បានតែ៣ខែ គេគាស់វិញដាក់អាធំជាង។ រួចមិនឲ្យគាត់រអ៊ូយ៉ាងម៉េច បើជិតផ្ទះគាត់ហើយគាត់ចេញចូលតាមហ្នឹង។ អាហ្នឹងគាត់រអ៊ូវាអត់ខុសទេ ហើយកុំថាអ្នកហ្នឹងបក្សប្រឆាំង។ ប្រឆាំងឬមិនប្រឆាំងឲ្យតែសមស្របគឺត្រូវហើយ ហ្នឹងយកទៅយោបល់”

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការសហការគ្នារៀបចំផែនជីកចិញ្ចើមផ្លូវក្នុងការធ្វើលូ និងតខ្សែបណ្ដាញខ្សែកាប ដោយលោកថា ដើម្បីចៀសវាងការជីកគាស់ច្រើនដង។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង បាននៅឡើយទេ ដោយលោកអះអាងថាកំពុងជាប់ប្រជុំ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋតែងរិះគន់អាជ្ញាធរពាក់ព័ន្ធនឹងការជីកចិញ្ចើមផ្លូវដើម្បីដាក់លូ និងបណ្ដាញខ្សែកាបដោយពលរដ្ឋខ្លះលើកឡើងថា អាជ្ញាធរមិនមានគម្រោងច្បាស់លាស់ ជួសជុលកន្លែងដដែលៗ បង្កឲ្យមានភាពកកស្ទះចរាចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ