ពលរដ្ឋបាត់ដំបងថា មន្រ្តីមាន​អំណាច​យកដីតំបន់អភិរក្សធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន​

ពលរដ្ឋឲ្យដឹងថា តំបន់អភិរក្សមួយនៅក្នុងខេត្តបាត់ដំបងកំពុងរងការកាប់ទន្រ្ទានយកដីធ្វើកម្ម សិទ្ធឯកជន ដោយថា មិនមានអាជ្ញាធរណាចុះទប់ស្កាត់ឡើយ។

ពលរដ្ឋនៅឃុំសំឡូតលោក ថុង មករា ប្រាប់វីអូឌីថា បច្ចុប្បន្ននេះ ដី និងព្រៃឈើរាប់រយហិតា ក្នុងតំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាង ស្ថិតក្នុង ស្រុកសំឡូត ខេត្តបាត់ដំបងត្រូវ ទាហាន និងអ្នកមានលុយមានអំណាច រួមមានពលរដ្ឋមួយចំនួនផងកំពុងចូលកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដីតំបន់នោះកំពុងឡើងថ្លៃ។

លោកបន្ថែមថា «នៅតំបន់នេះសុទ្ធតែដីអ្នកធំ បើដីជំទាវនោះក្រវ៉ាតឡើងពីរបីភ្នំ អ្នកធំនៅមាន ដីសុទ្ធតែរយៗហិតា ពលរដ្ឋមានដែរ តែពលរដ្ឋកាប់ដៃបានតិចៗទេ បើអ្នកធំភ្នំមួយៗសឹងព័ទ្ធយកទាំងអស់ ដល់អញ្ចឹងវាជាបញ្ហាមួយដែលមិនប្រក្រតី»។

ពលរដ្ឋម្នាក់ទៀតលោក​ រស់ សុភី និយាយថា ក្រៅពីមានការរុករានយកដីតំបន់អភិរក្សធ្វើកម្មសិទ្ធិក៏មានការកាប់ឈើខុសច្បាប់នៅក្នុងតំបន់នោះផងដែរ ដោយថា អាជ្ញាធរទប់ស្កាត់ហាក់ មិនមានប្រសិទ្ធិភាពឡើយ។

លោកបន្ថែមថា «កាលពីឆ្នាំ២០០៥-២០០៧កន្លែងហ្នឹងមានព្រៃឈើ៧០%ទៅ៨០%មក អីឡូគេកាប់ឡើងវាលល្ហល្ហេវទាល់ព្រំដែនថៃហើយហ្នឹង។ បើមិនជឿទេចុះមកមើលផ្ទាល់ខ្ញុំជូនទៅ។ ហើយដីតំបន់ហ្នឹងគេកាប់រហូតមកហើយមិនដែលឃើញខាងណាចុះមកសួរនាំអីផង ហើយ អ្នកហានរុករានព្រៃហ្នឹងសុទ្ធតែអ្នកមានអំណាចហើយបានហានរុករាន ប្រជាពលរដ្ឋអីមានតិចតួចទេ»។

លោកបន្តថា តំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាងអាចនឹងបាត់បង់ហើយក្លាយជាដីចំការ របស់ឯកជននៅពេលខាងមុខ ប្រសិនបើអាជ្ញាធរមិនមានយន្តការទប់ស្កាត់តឹងរឹង។

គេហទំព័រអគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃទី៤មីនាម្សិលម៉ិញថា ដីភ្នំមួយចំនួនក្នុង តំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាងនៅស្រុកសំឡូខេត្តបាត់ដំបង ជាពិសេសដីនៅតំបន់ ជាប់ច្រកទ្វារព្រំដែន ៤០០ ត្រូវបានអ្នកមានអំណាចថ្នាក់ឧត្តមសេនីយ៍វាស់ចែកគ្នាធ្វើជាកម្ម សិទ្ធិអស់ហើយ។

ទោះជាយ៉ាងណា អភិបាលស្រុកសំឡូតលោក ឥន្ទ សៅរិទ្ធ ទទួលស្គាល់ថាពិតជា មានការកាប់ទន្ទ្រានយកដីខ្លះនៅតំបន់អភិរក្សពិតមែន ប៉ុន្តែលោកថា ការរុករាននោះកើតមាន តាំងពីមុនលោកធ្វើជាអភិបាលស្រុកទៅទៀត ដោយថា បច្ចុប្បន្នកើតមានតិចតួចប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរស្រុកកំពុងមានវិធានការទប់ស្កាត់ហើយ។

បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិឲ្យដឹងថា តំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាង មានផ្ទៃដី និងព្រៃឈើប្រមាណជាង៦ម៉ឺនហិកតា ដោយលាតសន្ធឹងពីស្រុកសំឡូតខេត្ត បាត់ដំបងរហូតដល់ខេត្តប៉ៃលិនជាប់ព្រំដែនកម្ពុជា-ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ