ក្រសួងមហាផ្ទៃទទួលស្គាល់លោក កឹម សុខា ជាប្រធានបក្ស តែមិនទទួលស្គាល់អនុប្រធានបីរូបទៀត

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង​ កាលពីកន្លងទៅ

ក្រសួងមហាផ្ទៃបានជំទាស់ជាថ្មីទៀតនឹងសមាភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រឆាំង ដោយលើកនេះទទួលស្គាល់តែលោក កឹម សុខា ជាប្រធានបក្សថ្មី ចំណែកអនុប្រធាន៣រូបទៀត មិនទទួលស្គាល់ឡើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧  នេះ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសទទួសស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ និងស្វាគមន៍ចំពោះការសម្រេចដកសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំប្រើរាស្ដ្រ»

ប៉ុន្ដែក្នុងសេកចក្ដីប្រកាស ក្រសួងមហាផ្ទៃមិនទទួលស្គាល់អនុប្រធានបក្ស៣រូបទៀត របស់គណបក្សប្រឆាំងនោះទេ រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក​ អេង ឆៃអ៊ាង។ ក្រសួងមហាផ្ទៃលើកហេតុផលថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៧ នេះ គឺខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះ បានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។

កាលពីថ្ងៃទី២ មីនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានធ្វើសមាជជ្រើសរើសប្រធាន និងអនុប្រធានថ្មី បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងប្រធានបក្ស ហើយបក្សប្រឆាំងបានជ្រើសយករូបមន្ដ មាន ប្រធានមួយ និងអនុប្រធាន៣ សម្រាប់ក្បាលម៉ាស៊ីនដឹកនាំ។ ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផ្ញើសារសាទរផងដែរ ប៉ុន្ដែក្រសួងមហាផ្ទៃបែរជាពុំទទួលស្គាល់ ដោយចេញសេចក្ដីថ្លែងការណ៍បដិសេធជាបន្ដបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ