គ.ជ.ប អំពាវនាវឲ្យសង្គមស៊ីវិលនិងអង្គការអន្ដរជាតិចូលរួមសង្កេតការណ៍បោះឆ្នោត

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 4:52 PM | បោះឆ្នោត | 0 | 1281

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវដល់សង្គមស៊ីវិល អង្គការអន្ដរជាតិ និងតំណាងប្រទេសនានា ចូលរួមសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា នាពេលខាងមុខ។

យោងតាមលិខិតមួយ ដែលផ្ញើទៅក្រសួងការបរទេសកម្ពុជា និងត្រូវបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី៥ មេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា «គ.ជ.ប» បានអំពាវនាវឲ្យសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល តំណាងប្រទេសនានា និងអង្គការអន្ដរជាតិ ចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០​១៧​។

បើតាមលិខិតនេះ ការស្នើសុំចុះឈ្មោះចូលរួមសង្កេតការណ៍បោះឆ្នោត​ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៥ ខែកុម្ភៈ នឹងបញ្ចប់នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៧ ខាងមុខនេះហើយ។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា ការចូលរួមរបស់សង្គមស៊ីវិល និងអង្គការអន្ដរជាតិនេះ គឺជាសក្ខីភាព និងសាក្សីរស់ ដែលអាចបញ្ជាក់ពីភាពត្រឹមត្រូវ និងការអាចទទួលយកបាននៃដំណើរការ និងលទ្ធផលបោះឆ្នោតនៅកម្ពុជា។ លោកអះអាងថា មកទល់ពេលនេះ គ.ជ.ប បានទទួលសំណើសុំចូលរួមសង្កេតការណ៍ពីអង្គការចំនួន៣ ដោយក្នុងនោះ មានអ្នកសង្កេតការណ៍សរុបជិត២ពាន់នាក់។ លោកបន្ថែមថា គ.ជ.ប ក៏បានទទួលសំណើសុំអង្កេតការណ៍ពីសហគមអឺរ៉ុបផងដែរ ដោយថា មានអ្នកសង្កេតការណ៍ចំនួន៤នាក់។

លោកមានប្រសាសន៍បន្ថែម គ.ជ.ប មិនកំណត់ចំនួនអ្នកសង្កេតការណ៍បោះឆ្នោតថា គួរមានប៉ុន្មាន ទើបល្អនោះទេ ប៉ុន្ដែលោកសង្ឃឹមថា នឹងអាចមានអ្នកសង្កេតការណ៍នៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ក្នុងប្រទេសកម្ពុជា។​

​លោកថា៖ «អ្នកសង្កេតការបោះឆ្នោត គឺជាសាក្សីបោះឆ្នោត អញ្ចឹងក្នុងការប្រកួតប្រជែងរវាងគណៈបក្សនយោបាយអាចមាន គជប ជាអាជ្ញាកណ្តាល នេះពិតជាមិនអាចខ្វះបាននូវតួនាទី និងការចូលរួមរបស់អ្នកសង្កេតការ។ ការងារសង្កេតការនេះ គឺជាធាតុផ្សំមួយ ដែលមិនអាចខ្វះបាន សម្រាប់ដំណើរការបោះឆ្នោត ហើយធ្វើឲ្យពលរដ្ឋទោះបីជាគាត់មិនមែនជាសង្កេតការ ប៉ុន្ដែដល់ពេលគាត់សង្កេតឃើញថា មានសង្កេតការតាមបែបកណ្ដាល មិនមែនជាភ្នាក់ងាររបស់គណបក្សនយោបាយ នោះគាត់មានទំនុកចិត្តទៅដល់ដំណើរការបោះឆ្នោត»។

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ  ហៅកាត់ថា និចហ្វិច បានសាទរចំពោះចំណាត់ការនេះ ដោយថា គ.ជ.ប ហាក់ចង់បង្ហាញឲ្យឃើញពីដំណើរការបោះឆ្នោតឃុំសង្កាត់ខាងមុខថា នឹងមានតម្លាភាព និងសុច្ចរិតភាពជាងមុន។

លោកបន្ដថា ក្នុងអំឡុងពេលបោះឆ្នោត អ្នកសង្កេតការណ៍អាចតាមដាន និងពិនិត្យមើលដំណើរការបោះឆ្នោតទាំងមូល ដូចជា បរិយាកាសបោះឆ្នោត ចំនួនអ្នកមិនបានបោះឆ្នោត ការរាប់សន្លឹកឆ្នោត នីតិវិធី និងលទ្ធផលបោះឆ្នោត ជាដើម។ លោកអះអាងថា ប្រសិនបើអ្នកសង្កេតការណ៍ពិនិត្យឃើញមានភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតនោះ ពួកគេនឹងធ្វើរបាយការណ៍ ដើម្បីផ្ដល់អនុសាសន៍ដល់ គ.ជ.ប និងរដ្ឋាភិបាលឲ្យពិចារណា និងកែលម្អតាមការគួរ។

លោកថា៖ «ល្អ បើ គជប ចង់បង្ហាញពីតម្លាភាពដែរ គាត់ចង់ឲ្យមានការចូលរួមច្រើនសង្កេតការបោះឆ្នោត។ គេមាន questionairs គេ មានចំណុចដែលត្រូវសង្កេតច្រើន កាលណាគេរកឃើញភាពមិនប្រក្រតី គេមានចេញរបាយការណ៍គេ ហើយគេដាក់ទៅគជបឲ្យដឹងដែរ ហើយគេមានអនុសាសន៍គេទៀត គេនឹងចង្អុលបង្ហាញថា មានមិនប្រក្រតី ដែលគេរកឃើញមានអីខ្លះ? វាគួរតែចំនុចនេះ ចំណុចនោះ គួរតែរៀបចំកែលម្អ និងវិសោធនកម្ម»

បើតាមសេចក្ដីប្រកាស ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤​ នឹងប្រព្រឹត្តទៅចំថ្ងៃអាទិត្យ ទី៤មិថុនា ឆ្នាំ២០១៧៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required