លោក ហ៊ុន សែន បញ្ជាឲ្យរដ្ឋករទឹក​កំណត់តម្លៃប្រើប្រាស់ឲ្យមានស្តង់ដារតែមួយ​

ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅស្ថាប័នពាក់ព័ន្ធត្រូវទិញយកបណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ពី​វិស័យ​​ឯក​ជន​មក​​គ្រប់​គ្រង ដោយថា​ដើម្បីធានាក្នុងការកំណត់​តម្លៃមួយសមរម្យ​ជូនប្រជា​ពលរដ្ឋ​នៅតំបន់​មួយ​​ចំ​នួន​​​ ដែល​ទើប​​កាត់​ចូល​​ក្នុង​​រាជ​ធានី​ភ្នំពេញ​។

ក្នុងពិធី​​សម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវរោងចក្រទឹកស្អាតនិរោធជំហានទី២ នៅ ខណ្ឌច្បារអពៅ នៅព្រឹកនេះ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បានថ្លែង​​ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនមួយចំនួន​បាន​បង្កើតបណ្តាញគ្រប់គ្រងទឹកស្អាត ដើម្បីលក់​ចែក​ចាយឲ្យពលរដ្ឋមួយចំនួននៅបណ្តាខេត្តនានាមានតម្លៃថ្លៃ ខុសពីតម្លៃទឹកនៅក្នុង​រាជធានីភ្នំពេញ​​។ ករណី​នេះ លោកបញ្ជាទៅ​រដ្ឋាករទឹកស្វ័យត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវ​សហការទិញ​យក​បណ្តាញ​​ផ្គត់​ផ្គង់​ទឹក​ស្អាតពី​​ក្រុមហ៊ុនឯនទំាងនោះ ដើម្បី​កំណត់តម្លៃឲ្យបានសមរម្យជូនពលរដ្ឋ​នៅតំបន់នោះ។ លោក​ផ្តល់​ជាអនុសាសន៍ថា «សូមឲ្យរដ្ឋករទឹកភ្នំពេញទិញយកនូវ​បណ្តាញ​ទឹក​ដែល​វិស័យ​​ឯកជន​ បានវិនិយោគនូវបណ្តា​ឃុំ ដែលមុន​នេះ​ជាឃុំនៅខេត្តកណ្តាល​ ត្រូវបាន​កាត់​ចូល​ក្នុង​ទីក្រុ​ង​ភ្នំ​​ពេញ ដូច្នេះយើង​ត្រូវ​បន្ថែមទុនមួយចំនួនទៀត ដើម្បីទិញយកនូវ​ផ្នែក​ផ្គត់ផ្គង់ទឹក​ ដែលមុន​នេះវិស័យ​ឯក​ជន​​បានវិនិយោគនៅទីនោះ​ ត្រូវ​បន្តការទិញយក ដើម្បីយើង​បន្ត​ជាមួយនឹង​បណ្តាញទឹក​ដែល​មាន​បច្ចុប្បន្ន​នេះ ហើយអនុវត្តនូវថ្លៃប្រហាក់ប្រហែលគ្នា»។

លើសពីនេះទៀតលោក ហ៊ុន សែន ក៏បាន​ស្នើឲ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ពិភាក្សា​គ្នាក្នុ​ង​កា​រទ​ម្លាក់​តម្លៃ​អគ្គិស​នី​សម្រាប់​ការបូមទឹក ដើម្បីបានកាត់បន្ថយការចំណាយលើការប្រតិបត្តិការ ដោយថា​ ការ​បូម​ទឹកនៅពេលយប់គួរតែទទួល​បានតម្លៃអគ្គិសនីទាប ព្រោះការផ្គត់ផ្គង់​អគ្គិសនី​នៅ​ពេល​យ​ប់​មាន​តម្លៃ​​ធូរថ្លៃ។

អ្នកប្រឹក្សាឯករាជ្យ ផ្នែកអភិបាលកិច្ច លោក សួន​ ប៊ុនស័ក្តិ យល់ថា លោក ហ៊ុន សែន មិនគួរប​ញ្ជា​ឬក៏​ណែនាំ​ទៅរដ្ឋករទឹកទិញបណ្តាញគ្រប់គ្រងទឹកពីក្រុមហ៊ុនឯកជននោះទេ ដោយលោកថា ស្ថាប័នរដ្ឋគួរ​តែ    ព​ង្រឹង​សេវាកម្ម​របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនឯកជន ដើម្បីទុកឲ្យពលរដ្ឋជ្រើស​រើស​សេវា​កម្ម​ដែលខ្លួនពេញចិត្តល្អជាង។ លោកនិយាយថា «ជារដ្ឋាភិបាលមិនចំាបាច់ចេញជាសេចក្តីណែនាំ ឬក៏ជាបទបញ្ជាទៅដល់ស្ថាប័នរដ្ឋករ ដែលជាស្ថាប័នរដ្ឋឲ្យទៅទិញ សហការជាមួយឯកជនទេ យើងគួរតែធ្វើការតាមឯកទេស តាមភាពជំនាញរៀងៗខ្លួនទៅ ហើយយើងបង្ហាញសេវ៉ាកម្មឲ្យប្រជាពលរដ្ឋហើយប្រជាពលរដ្ឋជាអ្នកពិចារណាមើលសេវ៉ាកម្មក្នុងការប្រើប្រាស់ ថាតើគេប្រើប្រាស់មួយណា ទុកឲ្យរដ្ឋធ្វើដោយរដ្ឋ ទុកឲ្យឯកជនធ្វើដោយឯកជនទៅ គេអាចបង្ហាញពីសេវ៉ាកម្មល្អរបស់គេរៀងៗខ្លួន តាមតែគេទៅ»។

ការដាក់ចេញវិធានការថ្មីលើតម្លៃទឹកដោយប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងស្របពេល​ដែលការបោះឆ្នោត​ឃុំ សង្កាត់នៅសល់តែជិតពីរខែទៀតប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ