រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យសមត្ថកិច្ចចាត់វិធានការបែបថ្មី ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែសម្លាប់ពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាមធ្យមស្លាប់ពី៥ទៅ៨នាក់ក្នុង១ថ្ងៃ។
ការជំរុញនេះធ្វើឡើង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីល្ងាចថ្ងៃទី២៧ មីនា ឆ្នាំ២០១៧ បង្កឡើងដោយរថយន្ដមួយគ្រឿង បើកបញ្ច្រាស់ផ្លូវ ហើយបើកបុករះម៉ូតូ បណ្ដាលឲ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់ និង១០នាក់ទៀតរងរបួសធ្ងន់ស្រាល។
ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ នៅខេត្តព្រៃវែង កាលពីថ្ងៃទី៤ ខែមេសា ឆ្នំា២០១៧ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លៃងប្រាប់អាជ្ញាធរមូលដ្ឋានឲ្យចុះអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើង។ លោកជំរុញឲ្យអាជ្ញាធរទាំងអស់ចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តខុសបច្ចេកទេស ដោយថាយានយន្តកែច្នៃបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានដាក់គោលការណ៍មួយចំនួន ដើម្បីឲ្យសមត្ថកិច្ចទាំងនោះអនុវត្ត។
ក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិ បានដកស្រង់ប្រសាសន៍លោក ស ខេង ថា «ក្នុងឆ្នាំ២០១៦ មកបន្តអនុវត្តប្រកបដោយនិរន្តភាព គុណភាព និងតម្លាភាព ក្នុងការពង្រឹងយន្តការដឹកនាំបញ្ជាត្រួតពិនិត្យ ការអប់រំផ្សព្វផ្សាយច្បាប់ ការរឹតបន្តឹងច្បាប់ ការផ្តល់សេវាសាធារណៈ។ល។ ត្រូវជម្រុញខ្លាំងក្លាក្នុងការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋនៅជនបទ និងត្រូវរិះរកវិធានការថ្មីៗដែលមានប្រសិទ្ធភាពក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ពិសេសចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញ និងអ្នកជិះម៉ូតូ។ល។»។
ក៏ប៉ុន្តែប្រធានកម្មវិធីចរាចរណ៍ផ្លូវថ្នល់ នៃអង្គការជនពិការអន្តរជាតិ ប៊ែលហ្ស៊ីក លោក អៀ ចរិយា មានប្រសាសន៍ថា បើរដ្ឋាភិបាលគ្រាន់តែបញ្ជាឲ្យសមត្ថកិច្ចអនុវត្តនោះ ហើយមិនតាមដានការអនុវត្តនោះមិនមានប្រសិទ្ធភាពទេ។ លោកបន្តថា រដ្ឋាភិបាលគួរតែធ្វើការផ្សព្វផ្សាយទៅតាមសាលានិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទើបអាចមានប្រសិទ្ធភាព។
លោកថា «ពាក់ព័ន្ទនិងការអប់រំនិងយើងនៅទន់ខ្សោយគឺរឿងការរឹតបន្តឹងច្បាប់។យើងឃើញការផាកពិន័យអីបានតែម៉ាឆាវៗ វាអត់ដូចភ្លៀងរលឹមដែលគាត់លើកឡើងចឹងអត់បានធ្វើជាប់គ្នាមក ។ ចឹងការរឹតបន្តឹងច្បាប់យើងវាក៏នៅទន់ខ្សោយវាអត់ទាន់បានធ្វើជាប់លាប់ជាប្រចាំនៅគ្រប់ទូទាំងប្រទេស។ ទី៣គឺកត្តាផ្លូវរបស់យើង យើងធ្វើផ្លូវអត់ទាន់មានក្រុមណាដើរពិនិត្យមើលពីសុវត្ថិភាពផ្លូវនិង អត់មានគំនូស មានភ្លើង មានផ្លាកអីគ្រប់គ្រាន់អស់នៅ របស់យើងលូវក៏ប្រកបដោយគ្រោះថ្នាក់ដែរ ។ កត្តាទី ៤ ដែលយើងត្រូវពិនិត្យមើលឲ្យដិតដល់គឺកត្តាយានដែលយើងឃើញយាននៅស្រុកខ្មែរភាគច្រើនជាយាន្តយន្តជជុះហើយការត្រួតពិនិត្យសុវត្ថិភាពហ្នឹងគឺនៅមានភាពទន់ខ្សោយ យើងមើលច្រកទាំង ៤ ហ្នឹងយើងនៅខ្សោយទាំង៤»។
របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣៧០០លើក មានមនុស្សស្លាប់ជាង១ពាន់៧រយនាក់ និងរបួស៦៦០៧នាក់ នៅឆ្នាំ២០១៦។ បើធៀបនឹងឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៤៤៣លើក ស្មើ១១ភាគរយ អ្នកស្លាប់ថយចំនួន២៧១នាក់ ស្មើ១៤ភាគរយ និងអ្នករបួសថយចំនួន៥៤២នាក់ ស្មើ៨ភាគរយ៕