តុលាការ​ចុះ​អនុវត្ត​សាល​ដីកា​បង្គាប់​ឲ្យ​ភ្នំពេញប៉ុស្តិ៍ បង់​សំណង​​២៦​ម៉ឺន​ដុល្លារ​ទៅ​អតីត​អគ្គ​នាយក

នារីម្នាក់កំពុងតែអានកាសែតភ្នំពេញប៉ុស្តិ៍

តុលាការ​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​ចុះ​អនុវត្ត​សាល​ដី​កា​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ ប្រឆាំង​នឹង​សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ នៅ​ក្នុង​វិវាទ​ការងារ​រវាង​អតីត​អគ្គ​នាយក និង​ម្ចាស់​សារព័ត៌មាន​មួយ​នេះ។

នៅ​ឯ​ការិយាល័យ​សារព័ត៌មាន​នេះ ព្រះ​រាជ​អាជ្ញា​រង លោក ខាំ សុផារី និង​ក្រុម​មន្ត្រី​ដទៃ​ទៀត បាន​ចុះ​ទៅ​អនុវត្ត​សាល​ដីកា​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​កណ្ដាល​សារព័ត៌មាន​បរទេស​មួយ​នេះ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​អតីត​អគ្គ​នាយក លោក Chris Dawe ឈ្នះ​ក្ដី​ ជុំ​វិញ​បណ្ដឹង​របស់​​លោក​នៅ​ក្នុងវិវាទ​ការងារ ។

ក្រុម​មន្ត្រី​តុលាការ​ដែល​បាន​ចុះ​ទៅ​អនុវត្ត​សាល​ដីកា​នៅ​ព្រឹក​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​​ថា តុលាការ​បាន​សម្រេច​ទុក​ពេល ១៥​ថ្ងៃ សម្រាប់​ឲ្យ​សារព័ត៌មាន​មួយ​នេះ ​ទូទាត់​សំណង​ចំនួន​​ ២៦​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​អតីត​​អគ្គនាយក​ លោក Chris Dawe។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ក្នុង​រយៈ​ពេល​នេះ គ្មាន​ការ​ទូទាត់​សំណង​ទេ ទ្រព្យ​សម្បត្តិ​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ នឹង​ត្រូវ​រឹប​អូស​ដាក់​លក់​ឡៃ​ឡុង។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់វីអូឌីតាមបណ្ដាញតេឡេក្រាមថា នេះគឺជាវិធានការចាប់បង្ខំក្នុងសំណុំរឿងរដ្ឋប្បវេណី ហើយថា មិនជាប់ពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌឡើយ។

VOD បានព្យាយាមស្វែងរកការឆ្លើយតបពីនិពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍ លោក កៃ គឹមសុង ប៉ុន្ដែ លោកថា កំពុងជាប់ប្រជុំ។ ចំណែក ថ្នាក់ដឹកនាំផ្សេងទៀតរបស់ស្ថាប័នកាសែតមួយនេះ ក៏មិនអាចទាក់ទងបានដូចគ្នា។

លោក Chris Dawe ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​នាយក​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១២ មុន​នឹង​លោក​ត្រូវ​បាន​បណ្ដេញ​ចេញវិញ​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក។

សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ត្រូវ​បាន​សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ថា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពន្ធពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និង​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ពន្ធ​មាន​តម្លៃ ៣.៩​លាន​ដុល្លារ ជុំ​វិញ​ការ​ខក​ខាន​មិន​បាន​រាយការណ៍​អំពី​ការ​ផ្ទេរ​ប្រាក់ ២.៥​លាន​ដុល្លារ​ពី​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន ចាក់​បញ្ចូល​ក្នុង​គណនី​សារព័ត៌មាន​មួយ​នេះ។

ទោះជាយ៉ាងណា អគ្គ​នាយក​បច្ចុប្បន្ន​របស់​កាសែត​នេះ លោក Marcus Holmes បាន​ច្រាន​​ចោល​នូវ​ព័ត៌មាន​បែប​នេះ ដោយ​បញ្ជាក់​ថា ការ​ជជែក​អំពី​បញ្ហា​ពន្ធ មិន​ប៉ះ​ពាល់​ទៅ​ដល់​ដំណើរការ​របស់​សារព័ត៌មាន​មួយ​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ