អូស្ត្រាលី​ប្រកាស​​ពី​ការ​សម្លាប់​ជន​ជា​អ្នក​ជ្រើស​រើស​សមាជិក​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់

ជន​សង្ស័យ Neil Prakash (រូបភាពពី AFP)

អាជ្ញាធរអូស្ត្រាលីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជនសង្ស័យជាភេរវករម្នាក់ដែលប្រទេសនេះស្វែងរកចាប់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារជាច្រើននៅឯអូស្ត្រាលីនោះ ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ទាហានអាមេរិកនៅអ៊ីរ៉ាក់។

មរណភាពរបស់ Neil Prakash ត្រូវបានអាជ្ញាធរអូស្ត្រាលីនិងអាមេរិកចាត់ទុកជាករណីសំខាន់ ដោយសារជនសង្ស័យម្នាក់នេះគឺជាបុគ្គលដ៏សំខាន់ដែលបានជ្រើសរើសមនុស្សសម្រាប់ក្រុមជីហាដ។

ទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីអគ្គរដ្ឋអាជ្ញាលោក George Brandis នោះបានរាយការណ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រាប់ទៅរដ្ឋាភិបាលក្រុងកង់បឺរ៉ាថា ភេរវករ Prakash បានស្លាប់នៅទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែមេសាកន្លងមកនេះ។

នៅក្នុងសេចក្ដីប្រកាសរួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Marise Payne លោក George Brandis បានរៀបរាប់ថាជនសង្ស័យ Neil Prakash គឺជាសមាជិកដ៏សំខាន់ម្នាក់របស់ក្រុម ISIL ដោយមានតួនាទីជាអ្នកជ្រើសរើសភេរវជននិងរៀបចំការវាយប្រហារ។

លោក George Brandis បានរៀបរាប់បន្តថាជនសង្ស័យរូបនេះមានជាប់ពាក់ព័ន្ធទៅនឹងផែនការវាយប្រហារជាច្រើននៅអូស្ត្រាលីនិងបានប្រកាសផែនការវាយប្រហារទៅលើសហរដ្ឋអាមេរិក។ ជនសង្ស័យរូបនេះត្រូវបានអាជ្ញាធរអូស្ត្រាលីចាត់ទុកជាអ្នកជ្រើសរើសសមាជិកឲ្យ ISIL ដ៏សំខាន់បំផុត។

អាជ្ញាធរអាមេរិកក៏បានប្រាប់រដ្ឋាភិបាលអូស្ត្រាលីផងដែរថា ស្រ្តីសញ្ជាតិអូស្ត្រាលីឈ្មោះ Shadi Jabar Khalil Mohammad ក៏បានស្លាប់ជាមួយស្វាមីនាងជាជនជាតិស៊ូដង់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅជិតទីក្រុង Al Bab របស់ប្រទេសស៊ីរី កាលពីថ្ងៃទី២២ ខែមេសាផងដែរ។

ជនសង្ស័យ Prakash បានចាកចេញពីអូស្ត្រាលីកាលពីឆ្នាំ២០១៣និងមានឈ្មោះមួយទៀតថា Abu Khaled al-Cambodi។ ជនសង្ស័យរូបនេះបានជាប់ពាក់ព័ន្ធទៅនឹងផែនការវាយប្រហារមួយកាលពីឆ្នាំមុននៅក្នុងទិវាគោរពវិញ្ញាណក្ខន្ធទាហានអូស្ត្រាលីដែលបានស្លាប់នៅក្នុងសង្គ្រាម។

យោងតាមរដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា យ៉ាងហោចណាស់ការវាយប្រហារចំនួន៦លើក ត្រូវបានគេគ្រោងធ្វើនៅលើទឹកដីអូស្ត្រាលីក្នុងរយៈពេល១៨ខែកន្លងមកនេះ។ ប៉ុន្តែការវាយប្រហារជាច្រើនបានកើតឡើងក្នុងនោះមានទាំងឃាតកម្មទៅលើប៉ូលិសលោក Curtis Cheng ផងដែរ៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ