រដ្ឋមន្រ្តី​ការបរទេសថ្មីជួប​តំណាង​ទូតទាំង​២៩​ តែមិន​លើកឡើង​ពីការ​ចាប់​ខ្លួនមន្រ្តីសិទ្ធិ​មនុស្ស

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ថ្លែងទៅកាន់អ្នក​សារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ

អ្នកនាំពាក្យក្រសួងការបរទេសឲ្យដឹងថារដ្ឋមន្រ្តីថ្មីក្រសួងការបរទេស លោក ប្រាក់ សុខុន នារសៀលនេះគ្រាន់តែជួបបង្ហាញខ្លួនជាមួយតំណាងទូតទាំង២៩ តែមិនបានលើកឡើងពីបញ្ហានៃការចាប់ឃុំខ្លួនមន្រ្តីសង្គមស៊ីវិលនិងអគ្គលេខាធិការរង គ.ជ.ប នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ថ្លែងបែបនេះក្រោយការបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន និងអង្គទូតទាំង២៩នៅកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ លោកមានប្រសាសន៍ថាក្នុងជំនួបជាងមួយម៉ោង លោក ប្រាក់ សុខុន គ្រាន់តែមានបំណងណែនាំខ្លួនឲ្យមន្រ្តីទូតទាំងនោះបានស្គាល់និងចង់ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជិតស្និទ្ធ ក្នុងនាមលោកជារដ្ឋមន្ត្រីថ្មី ជំនួសលោក ហោ ណាំហុង។

លោកបន្ថែមថាក្នុងជំនួបនោះមិនបានលើកពីបញ្ហាលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងការចាប់ខ្លួនសកម្មជន និងអ្នកនយោបាយយកមកពិភាក្សាគ្នាឡើយ។ លោកមានប្រសាសន៍ថា៖ “ឯកឧត្តមទេសរដ្ឋមន្រ្តីមិនបានលើកឡើងពីបញ្ហាហ្នឹងទេ ពីព្រោះជាក់ស្តែងបញ្ហាដែលបានបង្ហាញឲ្យឃើញថាគឺស្ថានបេសកកម្មបានគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដោយស្ថានតំណាងអត់មានបានលើកអំពីបញ្ហាណាមួយដែលមានលក្ខណៈថាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា អត់មានការលើកឡើងទេ ដូច្នេះអត់មានការចាំបាច់អីដែលត្រូវលើកឡើង ដោយជាក់ស្តែងបានបង្ហាញថាមានការគោរពយ៉ាងល្អអំពីអធិបតេយ្យភាពរបស់កម្ពុជា”។

អតីតរដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង តែងតែបានហៅតំណាងទូតមកពន្យល់ នៅពេលមានការចាប់ខ្លួនអ្នកនយោបាយគណបក្សសង្រ្គោះជាតិ ក្នុងនោះលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីជាដើម។ ក្រោយពីតុលាការបានចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ រដ្ឋមន្រ្តីការបរទេសកម្ពុជាក៏បានកោះហៅតំណាងទូតមកពន្យល់ផងដែរ។

គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញនិងបញ្ចប់កាលពីថ្ងៃពុធ សហភាពអឺរ៉ុប បានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតនិងរក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។

សហភាពអឺរ៉ុបក៏បានសម្តែងក្តីបារម្ភរបស់ខ្លួនអំពីករណីការឃុំខ្លួនអ្នកនយោបាយជាប់ឆ្នោតនិងសកម្មជន ហើយបានស្នើឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សេរីភាពបញ្ចេញមតិ សិទ្ធិមនុស្សនិងនីតិរដ្ឋ។

ក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមជាមួយសហភាពអឺរ៉ុបថារដ្ឋាភិបាលមិនបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីព្យាបាទសង្គមស៊ីវិលនិងបក្សប្រឆាំងនោះទេ ប៉ុន្តែជាសកម្មភាពនៃការអនុវត្តនីតិរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ