តំណាងពលរដ្ឋប្រមាណ​២០០០នាក់គ្រោងតវ៉ាទាមទារ​ឲ្យ​ដោះលែង​​មន្រ្តីសិទ្ធិមនុស្ស​

តំណាងប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ បានដាក់លិខិតមួយច្បាប់ទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំដង្ហែញត្តិដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់និងដោះលែងមន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៤ខែឧសភា តំណាងពលរដ្ឋបានលើកឡើងថាពួកគេប្រមាណ២ពាន់នាក់ដែលតំណាងឲ្យប្រជាពលរដ្ឋ យុវជននិងស្រ្តីចំនួន៥២០៩នាក់គ្រោងនឹងដង្ហែញត្តិដាក់ទៅACUនៅព្រឹកម៉ោង៩ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ ពួកគេបញ្ជាក់ថា៖ “យើងខ្ញុំសូមជ្រាបជូនឯកឧត្តមថាពួកយើងខ្ញុំមានក្តីបារម្ភជាខ្លាំងចំពោះស្ថានការណ៍បច្ចុប្បន្ន ដោយសារមានការចោទប្រកាន់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល មន្រ្តីគ.ជ.ប និងមន្រ្តីអង្គការសហប្រជាជាតិពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ”

ក្នុងលិខិតនោះ ពួកគេបានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយបញ្ឈប់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញមកលើសកម្មជនសិទ្ធិមនុស្សនិងមន្រ្តីអង្គការសង្គមស៊ីវិល តាមរយៈការចោទប្រកាន់ផ្សេងៗ។ ពួកគេក៏បានស្នើបញ្ឈប់ការអនុវត្តតួនាទីរបស់ACU ដោយពួកគេចាត់ទុកថាមានលក្ខណៈស្តង់ដារពីរ។

តំណាងពលរដ្ឋដែលបានផ្តិតស្នាមមេដៃលើលិខិតដាក់ទៅសាលារាជធានីភ្នំពេញមានឈ្មោះដូចជាមាស លក្ខិណា ឈន គិមហ៊ាង ខៀវ ឡៃ គឹម សារ៉ាន់ ស ស៊ននិងភោគ សភីន។

អ្នកស្រី គឹម សារ៉ាន់ ដែលអះអាងថាជាពលរដ្ឋរងការបណ្តេញចេញពីតំបន់បុរីកីឡា ប្រាប់វីអូឌីថាពលរដ្ឋដែលចូលរួមតវ៉ានោះជាអ្នកដែលរងគ្រោះដីធ្លីដែលអ្នកស្រីថាតែងតែពឹងសមាគមអាដហុកឲ្យជួយដោះស្រាយបញ្ហាដីធ្លី។ អ្នកស្រីបន្តថាពេលដាក់លិខិតស្នើសុំនោះ មន្រ្តីសាលាក្រុងថាមិនអនុញ្ញាតឲ្យពលរដ្ឋហែនោះទេ។ ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ជំហរថាប្រជាពលរដ្ឋនៅតែតវ៉ា ទោះមិនមានការអនុញ្ញាតពីសាលាក្រុងក៏ដោយ។

អ្នកស្រីមានប្រសាសន៍ថា៖ “ខ្ញុំនៅតែមានជំហរតាំងចិត្តថាបើសិនជាមន្រ្តីគាត់មិនឲ្យដើរក៏ដោយ ក៏ប៉ុន្តែពួកខ្ញុំនៅតែចងក្រងជាសហគមន៍ នឹងហែញត្តិទៅ(អង្គភាពប្រឆាំង)អំពើពុករលួយ ដើម្បីទាមទារដោះអង្គការសង្គមស៊ីវិល ដែលគាត់ធ្លាប់ជួយយើងខ្ញុំជនរងគ្រោះរយៈកាលកន្លងមកបីបួនឆ្នាំ អញ្ចឹងដល់ពេលគាត់មានទោសអញ្ចឹង ខ្ញុំជាប្រជាពលរដ្ឋមិនអាចឈរឱបដៃមើលទេ”

ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានឲ្យវីអូឌីដឹងថាជាគោលការណ៍គឺសាលារាជធានីគឺមិនអនុញ្ញាតសម្រាប់ការហែក្បួនណាដែលមានគ្នាច្រើនបែបនេះនោះទេ តែលោកថាសាលារាជធានីនឹងពិភាក្សាជាមួយតំណាងអ្នកស្នើសុំនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

រហូតមកដល់ពេលនេះមានមនុស្ស៧នាក់ហើយដែលត្រូវបានចោទប្រកាន់ហើយក្នុងនោះ៦នាក់កំពុងជាប់ពន្ធនាគារ។ មន្រ្តីអាដហុក៤នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី  ដោយACUថាបានធ្វើឲ្យអំពើសូកប៉ាន់សាក្សីនេះបានសម្រេច។ តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។  ចំណែកមេឃុំរបស់គណបក្សសម រង្ស៊ី លោក ស៊ាង ចែត ក៏ត្រូវបានចោទប្រកាន់ ដោយតុលាការរកឃើញថាមេឃុំរូបនោះយកប្រាក់៥០០ដុល្លារទៅឲ្យម្តាយកញ្ញាស្រីមុំ ជាថ្នូរកុំឲ្យនិយាយរឿងពិតពីទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍PNNកាលពីថ្ងៃពុធ ប្រធានACU លោក ឱម យ៉ិនទៀង បានថ្លែងថាចំណាត់ការរបស់ACUផ្អែកលើភស្តុតាងទាំងស្រុង។ លោកបានបន្ថែមថាអង្គភាពកំពុងតាមដានមនុស្សមួយចំនួនទៀតដែលលោកអះអាងថាពាក់ព័ន្ធនឹងករណីនេះ។ ទោះជាយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះមនុស្សទាំងនោះទេ។ លោកមានប្រសាសន៍ថា៖ “មានឈ្មោះមួយចំនួនទៀត យើងខ្ញុំអត់មានរាយនៅក្នុងរបាយការណ៍សំយោគសោះ តុលាការអត់ទាន់ឃើញឈ្មោះអស់ហ្នឹងដែរ ហើយយើងខ្ញុំត្រូវការតាមមើលថែមទៀតដែរ ហើយបើសិនមានបញ្ហាជាប់ យើងធ្វើទៀត”

លោក យ៉ិនទៀង ក៏បានច្រានចោលការលើកឡើងថាអង្គភាពបានចោទប្រកាន់មន្រ្តីសង្គមស៊ីវិលពីរឿងសំណូក២០៤ដុល្លារ ដែលសមាគមអាដហុកផ្តល់ឲ្យកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ តាមការស្នើសុំរបស់នាង ក្នុងការធ្វើដំណើរ ថ្លៃម្ហូបអាហារនិងថ្លៃស្នាក់នៅនោះទេ។ លោកបញ្ជាក់ថា៖ “ហ្នឹងហើយជាការលាបពណ៌ ហ្នឹងហើយជាការបំពុលសាធារណមតិ យើងខ្ញុំមិនបាននិយាយថាអាដហុកចាយលុយ២០៤ដុល្លារឲ្យទៅស្រីមុំជាអំពើសូកប៉ាន់ទេ យើងខ្ញុំមិនដែលថាទេ។ មេធាវីគាត់អានសំណុំរឿងយើងខ្ញុំច្បាស់ទៀត នៅតែមូលបង្កាច់យើងខ្ញុំទៀត អាហ្នឹងយើងនឹងនិយាយគ្នាក្រោយទៀត អំពីបញ្ហាខ្លួននិយាយអត់មានការពិត”។ លោកមានប្រសាសន៍បន្ថែមថា“លោក នី សុខា ដែលជាប្អូនបង្កើតរបស់លោក នី ចរិយា នៅសល់មួយទៀត ដែលស្រីមុំត្រូវឡើងទៅតុលាការ គាត់បានហៅស្រីមុំមក សង្កត់ ធ្វើម៉េចឲ្យផ្តល់សក្ខីកម្មភូតកុហក ហើយនៅតែសន្យាឲ្យសំណូករបស់គាត់ដដែល”

អង្គការតម្លាភាពអន្តរជាតិបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិ ដោយថាអង្គភាព”មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ”។

លោកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova)អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “អង្គការតម្លាភាពអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវការជ្រៀតជ្រែកផ្នែកនយោបាយនិងការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សនិងអ្នកប្រឆាំងអំពើពុករលួយ”

លោក យ៉ិនទៀង បានចាត់ទុកនេះជាការមូលបង្កាច់និងលាបពណ៌មួយ ដោយលោកព្រមានឲ្យមានការប្រុងប្រយ័ត្នថា”កុំបង្ហាញថាខ្លួនជាបក្សពួកនិងសមគំនិត”ក្នុងករណីនេះ។

គួរបញ្ជាក់ថាចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឡើងបន្ទាប់ពីកញ្ញាស្រីមុំបានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ៕ ដោយ ស៊ុន ណារិន និងរ័ត្ន សុភក្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ