កម្ពុជា​ខកចិត្តនឹងប្រតិភូសហភាពអឺរ៉ុប ករណី​រិះគន់ការបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស

អ្នកជាប់ឃុំទាំង៥ (រូបភាពផ្តល់ឲ្យ)

ក្រសួងការបរទេស​កម្ពុជា​ ​បង្ហាញការខកចិត្តចំពោះប្រតិភូសហភាពអឺរ៉ុបប្រចំា​កម្ពុជា​ ដែល​រិះគន់​លើការ​បន្តឃុំខ្លួន​មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដោយ​ថានេះ ជាការ​ជ្រៀត​ជ្រែក​កិច្ចកា​រ​​​ផ្ទៃ​ក្នុ​ង​កម្ពុជា។

កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ ម្សិលមិញ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅ​នឹង​ការ​សម្រេច​របស់តុលាការកម្ពុជា ដែលនៅ​​បន្ដឃុំខ្លួន​មន្ដ្រីការពារសិទ្ធិមនុស្ស​របស់អង្គការ​អាដ​ហុក​ចំនួន៤រូប និងមន្ត្រីគ​.ជ.ប ឲ្យជាប់ពន្ធនាគារ៦ខែបន្ថែមទៀត ខណៈពួកគេបានជាប់ឃុំ​ជាង១ឆ្នាំហើយ ពោល​ ចាប់តាំងពីការសម្រេចឃុំខ្លួនលើកដំបូង កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦។

​នៅក្នុងសេចក្តីថ្លៃការណ៍​ចុះថ្ងៃទី៥ឧសភានេះ ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា តុលាការ​កម្ពុជា​សម្រេចបន្តឃុំខ្លួនបណ្តោះអាសន្នលើ​មន្ត្រីសិទ្ធិមនុស្សអាដហុក​៤រូប និងមន្ត្រី គ.ជ.ប មួយរូប​ បន្ថែម៦ខែ​ទៀត​នោះ គឺ​ស្រប​​តាម​ច្បាប់ជាតិ ដោយថា ចៅក្រមស៊ើបអង្កេតអាចសម្រេច​ពន្យាការឃុំខ្លួនជនត្រូវ​ចោទមុ​ន​សវនាការចំនួន២ដង ដោយក្នុង​​រយៈពេល៦ខែ ក្នុង១ដង។

សេចក្តីថ្លៃងការណ៍ដដែលបានឲ្យដឹងទៀតថា ការរិះគន់របស់សហភាពអឺរ៉ុបជុំវិញករណីខាងលើនេះ ជា​ការ​រំ​លោភបំពានលើអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូត មាត្រា៤១(១) ដែល មាត្រាទី៤១(១) មានខ្លឹមសារថា រាល់បេសកកម្មកាទូតទំាងអស់មានកាតព្វកិច្ចគោរពច្បាប់ និង​បទ​បញ្ជា​នានា​របស់រដ្ឋ​ដែល​ខ្លួនតំាងនៅ ហើយពួកគេមានកាតព្វកិច្ច មិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់​រដ្ឋ​នោះ​ឡើយ។

ទោះជាបែបនេះក្តី សហភាពអឺរ៉ុប​ បានឲ្យដឹងដែរថា ការសម្រេច​ឃុំខ្លួន​ជា​បណ្ណោះ​អាសន្ន​បន្ដទៀតនេះ គឺធ្វើឡើងតាមអំពើចិត្តរបស់អ្នកមានកាន់អំណាច និងទទូចឲ្យរដ្ឋាភិបាល​ និង​តុលាការ​កម្ពុជាដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញជាបន្ទាន់។ សហភាពអឺរ៉ុបថា រដ្ឋាភិ​បាល​កម្ពុជា​ត្រូវ​គោរពសិទ្ធិជន​ជាប់ចោទទាំង៥នាក់ទាំងនោះ ដោយថា​ត្រូវអនុវត្តតាម​ឲ្យបាន​ពេញ​លេញ​តាម​ច្បាប់​ជាតិ​ និងកិច្ចព្រមព្រៀងនានា ដែលកម្ពុជាជាសមាជិកហត្ថលេខីផង​ដែរ​។

សាស្ត្រាចារ្យនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា បើកម្ពុជាមិនគោរពតាមការលើកឡើងរបស់សហភាពអឺរ៉ុបទេ លោកថា សហគមន៍អន្តរជាតិ អាចដាក់សម្ពាធមកកម្ពុជាឲ្យគោរពសិទ្ធិមនុស្សផងដែរ។ លោកនិយាយថា «ជាដំបូង វាអាចមានការរិះគន់ពីអង្គការអន្តរជាតិនានា ដូចជា អង្គការថ្នាក់តំបន់របស់សហគមន៍អឺរ៉ុប ឬក៏រិះគន់ពីសហគមន៍អឺរ៉ុប ឬក៏អង្គការសហប្រជាជាតិ ជំហ៊ានបន្ទាប់នៅពេលដែលកម្ពុជាមិនមានការប្រែប្រួល ឬធ្វើតាមច្បាប់ដែលអង្គការសហប្រជាកំណត់ ឬក៏កម្ពុជា ជាសហជិកហត្ថលេខី មានការទទួលស្គាល់សិទ្ធិមនុស្ស ឬក៏ប្រជាធិបតេយ្យទេ ខ្ញុំគិតថា សហគមន៍អន្តរជាតិ គេមាន វិធានការផ្សេងៗទៀត ពាក់ព័ន្ធនឹងការដាក់ពិន័យ ឬក៏ការតម្រង់ទិសឲ្យកម្ពុជាគោរពតាម»។

កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីអាដហុក៤រូប រួម​មាន​លោក នី សុខា​ លោក យី សុខសាន លោក ណៃ វង់ដា លោកស្រី លឹម មន្នី និងមន្ត្រីគ.ជ.ប លោក នី ចរិយា។ បន្ទាប់មក តុលាការបានចោ​ទប្រកាន់អ្នកការពារសិទ្ធិមនុស្សទាំងនោះពី​បទ​សូកប៉ាន់​សាក្សី​តាម​​ក្រ​មព្រ​ហ្មទណ្ឌកម្ពុជា ខណៈដែលស​មាគមនោះបា​នឲ្យលុ​យ​ជាង​​២០០ដុល្លារ ទៅនារីអ៊ុតសក់ម្នាក់ ដែលម​កស្វែង​រកសេវាច្បាប់ ទាក់ទងនឹងការទម្លាយថា ស្តី្ររូបនោះ មាន​ទំនាក់ទំនងស្នេហាលួចលាក់​ជា​មួយ​​ប្រធាន​គណបក្សប្រឆាំងលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ