សហភាពអឺរ៉ុបគ្រោងជំរុញករណីបន្ដឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិ

អគ្គរដ្ឋទូតសហភាព​អឺរ៉ុប លោក George Edgar ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

សហភាពអឺរ៉ុបអះអាងថានឹងជំរុញករណីបន្ដឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ទៅឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងរបស់សហភាពអឺរ៉ុបថា «ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»។

(សេចក្តីកែតម្រូវ៖ វីអូឌី សូមកែតម្រូវត្រង់ប្រយោគខាងលើពី «សហភាពអ៊ឺរ៉ុបអះអាងថា នឹងជំរុញករណីបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទៅឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទៅជា សហភាពអ៊ឺរ៉ុប សម្តែងការខកចិត្ត ករណីបន្ដឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស…) 

ក្នុងពិធីរំលឹកខួបលើកទី២០នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar បានសំដែងការខកចិត្ត ចំពោះការឆ្លើយតបរបស់ក្រសួសហភាពអ៊ឺរ៉ុបងការបរទេសកម្ពុជា ដែលចាត់ទុកក្ដីកង្វល់របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជុំវិញការបន្ដឃុំខ្លួនមន្ដ្រីការពារសិទ្ធមនុស្ស ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៅវិញ។​

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន នៅពេលសួរថា តើតំណាងសហភាពអឺរ៉ុបនឹងធ្វើអ្វីបន្តទៀតករណីឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar បញ្ជាក់ថា ករណីបន្ដឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្សនេះ លោកធ្លាប់បានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាម្ដងរួចហើយ កាលពីខែឧសភាឆ្នាំ២០១៦។

លោកមានប្រសាសន៍បន្ថែមថា បើករណីនេះមិនត្រូវបានដោះស្រាយ ឬទទួលផលផ្លែផ្កាជាដុំកំភួន លោកថា សហភាពអឺរ៉ុបនឹងជំរុញករណីនេះ ទៅពិភាក្សាក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសាកល (Universal Periodic Review) នៅឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងរាល់២ឆ្នាំម្ដង ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបលើបញ្ហានេះ។

លោកមានប្រសាសន៍ថា៖ «នេះគឺជាក្ដីកង្វល់ ក្ដីបារម្ភរបស់យើង ហើយក្ដីកង្វល់នេះ ត្រូវបានយើងលើកឡើងនៅក្នុងការប្រជុំរួម ប្រជុំចម្រុះជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។ ហើយនេះ ក៏ជាអ្វីមួយ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញា ដែលកម្ពុជាជាប្រទេសហត្ថលេខី។ ហើយក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដែលជាឧទាហរណ៍នោះ គឺជាយន្ដការកិច្ចប្រជុំត្រួតពិនិត្យជាសាកល (Universal Periodic Review)។ ហើយជាយន្ដការមួយ ដែលអនុញ្ញាតឲ្យប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ធ្វើការឆ្លើយតបនូវអ្វីដែលជាការលើកឡើងរបស់ប្រទេស ឬសមាជិកផ្សេងៗទៀត ជាពិសេសទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស»

កិច្ចប្រជុំត្រួតពិនិត្យជាសាកល ជានីតិវិធីមួយពាក់ព័ន្ធនឹងការពិនិត្យតាមកាលកំណត់អំពីកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋសមាជិកអង្គការសហប្រជាជាតិ ហើយដែលកម្ពុជាក៏ជាភាគីហត្ថលេខីផងដែរ។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ។ ប៉ុន្តែ នៅក្នុងសេចក្តីថ្លៃការណ៍កាលពីថ្ងៃទី៤ឧសភាម្សិលមិញ ក្រសួងការបរទេស បានការពារចំណាត់របស់តុលាការ​កម្ពុជា ដោយថា ការ​សម្រេចបន្តឃុំខ្លួនបណ្តោះអាសន្នលើ​មន្ត្រីសិទ្ធិមនុស្សអាដហុក​៤រូប និងមន្ត្រីគ.ជ.ប មួយរូប​ បន្ថែម៦ខែ​ទៀត​នោះ គឺ​ស្រប​​តាម​ច្បាប់ជាតិ ដោយថា ចៅក្រមស៊ើបអង្កេតអាចសម្រេច​ពន្យាការឃុំខ្លួនជនត្រូវ​ចោទមុ​ន​សវនាការចំនួន២ដង ដោយក្នុង​​រយៈពេល៦ខែ ១ដង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា វាក៏ជាសិទ្ធិរបស់សហភាពអឺរ៉ុប បើអង្គការអន្ដរជាតិមួយនេះពិតជាចង់ជម្រុញករណីនេះ ទៅឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមែននោះ។

លោកថា៖ «ខ្ញុំយល់ថា គាត់ថាអីថាទៅ ទៅតាមចិត្តគាត់ថា ក៏ប៉ុន្ដែនេះ ជាសមត្ថកិច្ចឯករាជ្យរបស់តុលាការកម្ពុជា ហើយតុលាការកម្ពុជាអត់ទទួលរងឥទ្ធិពលសហគមន៍អឺរ៉ុបទេ។ អាហ្នឹង ជាសិទ្ធិរបស់គាត់ យើងគ្រាន់ធ្វើតាមនីតិវិធី ទៅតាមនីតិរដ្ឋរបស់កម្ពុជា»។

ថ្វីបើមានការខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្សក្ដី លោក George Edgar ថាទំនាក់ទំនងសហភាពអឺរ៉ុប និងកម្ពុជា នៅតែបន្ដទៅមុខយ៉ាងល្អប្រសើរ តាមរយៈការប្ដេជ្ញារបស់សហភាពអឺរ៉ុប ក្នុងការជួយគាំទ្រកម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ច វិស័យអប់រំ អភិបាលកិច្ច និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោតជាដើម។

កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីអាដហុក៤រូប រួមមានលោក នី សុខា​ លោក យី សុខសាន លោក ណៃ វង់ដា លោកស្រី លឹម មន្នី និងមន្ត្រី គ.ជ.ប លោក នី ចរិយា។ តមក តុលាការបានចោ​ទប្រកាន់អ្នកការពារសិទ្ធិមនុស្សទាំងនោះពី​បទសូកប៉ាន់សាក្សី តាម​ក្រ​មព្រ​ហ្មទណ្ឌកម្ពុជា ទាក់ទងនឹងរឿងអាស្រូវស្នេហាលួចលាក់ជាមួយ​ប្រធានគណបក្សប្រឆាំងលោក កឹម សុខា។

មជ្ឍដ្ឋានជាតិ និងអន្ដរជាតិ កាលពីពេកន្លងទៅ ក៏បានបង្ហាញក្ដីបារម្ភដូចគ្នា និងទទួចឲ្យអាជ្ញាធរដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងនោះឲ្យមានសេរីភាពឡើងវិញ ដោយថា បើពុំដូច្នេះទេ នឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកាន់តែខ្លាំង ខណៈការបោះឆ្នោតខិតជិតមកដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ