ពលរដ្ឋនៅខណ្ឌព្រែកព្នៅចោទអាជ្ញាធរមូលដ្ឋានថាលួចលក់ដីពួកគេឲ្យឈ្មួញ

ក្រុមប្រជាពលរដ្ឋមួយចំនួននៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចោទអាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នាលួចលក់ដីពួកគាត់ទៅឲ្យឈ្មួញអ្នកមានអំណាចម្នាក់។

ពលរដ្ឋប្រមាណ៥០នាក់ រស់នៅភូមិសំរោងកណ្តាល ខណ្ឌព្រែកភ្នៅ នៅព្រឹកថ្ងៃសុក្រទី៥ខែឧសភានេះ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយវិវាទដីធ្លី ក្រោយពីពលរដ្ឋទាំងនោះ ទទួលបានព័ត៌មានថា ដីដែលពួកគាត់កំពុងអាស្រ័យផល ស្ថិតក្នុងប្លង់របស់អ្នកមានអំណាចម្នាក់។

ពលរដ្ឋម្នាក់អ្នកស្រី ​ផន សុភាព ឲ្យវីអូឌីដឹងថា បើតាមលិខិតទិញលក់ដីគឺ អាជ្ញាធរបានលួចលក់ដីរបស់ពួកគាត់ទៅឈ្មួញ តាំងពីឆ្នាំ២០១៣មកម្លេះ ប៉ុន្តែក្រុមប្រជាពលរដ្ឋ ទើបតែដឹងព័ត៌មាននេះ ១ខែមុន។

អ្នកស្រីបន្តថា ដីអ្នកភូមិ ដែលអាជ្ញាធរឃុបឃិតគ្នាលួចលក់ឲ្យឈ្មួញនោះ មានទំហំសរុប១៧៥ហិចតា ក្នុងនោះមានពលរដ្ឋ៤៥០គ្រួសារ។

អ្នកបន្ថែមថា៖ «ប្រជាជនមកតវ៉ានៅសាលាក្រុង ដើម្បីឲ្យសាលាក្រុង ជួយដោះស្រាយយកដី មកឲ្យប្រជាជនវិញ ព្រោះអាជ្ញាធរ ប្រធានភូមិ និងឃុំហ្នឹងយកដីប្រជាជនមកលក់ឲ្យជំទាវ មែន សុភ័ណ្ឌ…ដី១៧៥ហិតា ជាដីស្រែប្រាំង…ពួកខ្ញុំទើបដឹង ព្រោះមានឯកសារជាភស្ភុតាងដឹងនៅឆ្នាំ ២០១៧នេះទេ បើតាមឯកសារលក់តាំងពីឆ្នាំ២០១៣ម៉េស»។

ពលរដ្ឋវ័យជាង៧០ឆ្នាំម្នាក់ទៀតលោក ព្រំ សុភឿន និយាយថា ដីអ្នកភូមិដែលអាជ្ញាធរមូល ដ្ឋានលួចលក់ឲ្យឈ្មួញនោះ គឺពួកគាត់បានកាន់កាប់ និងធ្វើស្រែបាំងតាំងពីឆ្នាំ១៩៧៩មកម្លេះ ដោយមិនធ្លាប់មានបញ្ហាអ្វីនោះទេ។

លោកបន្តថា អ្វីដែលពលរដ្ឋទាមទារគឺសុំឲ្យសាលារាជធានីភ្នំពេញកាត់ចេញពីប្លង់របស់ឈ្មួញ ហើយប្រគាល់ដីនោះអ្នកភូមិវិញ។

លោកបន្ថែមថា៖ «ពួកខ្ញុំកាន់កាប់តាំងពីឆ្នាំ១៩៧៩ នោះអីឡូវឆ្នាំ២០១៧ ហើយគិតមើលប៉ុន្មានឆ្នាំ ហើយអាជ្ញាធរភូមិឃុំលួចលក់ដីប្រជាជនហ្នឹង ឈ្មោះ មាស​ សាមាន ហើយហ្នឹងចៅសង្កាត់ យ៉ិន អ៊ីម ហើយហ្នឹងនួន ប៊ុន ពួកហ្នឹងលួចលក់ឲ្យជំទាវមែនសុភ័ណ្ណប្រជាជនអត់មានដឹងទេ អញ្ចឹងពួកសុំឲ្យសាលាក្រុងយកដីហ្នឹងមកឲ្យពួកវិញ»។

វីអូឌី មិនអាចសុំការឆ្លើយបំភ្លឺពីអាជ្ញាធរមូលដ្ឋានណាម្នាក់បានទេ ចំពោះការចោទប្រកាន់នេះ តែទោះបីជាយ៉ាងណា អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី មានប្រសាសន៍ថា ក្រោយពីប្រជាពលរដ្ឋស្នើឲ្យសាលារាជធានីភ្នំពេញជួយអន្តរាគមន៍ មន្រ្តីសាលារាជធានីភ្នំពេញ ក៏បានកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយ។

លោកបន្តថា ក្រោយពីពិនិត្យរកឃើញថា ពិតជាមានការលួចលក់ដីពលរដ្ឋឲ្យទៅឈ្មួញមែន សាលារាជធានីភ្នំពេញក៏សម្រេចឲ្យពលរដ្ឋទាំងនោះ បន្តកាន់កាប់ដីរបស់ខ្លួនវិញ និងឲ្យទៅធ្វើ បណ្ណកម្មសិទ្ធិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ