វិភាគ៖ តើលំហូរហិរញ្ញវត្ថុខុសច្បាប់ចូលមកកម្ពុជាតាមវិធីណា?

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 10:59 AM | បទវិភាគ | 0 | 2067 សំណង់អគារនៅរាជធានីភ្នំពេញ (ដោយ ទូច សុខា)

អង្គការអន្តរជាតិមួយ បានរកឃើញថា លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ (IFF) ចូលមក​កម្ពុជា​អាច​កើន​ឡើង​ដល់ ​៤៥​ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​១០ឆ្នាំ ពីឆ្នាំ​២០០៣ ដល់​ឆ្នាំ​ ២០១៤។

របាយការណ៍​របស់​អង្គការ​សុចរិត​ភាព​ហិរញ្ញវត្ថុ​ពិភពលោក​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​ចេញផ្សាយថ្មីៗនេះ បង្ហាញថា លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ ​ភាគច្រើន​ ដោយ​សារ​តែ​ការ​រាយការណ៍​មិន​ត្រឹម​ត្រូវ​នៃ​ការជួញដូរទំនិញ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ពន្ធ​ប្រហែល​ ៣០០ លាន​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​រាប់​បញ្ចូល​ពន្ធ​នាំ​ចូល​លើ​ប្រភេទ​ទំនិញ​ជាក់លាក់​។

របាយការណ៍​នេះ​មាន​ចំណង​ជើង​ថា «​លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ ​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឆ្នាំ២០០៣ ដល់​ឆ្នាំ​២០១៤»បានវាស់វែង​ការ​ផ្ទេរ​ប្រាក់​មិន​ចុះ​បញ្ជី​ចេញចូល​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ១៤៩។ ក្នុងនោះ​តម្លៃ​ទឹកប្រាក់​នាំចូល​ទំនិញ​របស់​ប្រទេស​ កម្ពុជា​ កាលពី​ឆ្នាំ​ ២០១៤ ដែល​មិនបាន​កត់ត្រា​ក្នុង​វិក្កយបត្រ​ទំនិញ​អាចមាន​រហូត​ដល់​ ៣,៦ ​ពាន់​លានដុល្លារអាមេរិក។

​​ ​អ្នកស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ លោក ប៉ាក យ៉ង ពន្យល់ថា លំហូរហិរញ្ញវត្ថុខុសច្បាប់​មិនមែន​មាន័យថា លុយនោះបានមកពីការរកស៊ីខុសច្បាប់ទាំងអស់នោះទេ ពោលលុយនោះ ​អ្នក​ផ្ទេរគឺធ្វើឡើងក្រៅប្រព័ន្ធធនាគារ។ប៉ុន្តែលោកថាការផ្ទេរលុយ​ក្រៅប្រព័ន្ធធនាគារគឺធ្វើឲ្យបាត់​ចំណូល​ពន្ធរបស់​រដ្ឋ។

លោកមានប្រសាសន៍ថា «ការទូទាត់សាច់ប្រាក់​ក្រៅធនាគារ វាអាចធ្វើ​ឲ្យ​ការ​ប្រកាស​ពន្ធ​មិន​ត្រឹម​ត្រូវ។ឧទាហរណ៍ នៅស្រុក​ខ្មែរហ្នឹង​មានបញ្ជីគណនេយ្យពីរ។​មួយសម្រាប់​បង់​ពន្ធ​ជូន​រដ្ឋ។ ​បើ​យើង​ប្រកាសចំណូលទាបចឹងទៅ។ ភាគច្រើនឃើញគេរកស៊ី​របៀបចឹង។ ​ដោយសារ​ការ​ទូទាត់​ជា​ប្រាក់​សុទ្ធបានជា​ក្នុង​របាយការណ៍​ហ្នឹង​គេដាក់ថា លទ្ធភាព​ដែល​យើង​អត់បង់​ពន្ធ​មាន​ច្រើន…»។

បើតាមលោក ប៉ាក យ៉ង ការផ្ទេរសាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​គឺជាទម្លាប់ទៅហើយ​របស់​ប្រជាជន​ខ្មែរនិង​អ្នករកស៊ីមួយចំនួន ដោយសារ​វិស័យធនាគារ​ទើបតែចាប់​ផ្តើ​ម​ដំណើ​ការ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។លោកបន្តថាការ​បង់ពន្ធជាសាច់ប្រាក់​ផ្ទាល់​ទៅ​ឲ្យ​មន្រ្តីពន្ធដារអាចកើត​មានអំពើ​ពុករលួយតែលោកថាបច្ចុប្បន្នរដ្ឋាភិបាលបាន​ប្តូររបៀបបង់ពន្ធដោយ​ធ្វើ​ឡើង​តាមធនាគារ។ លោកថា «រដ្ឋាភិបាលគួរតែបង្កើតគោលនយោបាយ​មិន​ប្រើ​​សាច់​ប្រាក់​សុទ្ធ​តាម​ជំនួញធំៗ ដែលប្រើ​លុយលើសពី១០០$…៥០០០$ គួរតែកុំប្រើ​សាច់​ប្រាក់ គួរតាម​ធនាគារ។ ​បើមាន​គោល​នយោបាយ​ហ្នឹងហើយ​ …ឲ្យអ្នករកស៊ីប្រើ​សេវាទូទាត់​ហិរញ្ញវត្ថុតាម​ធនាគារដោយ​លើក​លែង​ពន្ធឬបន្ថយពន្ធ»។

ទោះជាយ៉ាងណា ការផ្ទេរសាច់ប្រាក់​ក្រៅប្រព័ន្ធធនាគារគឺជាហានិភ័យមួយទៀតដែលអាចជាប់ពាក់ព័ន្ធ​នឹងការ​លាងលុយ​កខ្វក់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុផារី មានប្រសាសន៍ថា បញ្ហាលាងលុយកខ្វក់ ឬលំហូរហិរញ្ញវត្ថុខុសច្បាប់នេះតែងកើតមានក្នុងប្រទេសកំពុងអភិវឌ្ឍ និងថាកម្ពុជាក៏ជួបបញ្ហានេះដែរ។

លោកស្រី​ឲ្យ​ដឹងថា ពាណិជ្ជករ​ដើមទុន​តិច​ជាច្រើន​ព្រមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​ បានធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជា​សាច់ប្រាក់ ខណៈកម្មករ​ចំណាក​ស្រុក​ជាច្រើន​នៅ​តែ​ផ្ញើ​ប្រាក់​មក​ផ្ទះ​ក្រៅ​ផ្លូវ​ការ​។

តំណាងរាស្ដ្រគណបក្សសង្រ្គោះ លោក សុន ឆ័យ យល់ថា ការបាត់ចំណូលជាតិ និងលំហូរហិរញ្ញវត្ថុខុសច្បាប់នេះ គឺបណ្ដាលមកពីរដ្ឋាភិបាលពុំមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុលើការនាំចេញនាំចូលទំនិញឲ្យបានត្រឹមត្រូវ ការកេងបន្លំរបស់មន្ដ្រីខិលខូច ការធ្វេសប្រហែស និងអំពើពុករលួយក្នុងជួរមន្ដ្រីរដ្ឋាភិបាល។លោកបន្ដថា អំពើពុករលួយនៅតែបន្ដកើតមានតាមតំបន់ជាប់ព្រំដែន  ដោយសារមន្ដ្រីទាំងនោះចេះតែឃុបឃិតគ្នា និងលួចបន្លំជាមួយពាណិជ្ជករ ដោយមិនបានចុះបញ្ជីទំនិញឲ្យបានត្រឹមត្រូវ។

លោក សុន ឆ័យ បន្ថែមថា ទាំង​ការ​នាំ​ចេញ​ឈើ និង​ដីខ្សាច់​ខុស​ច្បាប់​គឺជា​ភ័ស្ដុតាង​នៃ​លំហូរ​ចេញ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​បន្ថែម​ថា មូលនីធិ​ចិន​ ខុស​ច្បាប់​ជាច្រើន​ត្រូវ​បាន​លាង​តាមរយៈ​វិស័យ​សំណង់​ដែល​កំពុង​កើន​ឡើង​នៅ​ប្រទេស​កម្ពុជា ឬ​តាម​រយៈ​កាស៊ីណូ។

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម កត់​សំគាល់ថា លំហូរសាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​នេះ​អាចជាប់សង្ស័យនឹងការលាង​លុយ​កខ្វក់ដែលកម្ពុជា​មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹងរឹងនៅឡើយ។

លោកលើកឡើងថា «ចិនកាលពីបួនប្រាំឆ្នាំមុន ពេលដែលចិនទទួល​វិនិយោគទុន​លើសពីសេចក្តី​ត្រូវការ ពេលនោះចិនគេផ្អាកទទួលយក​ការ​វិនិយោគ​ដោយ​សារតែត្រូវការ​ពេល​វេលា​ពិនិត្យ​​មើល​ស្ថានភាពពិតប្រាកដ​របស់​ក្រុម​ហ៊ុន​នីមួយៗព្រោះការពារ​ខ្លាច​យក​លុយ​កខ្វក់​មកលាង​នៅស្រុកគេ។ ប៉ុន្តែខ្មែរ​យើង​វាមាន​ចន្លោះ​ប្រហោង​ច្រើន​ដែល​ផ្តល់​ឱកាសឲ្យឈ្មួញ​ទុច្ចរិត​ធំៗ យក​លុយ​មកលាង​នៅស្រុក​យើង។​ យើងអត់​មានប្រព័ន្ធអីគ្រប់គ្រង…»។

លោក មាស នី ព្រមានថា កម្ពុជាអាចជាទីតាំងមួយដែល​ក្រុមអ្នក​រកស៊ី​ខុស​ច្បាប់​ប្រើ​ប្រាស់​ជា​កន្លែង​​លាង​លុយ​កខ្វក់។ លោកយល់ថា «ជាកន្លែងជនទុច្ចរិត​រកស៊ី។​ ហើយបើ​និយាយ​សេដ្ឋកិច្ច​ដូច​ឃើញ​ស្រាប់ហើយរបាយការណ៍ថ្មីៗដែលថា​បាត់​រាប់​ពាន់​លានដុល្លារ…វាជារឿងពិតដែល​យើង​អត់​បានប្រយោជន៍អីសោះ ប៉ុន្តែទឹក​ដី​របស់​យើង​ត្រូវបានគេយកមកប្រើ ហើយ​ក៏​មានការ​សង្ស័យ​ខ្លះ​ដែរ​ទៅ​លើរឿងការ​លាង​លុយ​កខ្វក់​ហ្នឹង​វាតែងពាក់ព័ន្ធ​មន្រ្តីមានអំណាចមួយចំនួនទៀត…»។​

អ្នកសេដ្ឋកិច្ចលើកឡើងថា រដ្ឋាភិបាលត្រូវមានគោលនយោបាយលើក​ទឹក​ចិត្ត​ដល់​អ្នក​រកស៊ីឬអ្នក​បង់​ពន្ធ ឲ្យធ្វើ​ការ​ផ្ទេរសាច់​ប្រាក់​តាមរយៈ​ធនាគារ ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ និងការ​លាងលុយកខ្វក់៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required