​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​៦​នាក់​ចំ​ខួប​ទីលាន​ធៀន​អាន​មេន​

សន្តិសុខ​ចាំ​ត្រួតពិនិត្យ​លើ​អត្តសញ្ញាណ និង​លិខិតឆ្លងដែន​របស់​ភ្ញៀវទេសចរ​ចូល​ទៅកាន់​​ទីលាន​ធៀន​អាន​មេន(រូបភាពពី​ទីភ្នាក់ងារ​ព័ត៌មាន AFP​)

ប៉ូលិសចិន បានឃាត់ខ្លួនសកម្មជនជាច្រើននាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈដែលប៉ូលិសដទៃទៀត ត្រូវបានដាក់ឲ្យឃ្លាំមើលការរំឭកខួបលើកទី ២៧ឆ្នាំនៃហេតុការណ៍បង្ក្រាបនៅទីលានធៀនអានមេនកាលពីឆ្នាំ១៩៨៩។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩ រថក្រោះយោធា បានសម្រុកចូលទីលានស្ថិតនៅកណ្ដាលក្រុងប៉េកាំង ដើម្បីបង្ក្រាបបាតុកម្មប្រជាធិបតេយ្យ ដោយបានសម្លាប់ជនស៊ីវិលគ្មានអាវុធរាប់រយនាក់។

ជិត ៣ទសវត្សរ៍មកហើយ ប្រទេសចិនបន្តហាមឃាត់ការជជែកពីបញ្ហានេះ ដែលមិនត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតឲ្យមាននៅលើសៀវភៅសិក្សា និងប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។

អង្គការក្នុងស្រុកមួយ Weiquanwang បាននិយាយថា សកម្មជនសិទ្ធិមនុស្ស ៦នាក់ ក្នុងនោះមានកវី Liang Tiaping ផងដែរ ត្រូវបានអាជ្ញាធរចិនឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេរៀបចំរំឭកខួបជាលក្ខណៈឯកជនមួយ។

អង្គការដដែលនេះបានឲ្យដឹងទៀតថា សកម្មជនជាប់ឃុំទាំងនោះ ត្រូវបានគេសង្ស័យថាបានបង្កជម្លោះ និងព្យាយាមបញ្ឆេះចលាចល។ ក្រុមសិទ្ធិមនុស្ស បន្ថែមថា សកម្មជនដទៃទៀត បានបាត់ខ្លួននៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

កាលពីឆ្នាំមុន សមាគមមាតាទីលានធៀនអានមេន ដែលបានបាត់បង់កូននៅអំឡុងអំពើហិង្សានោះ ត្រូវបានគេដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលនៅមុនការប្រារព្ធខួបដូចគ្នានេះផងដែរ។

អ្នកថតរូបទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា សន្តិសុខ ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅទីលានធៀនអានមេន កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមានសន្តិសុខចាំត្រួតពិនិត្យលើអត្តសញ្ញាណ និងលិខិតឆ្លងដែនរបស់ភ្ញៀវទេសចរចូលទៅកាន់ទីតាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ