​សហគមន៍​អះអាងថា តំបន់​អ​ភិ​រក្ស​ព្រៃ​ឡ​ង់​នៅតែ​រង​ការកាប់​បំផ្លាញ​

បទល្មើសព្រៃឈើនៅកម្ពុជានាពេលកន្លងមក

បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពព្រៃការពារដែនជំរកសត្វព្រៃមួយនេះ ចំពេលដែលប្រទេសកម្ពុជាប្រារព្ធទិវាបរិស្ថាន នៅថ្ងៃអាទិត្យនេះ។

ព្រៃឡង់ ដែលជាព្រៃបៃតងដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាដែនជំរកសត្វព្រៃ«ព្រៃឡង់» កាលពីថ្ងៃទី០៩ ខែឧសភាកន្លងមក ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារដែនជំរកថ្មីមួយនេះ តាមរយៈការរាយការណ៍ពីការកាប់ឈើខុសច្បាប់នៅទីនោះ។

ប៉ុន្តែបណ្ដាញសហគមន៍ការពារព្រៃឡង់ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះថា ការកាប់បំផ្លាសព្រៃឈើដោយខុសច្បាប់ពីសំណាក់ជនអាណាធិបតេយ្យ និងក្រុមហ៊ុនអាជីវកម្មអាឈើ នៅតែបន្តកើតមានដដែល បើទោះបីជាវាត្រូវបានដាក់ជាតំបន់អភិរក្សក៏ដោយ។

បើតាមបណ្ដាញនេះដដែលបានឲ្យដឹងថា ឈើដែលកាប់រួច គ្រឿងយន្ត និងឧបករណ៍ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើជាច្រើនទៀត ត្រូវបានសមាជិកសហគមន៍ប្រមូលចាប់បាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការការពារព្រៃអភិរក្សមួយនេះ ដែលតែងទទួលរងការគំរាមគំហែងពីជនល្មើស។

ក្រៅពីបង្ហាញក្ដីបារម្ភ និងកង្វល់របស់ខ្លួន បណ្ដាញសហគមន៍ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។

តំបន់ព្រៃឡង់ ត្រូវបានបង្កើតជាតំបន់អភិរក្សកាលពីដើមខែឧសភាកន្លងមក បន្ទាប់ពីការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ ត្រូវបានគេរាយការណ៍ថា បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ