​ជាង​២ឆ្នាំមកហើយ សាលាឧទ្ធរណ៍សម្រេចកោះហៅ​មនុស្ស​១០នាក់​រឿង​ហិង្សានៅ​រោងចក្រយ៉ាកជីង

ការតវ៉ាកាលពីកន្លងទៅ ពេលសកម្មជន​ជាប់ពន្ធនាគារ​

ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក តាន់ សេណារ៉ុង បានចេញដីកាកោះហៅមនុស្ស១០នាក់ឲ្យចូលសវនាការនៅថ្ងៃពុធស្អែកនេះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅរោងចក្រយ៉ាកជីងកាលពីដើមខែមករា ឆ្នាំ២០១៤។

អ្នកទាំង១០នោះ មានដូចជាលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ច័ន្ទ ពុទ្ធិស័ក្ត អ្នកដឹកនាំសហគមន៍បឹងកក់ លោក សុគន្ធ សម្បត្តិពិសិដ្ឋ បុគ្គលិកមណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជានិងលោក  ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ មនុស្ស១០នាក់ដែលជាប់ពាក់ព័ន្ធនឹងហិង្សានៅរោងចក្រយ៉ាកជីង ត្រូវបានកាត់ឲ្យជាប់ទោសចន្លោះពី២,៥ឆ្នាំទៅ៤,៥ឆ្នាំ។ តែតុលាការសម្រេចអនុវត្តទោសត្រឹមថ្ងៃទី៣០ ខែឧសភា ដោយព្យួរទោសនៅសេសសល់ បន្ទាប់ពីស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតមានភាពល្អប្រសើរឡើងវិញ។ អ្នកទាំង១០បានប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។

បើតាមដីកាមួយដែលវីអូឌីទទួលបាននៅថ្ងៃអង្គារនេះ អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ត្រូវបានសាលាឧទ្ធរណ៍ឲ្យចូលសវនាការនៅថ្ងៃទី៦ កក្កដា វេលាម៉ោង៨ព្រឹក ដើម្បីជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សនិ្តសុខសង្គម។

លោក ថេង សាវឿន ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាលោកនឹងចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃស្អែកនេះតាមការកោះហៅ។ លោកបន្តថាមនុស្ស១០នាក់ត្រូវបានកោះហៅនៅថ្ងៃស្អែកនេះតាមបណ្តឹងទាស់របស់ពួកគេ។ ទោះជាយ៉ាងណាលោកថាយ៉ាងតិចមនុស្ស៤នាក់នឹងចូលទៅសវនាការនៅថ្ងៃស្អែកនេះ។ លោកចាត់ទុកការចាត់ការរបស់សាលាឧទ្ធរណ៍ ដោយសារស្ថានភាពនយោបាយនៅកម្ពុជាកំពុងឡើងកម្តៅនិងស្របពេលដែលរូបលោកបានចេញមុខទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិលនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។

គួរបញ្ជាក់ថាលោក វន់ ពៅនិងមនុស្ស២៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចនៅមុខរោងចក្រយ៉ាកជីងនិងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២និងទី៣ ខែមករា នៅពេលកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ។ ការប៉ះទង្គិចនៅផ្លូវវ៉េងស្រេង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ ១៣នាក់ត្រូវចាប់ខ្លួន និងរាប់សិបនាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ