អភិបាល​ខេត្ត​តាកែវច្រានចោល​ការចោទប្រកាន់រឿងអំពើពុករលួយ​ដឹកក​សិផល

អភិបាលខេត្តតាកែវបានច្រានចោលការចោទថាមានអជ្ញាធរនិងបុគ្គលមានអំណាចទារលុយពីប្រជាពលរដ្ឋក្នុងការដឹកកសិផលនិងទំនិញទៅលក់ឲ្យឈ្មួញវៀតណាមនៅកំពង់ចម្លងកំពង់អំពិល ព្រំដែនវៀត ណាម។

ក្នុងលិខិតបំភ្លឺរបស់អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលអង្គភាពប្រឆាំងអំពើពុករលួយផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ លោកអភិបាលខេត្តបានបដិសេធទៅលើបណ្តឹងដែលបានចោទថាមានការតម្រូវឲ្យឈ្មួញវៀតណាមបង់ប្រាក់ចំនួន២ដុល្លារក្នុង១តោនទៅកាន់អ្នកស្រី អ៊ិត ឡៃ ទើបអាចទិញទំនិញពីខ្មែរបាននិងកំណត់បង់ថ្លៃចំណតពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀលនិងបង់គយ៨ម៉ឺនរៀលនៅកំពង់ចម្លងកំពង់អំពិល នៅច្រករបៀងជាប់ប្រឡាយលេខ១ កំពង់អំពិល ខេត្តតាកែវ។

ជាការឆ្លើយតបលោក អភិបាលខេត្ត ឡាយ វណ្ណៈ បានទទួលស្គាល់ថាមានការយកលុយទាំងនោះពិតប្រាកដមែន តែលោកថាការយកលុយនៅមិនមែនជាការប្រព្រឹត្តអំពើពុករលួយនោះទេ ដោយលោកអះអាងថាការយកលុយគឺដោយសាររដ្ឋបានចុះកិច្ចសន្យាជាមួយអ្នកស្រី អ៊ិត ឡៃ (ហៅ យាយ ហួយ) តាមរយៈការកិច្ចសន្យាសាងសង់ដែលអ្នកស្រី អ៊ិត ឡៃជាអ្នកទទួលស្តារប្រឡាយពីកំពង់ទូកស្ទឹកតាកែវ ដល់កំពង់អំពិល។ លោកបានបញ្ជាក់ថាដោយសារពីមុនរដ្ឋមិនមានថវិកាគ្រប់គ្រាន់សម្រាប់ការស្តារប្រឡាយនេះ ខេត្តក៏បានសម្រេចឲ្យធ្វើសម្បទានការស្តារប្រឡាយទៅឲ្យឯកជនជាអ្នកទទួលបន្ទុកស្តារនិងការចំណាយហើយធ្វើការដោះដូរតាមរយៈការចុះកិច្ចសន្យានេះ។

លិខិតឲ្យដឹងថា៖ “… អាណត្តិនៃកិច្ចសន្យាគឺរយៈពេល៥០ឆ្នាំ ភាគីខ (យាយ ហួយ) មានសិទ្ធិយកតម្លៃលើជលយាន ឆ្លងកាត់តាមប្រឡាយលេខ១៥និងប្រឡាយលេខ៩៤ ប្រវែង៣០,៣២០ម៉ែត្រពីកំពង់ទូកស្ទឹងតាកែវដល់កំពង់អំពិលដែលបានកំណត់ក្នុងកិច្ចសន្យា” ។

ចំពោះការយកលុយចំណតទូកនៅកំពង់អំពិលដែលត្រូវបង់ពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀលនិងបង់ឲ្យមន្ត្រីគយ៨ម៉ឺនរៀល លោកអភិបាលខេត្តបានអះអាងថាការយកលុយនេះគឺធ្វើតាមសៀវភៅបន្ទុកភាស៊ី ដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្តល់ជូនអ្នកស្រី ប្រាក់ សុខា ក្នុងការប្រមូលភាស៊ីនេះរហូតដល់ឆ្នាំ២០៣៧។

នៅពេលទាក់ទងតាមទូរស័ព្ទ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានបដិសេធមិនអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ