ចៅក្រមបញ្ចប់ការស៊ើបសួរ​លើ​សំណុំរឿង​លោក កឹម សុខា

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបិទការស៊ើបសួរ លើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទមិនចូលខ្លួនទៅតុលាការ។

លិខិតជូនដំណឹងចុះថ្ងៃទី១ខែកក្កដា ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានលើកឡើងថាខ្លួនបានសម្រេចបិទការស៊ើបសួរលើសំណុំរឿងលោក កឹម សុខា។  លិខិតមិនបានបញ្ជាក់ពីចំណាត់ការបន្តរបស់តុលាការលើលោក កឹម សុខា នោះទេ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា មានប្រសាសន៍នៅថ្ងៃអង្គារនេះថាចៅក្រមស៊ើបសួរគ្រាន់តែជូនដំណឹងពីការបិទការស៊ើបសួរដល់ជនត្រូវចោទ។ លោកបន្ថែមថាចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាដើម្បីធ្វើសេចក្តីសន្និដ្ឋានស្ថាពរ។

កាលពីថ្ងៃចន្ទ សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងទាស់របស់លោក កឹម សុខា ទាក់ទងនឹងការចោទប្រកាន់របស់ព្រះរាជអាជ្ញាលើលោក កឹម សុខា។ គួរបញ្ជាក់ថាលោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើតាំងពីថ្ងៃទី២៦ខែឧសភា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីបដិសេធមិនចូលទៅតាមការកោះរបស់តុលាការក្នុងនាមជាសាក្សីចនួនពីរលើក។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ទៅ៦ខែ ប្រសិនបើតុលាការរកឃើញកំហុស។

គណបក្សប្រឆាំងចាត់ទុកករណីនេះជារឿងនយោបាយ ហើយកំពុងស្វែងរកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះ៕ ដោយ ណយ ធានី និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ