បក្ស​កាន់​អំណាច​ប្រ​កាន់ជំហរមិន​ចរចា ខណៈបក្ស​ប្រ​ឆាំងនៅតែព្យាយាម​រកផ្លូវ​ចរចា

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរថានឹងពុំមានការជួបចរចាជាមួយគណបក្សសង្គ្រោះជាតិលើរបៀបវារៈឲ្យមានការសម្របសម្រួលនិងបញ្ចប់បណ្តឹងនៅតុលាការនោះទេ ដោយថាគណបក្សនេះមិនអាចជ្រៀតជ្រែកកិច្ចការរបស់តុលាការបាននោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះគណបក្សប្រឆាំងមិនទាន់បានដាក់លិខិតផ្លូវការឬហៅទូរស័ព្ទមកគណបក្សប្រជាជនកម្ពុជាដើម្បីស្នើចរចានៅឡើយទេ។ លោកបន្តថាលោកគ្រាន់តែបានឭពីការចង់ជួបចរចាតែតាមប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។

ទោះយ៉ាងនេះក្តី លោក សុខ ឥសាន អះអាងថាគ្មានទេការចរចារដែលលើករបៀបវារៈឲ្យមានការដោះលែងឬបញ្ចប់បណ្តឹងរបស់តុលាការលើមន្ត្រីគណបក្សប្រឆាំង ដោយលោកថាគណបក្សប្រជាជនកម្ពុជាមិនមានអំណាចឬមិនអាចប៉ះពាល់អំណាចតុលាការនោះទេ។ លោកបន្ថែមថា៖ “អត់ទេ (ចំពោះការ)បើកចំហ(ចរចា)ហ្នឹងក្រោយពេលតុលាការបញ្ចប់រឿងរបស់គាត់…តាមនីតិវិធីចំពោះជនល្មើសច្បាប់ មិនអាចចរចាឥឡូវបានទេវានាំមានឥទ្ធិពលលើតុលាការ…វាអត់មានកម្មវត្ថុអីក្រៅពីហ្នឹងទេ គាត់លើកចរចាដើម្បីដោះលែងអ្នកជាប់ទោសអាហ្នឹងទៅយ៉ាងម៉េចរួច”

កាលពីថ្ងៃទី១៣ ខែមិថុនា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថានឹងមិនមានការចរចាណាមួយរវាងគណបក្សទាំងពីរលើបញ្ហាដែលស្ថិតនៅដែនសមត្ថកិច្ចរបស់តុលាការ។ សម្តេចបញ្ជាក់ថាការចរចាអាចធ្វើឡើងគឺការពិភាក្សាធ្វើច្បាប់ផ្សេងៗ ដែលលោកថាលោកនឹងស្វាគមន៍។

បើទោះបីជាគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ លើកឡើងថាគណបក្សសង្គ្រោះជាតិនៅតែព្យាយាមនិងសង្ឃឹមថានឹងមានការជួបចរចាគ្នារវាងបក្សទាំងពីរ។ លោកថាបើសិនជាគ្មានដំណោះស្រាយនយោបាយទេ នឹងធ្វើឲ្យកម្ពុជាខាតបង់ទាំងជំនួយបរទេស និងទទួលរងការរិះគន់ចំពោះការបោះឆ្នោតនាពេលខាងមុខ។ លោកបន្ថែមថា៖ “ខ្ញុំនៅតែមានសង្ឃឹម ហើយគណបក្សសង្គ្រោះជាតិនៅតែព្យាយាម នៅតែសង្ឃឹមថានឹងមានដំណោះស្រាយ ក្នុងពេលឆាប់ៗដើម្បីឲ្យស្ថានការណ៍វិលទៅរកភាពប្រក្រតីវិញ យើងបានទំនាក់ទំនង ស្ទាបស្ទង់គ្នាខ្លះៗហើយ ឥឡូវកំពុងគិតពិចារណាយ៉ាងម៉េងធ្វើឲ្យមានដំណោះស្រាយមួយពិតប្រាកដ បើសិនជាអត់មានដំណោះស្រាយទេ ជាប់គាំងការបោះឆ្នោតទៅមិនរួច គ្មានជំនួយបរទេស ប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ភាពស្របច្បាប់រដ្ឋាភិបាលដែលនឹងកើតនៅពេលខាងមុខហ្នឹង អ៊ីចឹងប្រជាពលរដ្ឋយើងជាអ្នករងគ្រោះ”

ទាក់ទងនឹងការចរចានេះដែរ កាលពីម្សិលមិញ លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថាគណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានការជួបចរចាគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។ លោកសរសេរទៀតថាគណបក្សរបស់លោកបានបោះដៃទៅកាន់គណបក្សកាន់អំណាចហើយដែរ តែថានៅមិនទាន់ទទួលបានចម្លើយវិជ្ជមានណាមួយនៅឡើយ។

គួរបញ្ជាក់ថាស្ថានភាពនយោបាយកម្ពុជាសព្វថ្ងៃត្រូវបានអង្គការជាតិ អន្តរជាតិ និងគណបក្សប្រឆាំងចាត់ទុកថាកំពុងតែឡើងកម្តៅនិងមានវិបត្តិ ខណៈដែលមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំងខ្លះកំពុងជាប់ឃុំ ខ្លះកំពុងជាប់បណ្តឹងនៅតុលាការនិងខ្លះទៀតកំពុងគេចពីការចាប់ខ្លួន។ ទោះយ៉ាងណា គណបក្សកាន់អំណាចអះអាងជារឿយៗថាកម្ពុជាមិនមានវិបត្តិនយោបាយដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេនិងថាអ្នកដែលជាប់បណ្តឹងនៅតុលាការគឺជាការល្មើសច្បាប់របស់អ្នកទាំងនោះប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ