ក្រសួងកិច្ចការនារីអំពាវនាវឲ្យចាត់វិធានការតឹងរ៉ឹងលើជនល្មើសដែលប្រើអំពើហិង្សាលើស្ត្រី

ក្រសួងកិច្ចការនារីនិងស្ថាប័នពាក់ព័ន្ធកាលពីថ្ងៃចន្ទបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តីនៅកម្ពុជា ដោយទាមទារឲ្យមានវិធានការផ្លូវច្បាប់តឹងរ៉ឹងចំពោះជនល្មើស។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយថ្ងៃទី៤ ខែកក្កដា ក្រសួងកិច្ចការនារីបានឲ្យដឹងថាក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី១៥ក្រសួងពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិល ពិភាក្សាអំពីប្រព័ន្ធរាយការណ៍ថ្មីមួយដែលត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធនិងដើម្បីកំណត់សម្គាល់និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា៖ “ខណៈពេលយើងកំពុងនិយាយនៅទីនេះ មានស្ត្រីកំពុងទទួលរងនូវអំពើរំលោភបំពាននិងអំពើហិង្សាឬត្រូវបានសម្លាប់ដោយសហព័ទ្ធនិងដៃគូរបស់ពួកគេនៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថាវិធីសាស្ត្រធ្វើការងារថ្មីនិងយន្តការរាយការណ៍ដ៏សាមញ្ញជាងមុនដែលយើងបានអនុម័តក្នុងថ្ងៃនេះនឹងជួយក្រសួងពាក់ព័ន្ធទាំងអស់ឲ្យធ្វើការប្រឹងប្រែងជាថ្មីនិងធ្វើការគៀងគរនូវធនធានមនុស្សនិងហិរញ្ញវត្ថុឲ្យកាន់តែច្រើនឡើងដើម្បីបញ្ឈប់នូវការរំលោភបំពានសិទ្ធិមនុស្សដ៏ដែលមិនអាចទទួលយកបាននេះ”។

អង្គការUN Womenបានបង្ហាញការស្រាវជ្រាវដែលបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៣ថាជនល្មើសជាបុរសដែលប្រើអំពើហិង្សាលើស្រ្តីនៅកម្ពុជាស្ទើរជិតពាក់កណ្តាលមិនដែលបានប្រឈមនឹងការដោះស្រាយតាមនីតិវិធីច្បាប់ទាល់តែសោះ។

យោងតាមការសិក្សាស្រាវជ្រាវថ្នាក់ជាតិមួយដែលគាំទ្រដោយអង្គការUN Womenនិងអង្គការសុខភាពពិភពលោកដែលត្រូវបានផ្សព្វផ្សាយនៅចុងឆ្នាំ២០១៥ ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម៥នាក់អាយុពី១៥ ដល់ ៦៤ឆ្នាំ ដែលធ្លាប់រៀបការឬមានដៃគូ បានទទួលរងនូវអំពើហិង្សាលើរាងកាយនិង/ឬអំពើហិង្សាផ្លូវភេទដោយដៃគូជិតស្និទ្ធនៅក្នុងមួយជីវិតរបស់ពួកគេ។

លោកស្រី Wenny Kusuma តំណាងអង្គការUN Women ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា៖ “ទិន្នន័យទាំងអស់នេះ វាកំពុងពញ្ញាក់យើងនិងបង្ហាញថាការឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រីពីរដ្ឋាភិបាលកម្ពុជានៅមិនទាន់គ្រប់គ្រាន់នៅឡើយ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ